ចេង ខេង ៖គន្លឹះជោគជ័យធំៗ៣ ដែលភ្នាក់ងារអចលនទ្រព្យគួរយល់ដឹង

នៅក្នុងប្រទេសកម្ពុជាមានភ្នាក់ងារអចលនទ្រព្យប្រមាណជាង១៥០ក្រុមហ៊ុនដែលបានចុះបញ្ជីរួចរាល់ដោយពួកគេមានភ្នាក់ងារជំនាញកំពុងធ្វើការនៅទូទាំងប្រទេសផ្តោតសំខាន់លើការជួល និងការលក់អចលនទ្រព្យដូចជា៖ ខុនដូ វីឡា ផ្ទះល្វែង បុរី និងដីឡូតិ៍ជាដើម។

បើជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះយើងឃើញថាវិស័យអចលនទ្រព្យកាន់តែប្រសើរឡើង ហើយភ្នាក់ងារអចលនទ្រព្យក៏មានកំណើនយ៉ាងខ្លាំងផងដែរ ក៏ប៉ុន្តែមានភ្នាក់ងារអចលនទ្រព្យមួយចំនួនទទួលជោគជ័យ ហើយខ្លះទៀតក៏ទទួលបានបរាជ៏យ។

តាមរយៈ ឧកញ៉ា ចេង ខេង ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ​កម្ពុជា ស៊ីភីអិល (CPL) ដ៏​ធំ​ជាង​គេ​មួយ​នៅ​ប្រទេស​កម្ពុជា ហើយ​ក៏ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល របស់​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា​ បានប្រាប់ពីគន្លឹះជោគជ័យធំៗ៣ ដែលភ្នាក់ងារអចលនទ្រព្យគួរតែយល់ដឹង៖

១.គន្លឹះទី១គឺច្បាប់

ច្បាប់ជួយការពារផលប្រយោជន៍អតិថិជន និងភ្នាក់ងារអចលនទ្រព្យ ហើយការគោរពច្បាប់ និងបង់ពន្ធបានត្រឹមត្រូវជូនរដ្ឋ ដើម្បីការពារបាននូវនិរន្តភាពអាជីវកម្ម និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

ច្បាប់មានគោលដៅលើកកម្ពស់មុខមានត់ និងកិត្តិយសភ្នាក់ងារអចលនទ្រព្យ ធ្វើឲ្យមានទំនុកចិត្តពីអតិថិជន ហើយធ្វើឲ្យភ្នាក់ងារអចលនទ្រព្យមានជំនាញវិជ្ជាជីវៈ និងទទួលបានកំរៃជើងសារតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំណត់។

២.គន្លឹះទី២ គឺ៧ជំហានឲ្យភ្នាក់ងារអចលនទ្រព្យជៀសផុតពីបញ្ហា

ធ្វើឲ្យភ្នាក់ងារអចលនទ្រព្យមានសំណាង និងទទួលបានជោគជ័យ ហើយការពារភ្នាក់ងារអចលនទ្រព្យ ជៀសផុតពីការធ្វេសប្រហែស និងការបោកប្រាស់ផ្សេងៗ ពីអ្នកដទៃ។

ហើយធ្វើឲ្យអតិថិជនពេញចិត្ត មានទំនុកចិត្តមកលើភ្នាក់ងារអចលនទ្រព្យ និងកំណត់ការងារយ៉ាងជាក់លាក់សម្រាប់ភ្នាក់ងារអចលនទ្រព្យធ្វើការដោយមានទំនុកចិត្ត។

៣.គន្លឹះទី៣ គឺប្រព័ន្ធយុត្តិធម៌

ផ្តល់មធ្យោបាយឲ្យភ្នាក់ងារអចលនទ្រព្យចូលរួមធ្វើការជាក្រុម ដើម្បីសម្រេចបាននូវគោលដៅរួមដ៏អស្ចារ្យ យ៉ាងឆាប់រហ័ស ដោយមានទំនុកចិត្តនិងគ្នា សាមគ្គីគ្នាដោយគ្មានទំនាស់ ហើយកំណត់ទំនូលខុសត្រូវការងារភ្នាក់ងារអចលនទ្រព្យយ៉ាងច្បាស់លាស់។

បែងចែកអត្ថប្រយោជន៍ភ្នាក់ងារអចលនទ្រព្យយ៉ាងមានតម្លាភាពនិងឆាប់រហ័ស ហើយមានប្រព័ន្ធលើកទឹកចិត្តដោយយុត្តិធម៌ សម្រាប់ធ្វើការងាររួមគ្នា ឲ្យអស់ពីសមត្ថភាពជូនអតិថិជន ដោយភាពស្មោះត្រង់ និងមោទនភាព។

អត្ថបទ៖ ទួន កែវពិសី

0 មតិ

បញ្ចេញមតិ

RELATED ARTICLES