វៀតណាមមានអ្វីពិសេស បានជាទាញក្រុមហ៊ុនយក្សល្បីៗដល់ទៅពីរសម្រេចចិត្តចូលស្រុកខ្លួន?

ចុងឆ្នាំ ២០១៨ និងដើមឆ្នាំ ២០១៩ កន្លងទៅនេះ ស្រាប់តែលេចឮព័ត៌មានធំៗពីរបន្តគ្នា ដែលវៀតណាមមានសមត្ថភាពអាចទាញក្រុមហ៊ុនបច្ចេកវិទ្យាយក្សដល់ទៅពីរ ឲ្យសម្រេចចិត្តបោះមូលដ្ឋានថ្មីនៅវៀតណាម ដើម្បីបន្តដង្ហើមក្នុងទីផ្សារតទៀត ។

១- Google

កាលពីឆ្នាំ ២០១៨ កន្លងទៅ វៀតណាមបានពង្រាងការគ្រប់គ្រងព័ត៌មាននៅលើបណ្តាញសង្គមឡើងវិញ ក្នុងនោះរដ្ឋមន្ត្រីក្រសួងព័ត៌មានវៀតណាមឲ្យដឹងថា វៀតណាមកំពុងធ្វើការស្រាវជ្រាវវិធានការដើម្បីការពារព័ត៌មានអវិជ្ជមានដែលបំពុលសង្គមពីផ្លេតហ្វមពីរគឺ Facebook និង Google ។

ទាំង Facebook និង Google បានបម្រើអ្នកប្រើប្រាស់រាប់លាននាក់នៅវៀតណាមក្នុងនាមជាផ្លេតហ្វមសំខាន់ ប៉ុន្តែមិនមានការផ្ទុកទិន្នន័យអ្នកប្រើប្រាស់នៅក្នុងស្រុកនៅឡើយ ខណៈដែលវៀតណាមបានព្រាងច្បាប់ថ្មីទាក់ទងនឹងសុវត្ថិភាពលើអ៊ីនធឺណេត (cybersecurity law) និងបានទាមទារឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗត្រូវតែមកបើកទីស្នាក់ការកណ្តាល និងកន្លែងផ្ទុកទិន្នន័យ (Data Center) នៅវៀតណាមផ្ទាល់ ជាពិសេស Google ។

ហេតុអ្វី Google ត្រូវមកវៀតណាម?

រហូតមកពេលនេះមិនដឹងថា Google បានតវ៉ាយ៉ាងណាខ្លះជាមួយរដ្ឋាភិបាលវៀតណាមទេ ប៉ុន្តែកាលពីចុងឆ្នាំ ២០១៨ វៀតណាមបានបង្ខំឲ្យ Google ត្រូវតែទុកទិន្នអ្នកប្រើប្រាស់នៅក្នុងស្រុក និងសង់ការិយាល័យនៅវៀតណាម ដោយគម្រាមថានឹងដកទីផ្សារ ៥០% ឲ្យទៅក្រុមហ៊ុនក្នុងស្រុកដើម្បីប្រកួតប្រជែងជាមួយ Google និង Facebook ។

នេះមានន័យថា Google មិនមានជម្រើសច្រើនក្រៅតែពីបង្ខំចិត្តទៅបង្កើតការិយាល័យនៅវៀតណាម និងមួយជម្រើសទៀតគឺ សុខចិត្តបាត់បង់ចំណែកទីផ្សារជិត ១០០ លាននាក់នៅវៀតណាម ។

២-​ Foxconn

ដើមឆ្នាំ ២០១៩ នេះ Foxconn ដែលជារោងចក្រដំឡើង iPhone និងគ្រឿងអេឡិចត្រូនិកធំជាងគេរបស់តៃវ៉ាន់ ផ្គត់ផ្គង់សេវាកម្មឲ្យទៅក្រុមហ៊ុនធំៗលើពិភពលោក សម្រេចចិត្តថានឹងមកសាងសង់រោងចក្រនៅវៀតណាម ។

ប្រភពពី Reuters ឲ្យដឹងថា ការប្តូររោងចក្រមកវៀតណាមនេះជាជំហានសំខាន់ដំបូង ដែលរោងចក្រដ៏ធំរបស់តៃវ៉ាន់នេះត្រូវធ្វើ ដើម្បីធានាការផលិត iPhone បន្ថែមនៅខាងក្រៅប្រទេស ព្រោះតែបញ្ហាសង្រ្គាមពាណិជ្ជកម្មរបស់មហាអំណាចអាមេរិក-ចិន ។

បើតាមរបាយការណ៍ពី Vietnam Investment Review ឲ្យដឹងថា Foxconn Group និងគណកម្មធិកានៅហាណូយកំពុងធ្វើការរួមគ្នាដើម្បីបើករោងចក្រដំឡើង iPhone នៅវៀតណាម ។

កាលពីថ្ងៃ ២២ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅ ក្រុមហ៊ុន Foxconn បានជួបចរចារជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ។ លោក Nguyen Xuan Phuc បានលើកឡើងថា ពេលនេះភាគីវៀតណាមកំពុងពិភាក្សាគ្នាទាក់ទងនឹងលទ្ធភាពដែល Foxconn អាចធ្វើបាន ។

ហេតុអ្វី Foxconn ជ្រើសរើសវៀតណាម?

រឿងដែលទាក់ទាញជាងគេគឺ ថ្លៃពលកម្មវៀតណាមនៅទាប ខណៈទឹកដីវៀតណាមមិនមានអ្វីពាក់ព័ន្ធរឿងសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន ថ្វីត្បិតកម្មកវៀតណាមមិនទាន់មានសមត្ថភាពខ្ពស់ដូចកម្មករចិន ប៉ុន្តែក៏មិនមែនមានន័យថាប្រើការមិនកើតដែរ បើធៀបជាមួយកម្ពុជា ឡាវដែលមានតម្លៃពលកម្មទាបដូចគ្នា កម្មករវៀតណាមមានសមត្ថភាពខ្ពស់ជាង ។

រឿងមួយទៀតគឺវៀតណាមបានក្លាយជាមជ្ឈមណ្ឌលរោងចក្របច្ចេកវិទ្យាថ្មីបន្ទាប់ពីចិន បើយោងតាមរបាយការណ៍ចេញដោយធនាគារអូស្ត្រាលី ANZ បញ្ជាក់ថា បច្ចុប្បន្ននេះវៀតណាមបានក្លាយជាប្រទេសនាំចេញធំផ្នែកវាយនភណ្ឌ ផលិតផលអេឡិចត្រូនិក ស្បែកជើង និងផលិតផលផ្សេងៗទៀត ជាមួយគ្នានេះក្រុមហ៊ុនស្មាតធំៗទាំង ១០ លើពិភពលោក យ៉ាងហោចណាស់ក៏មានរោងចក្រមួយនៅវៀតណាមដែរ ។

វៀតណាមអាចទាញអ្នកជំនួញចូលស្រុកខ្លួនបានដោយសារគោលនយោបាយរបស់បក្សកុម្មុយនិស្តដែលគេហៅជាភាសាវៀតណាមថា doi moi មានន័យថាជួសជុលឡើងវិញ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨៦ ដើម្បីកម្ពស់វិស័យឯកជន និងបើកដៃឲ្យក្រុមអ្នកវិនិយោគចូលមកវៀតណាម ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES