អ្នកលក់អនឡាញដឹងតែរកលុយធូរហើយ ព្រោះ Instagram គ្រោងនឹងបញ្ចេញមុខងារមួយនេះ

Instagram ត្រូវ​បានគ្រប់គ្នា​ស្គាល់ថាជាបណ្ដាញសង្គមមួយដែលផ្ដោតទៅលើរូបភាព នៃម្ហូបអាហារ ម៉ូតខោអាវ ការរចនា និងសិល្បៈផ្សេងៗ។ ដោយសារចំនួនអ្នកប្រើប្រាស់កើនឡើង​ពីមួយថ្ងៃទៅមួយថ្ងៃ អាជីវកម្មភាគច្រើន​ចាប់ផ្ដើមមានចំណាប់អារម្មណ៍មកប្រកបរបររកស៊ី​ និង​ ផ្សព្វផ្សាយនៅលើបណ្ដាញសង្គមមួយនេះ។

កាលពីម្សិលមិញនេះ Instagram បានធ្វើការ​ដាក់ឱ្យដំណើរ​កា​រសាកល្បងនូវមុខងារ មួយដោយអនុញ្ញាត​ឱ្យអ្នកប្រើប្រាស់អាចធ្វើការ​ទិញទំនិញ​បានដោយផ្ទាល់ពី​អ្នកលក់នៅលើនោះ ដោយមិនចាំបាច់​ទាក់ទងខលសួរ ឬក៏ចូលទៅកាន់វេបសាយផ្សេងទៀតឡើយ។

អ្នកប្រើប្រាស់អាចចូលមើលឥវ៉ាន់និងទិញផ្ទាល់ៗបានដោយមិនចាំបាច់ចំណាយពេលវេលា និង​មាន​ដំណើរការក្នុងការទិញរញ៉េរញ៉ៃច្រើនដូចកាលពីមុនឡើយ។ ប៉ុន្តែសម្រាប់មុខងារថ្មីនេះ Instagram នឹង​ធ្វើការយកកម្រៃ​ខ្លះៗពីអ្នកលក់មកវិញដែរ គ្រាន់តែ​មិនទាន់បញ្ជាក់ថានឹង​យកប៉ុន្មានឱ្យច្បាស់នោះឡើយ។

សម្រាប់ការតេស្ដសាកល្បងនេះ មានតែគណនីរបស់ក្រុមហ៊ុនធំៗមួយចំនួនប៉ុណ្ណោះដែលមានបំពាក់នូវមុខងារនេះ​ តែ​នៅពេលខាង​មុខគេជឿរថា Instagram នឹង​បញ្ចេញមុខងារ​នេះសម្រាប់អ្នកលក់គ្រប់គ្នា​។

ការបញ្ចេញមុខងារ​ថ្មីនេះ ត្រូវ​បាន​អ្នកវិភាគខាង​ផ្នែកបច្ចេកវិទ្យា​ខ្លះយល់ឃើញថា Instagram បញ្ចេញមុខងារនេះដើម្បីរកចំណូលបន្ថែមឱ្យ Facebook ខណៈក្រុមហ៊ុនមួយនេះកំពុង​ជួបប្រទះ​បញ្ហាមិនចេះចប់មិនចេះហើយ ជាក់ស្ដែង​ប៉ុន្មានថ្ងៃមុននេះមានការគាំង​ទូរទាំង​ពិភពលោក។

ទាក់ទងនឹង​រឿង​ទិន្នន័យអ្នកប្រើប្រាស់វិញ Instagram នឹង​មិនធ្វើការចែករំលែកទិន្នន័យនោះទៅអ្នកលក់ឡើយ ដោយអ្នកលក់អាចដឹង​ត្រឹម​តែ​ឈ្មោះ និង​ពត៌មានចាំបាច់សម្រាប់ទំនាក់ទំនង​តែប៉ុណ្ណោះ ដើម្បីកុំឱ្យមានការរិះគន់ទាក់ទងនឹងការ​លក់ទិន្នន័យជាដើម។

អ្នកប្រើប្រាស់​អាចធ្វើការ​ប្រើប្រាស់គ្រប់​មធ្យោបាយទូរទាត់ប្រាក់លើអនឡាញដើម្បីទិញជាពិសេស​សេវាកម្មរបស់ Visa និង Mastercard ជាមួយគ្នានេះដែរ Instagram ក៏គ្រោងនឹង​អោយអ្នកលក់បញ្ចូលទំនិញពីវេបសាយ​របស់ពួកគេមកតែម្ដង។

គូសបញ្ជាក់ថា Instagram ត្រូវ​បានទិញយកដោយក្រុមហ៊ុន Facebook កាលពីឆ្នាំ ២០១២ ក្នុងតម្លៃ​១ពាន់លានដុល្លារ ដោយមានស្ថាបនិកជាអតីតបុគ្គលិករបស់ Facebook៕

អត្ថបទដោយ៖ ខុន សក្ក័ដា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES