លោក ស៊ុន ចាន់ថុល បង្ហាញទីតាំងវិនិយោគដ៏ល្អបំផុត១ ដល់ក្រុមហ៊ុនមហាសេដ្ឋីចិន Jack Ma

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានបង្ហាញពីសក្តានុពលនៃខេត្តកំពង់ឆ្នាំងសម្រាប់ការវិនិយោគ ទៅកាន់ក្រុមហ៊ុន  Shenzhen 4PX Express ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Alibaba Cainiao Logistics Group របស់មហាសេដ្ឋីមាឌល្អិតចិត្តធំលោក ជេក ម៉ា (Jack Ma) ។

ការបង្ហាញពីសក្តានុពលនេះ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងសហហិរញ្ញប្បទាន រវាង UNDP ជាមួយក្រុមហ៊ុន SHENZHEN 4PX EXPRESS CO., LTD លើគម្រោង “ផ្សារភ្ជាប់ប្រទេសកម្ពុជា៖ រួមគ្នាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល” នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងពិធីនោះ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង គឺជាខេត្តដែលមានទីតាំងស្ថិតនៅជិតរាជធានីភ្នំពេញ មានព្រលានយន្តហោះ ផ្លូវទឹក ផ្លូវដែក និងផ្លូវហាយវេតភ្ជាប់ពីប្រទេសថៃ ចុះមកកម្ពុជាឆ្លងកាត់ខេត្តកំពង់ឆ្នាំង និងឆ្ពោះទៅកាន់ប្រទេសវៀតណាម ដែលទាំងអស់នេះគឺជាកត្តាអំណោយផលល្អបំផុតដល់ការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុនជាតិ និងអន្តរជាតិ។

គួររំលឹកផងដែរថា កាលពីថ្ងៃពុធម្សិលមិញនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានជំរុញឱ្យក្រុមហ៊ុន Shenzhen 4PX Express ពិចារណាចាប់ដៃគូ ជាមួយសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីជំរុញវត្តមានផលិតផលខ្មែរ ដូចជាទំនិញកសិកម្ម គ្រឿងចម្លាក់ពីដៃ វត្ថុអនុស្សាវរីយ៍ ផ្លែឈើស្រស់ និងម្ហូបអាហារ នៅលើទីផ្សារអនឡាញ ជាពិសេស Alibaba ដែលជាគេហទំព័របោះដុំទំនិញធំបំផុត នៅក្នុងប្រទេសចិន និងលើពិភពលោក។

ជាការឆ្លើយតប លោក KEVIN Yue Li ស្ថាបនិកក្រុមហ៊ុន Shenzhen 4PX Express បានប្តេជ្ញាចូលរួមអភិវឌ្ឍន៍វិស័យ E-Commerce ជាមួយក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការចាប់ដៃគូ ជាមួយអង្គការ UNDP និងក្រុមហ៊ុនក្នុងស្រុក ព្រមទាំងការកសាងស្ថានីយមួយ ដែលសហគ្រាសធុនតូច និងមធ្យម អាចទម្លាក់ផលិតផលរបស់ខ្លួន ដើម្បីក្រុមហ៊ុនលក់ និងចែកចាយទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក ៕

អត្ថបទដោយ​៖ MENG SONGLY

0 មតិ

បញ្ចេញមតិ

RELATED ARTICLES