អ្នកមានគំនិតបច្ចេកវិទ្យាល្អៗ កុំភ្លេចដាក់ពាក្យប្រឡងយកលុយ ៥០០០ ដុល្លារពី Smart ទាំងអស់គ្នា

Smart Start រដូវកាលទី ៣ នៅក្នុងឆ្នាំ ២០១៩ នេះបានបើកការប្រកួតប្រជែងជាថ្មីរើសអ្នកមានគំនិតល្អៗផ្នែកបច្ចេកវិទ្យាចូលរួមបញ្ចេញសមត្ថភាពប្រកួតប្រជែងយករង្វាន់ ៥០០០ ដុល្លារពីក្រុមហ៊ុន Smart និងមានឱកាសឈ្នះដំណើរកម្សាន្តទៅទស្សនាក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅសិង្ហបុរីទៀតផង ។

កាលពីឆ្នាំមុននេះ Smart Start បានជ្រើសរើស ៥ ក្រុមចុងក្រោយដែលមានគំនិតអាជីវកម្មល្អបំផុតរួមមាន Somjot, Malis, Homex, TosRean និង HayStome ដែលទទួលបានប្រាក់រង្វាន់លើកទឹកចិត្តមួយក្រុម ៤០០០ ដុល្លារ និងកម្មវិធីបណ្តុះបណ្តាលរយៈពេល ៦ ខែ ក្នុងនោះក្រុមឆ្នើមដែលជាប់លេខមួយគឺ Somjot ដែលពួកគាត់ទើបទៅទស្សនាក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅសិង្ហបុរីកាលពីពេលថ្មីៗនេះ ។

វិសាល ដែលជាសហស្ថាបនិក និងអ្នកគ្រប់គ្រងផ្នែកទីផ្សាររបស់ SomJot ប្រាប់ Business Cambodia ថា កត្តាដែលជម្រុញឲ្យពួកគាត់សម្រេចចិត្តបង្កើត Somjot ដោយសារចង់ជួយការងារសង្គមខ្លះ ព្រមទាំងមើលឃើញថាដំណើរការនៃការចតឬផ្ញើយានជំនិះនៅស្រុកយើង មានចំណុចខ្វះខាតច្រើន ម៉្យាងទៀតក៏គិតថាវាជាបានចូលរួមជួយបរិស្ថានមួយផ្នែកដែរ ព្រោះថាការប្រើក្រដាសដូចសព្វថ្ងៃត្រូវការក្រដាសថ្មីៗជានិច្ច ។

គួរបញ្ជាក់ថា Smart Start គឺជាកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេងមួយដែលមាន គោលបំណងផ្តល់ឱកាសឲ្យកូនខ្មែរដែលមានទេពកោសល្យ និងសមត្ថភាព ដើម្បីអភិវឌ្ឍគំនិតច្នៃប្រឌិតអំពីវិស័យ បច្ចេកវិទ្យា និង ឌីជីថល របស់ពួកគេ ជាមួយនឹងក្រុមហ៊ុនស្មាត ។ ស្មាតស្តាត ជាកម្មវិធីតែមួយគត់ ដែលផ្តល់នូវវេទិកាសម្រាប់ សិក្សារៀនសូត្រ និងទទួលបានការជួយ បង្ហាត់បង្ហាញពីអ្នកជំនាញ និងទទួលជំនួយផ្នែកហិរញ្ញវត្ថុទៀតផង។

សម្រាប់កម្មវិធី Smart Start ឆ្នាំនេះ ទទួលពាក្យចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១៩ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES