អាជីវកម្មបង្កើតថ្មីនៅស្រុកខ្មែរបង្កើតដោយបរទេស៣នេះ បង្កើតស្ងាត់ៗ តែមានគេវិនិយោគមិនចេះតិចលុយ

នៅស្រុកយើងដោយសារលក្ខខណ្ឌពិសេសជាច្រើន និង​ទីផ្សារ​នៃក្រុមហ៊ុនបច្ចេកវិទ្យា​ហាក់នៅ​ក្នុង​ដំណាក់កាលចាប់ផ្ដើមនៅឡើយនោះ គេសង្កេតឃើញមាន​អាជីវកម្មបង្កើត​ថ្មីកំពុង​តែកកើត​និង​អភិវឌ្ឍ​ មានក្រុមហ៊ុនមួយចំនួននៅទទួលបាន​ទុនវិនិយោគខ្ទង់លានៗដុល្លារ​ ស្របពេល​ជាមួយគ្នានេះផងដែរ ក៏មានជនបរទេស​ មកចាប់ផ្ដើម​អាជីវកម្មនៅស្រុកយើង ថែមទាំ​ង​អាច​មានលទ្ធភាព​ទិញក្រុមហ៊ុនក្រៅស្រុកបានទៀតផង។

ខាងក្រោមនេះជាក្រុមហ៊ុន ៣ដែលបង្កើត​ឡើង​ដោយជន​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា​ តែ​អាច​រកទុនវិនិយោគបានច្រើន ព្រមទាំង​មានមួយនោះអាច​ទិញក្រុមហ៊ុនប្រទេសឡាវ​បានទៀត។

Clik

Clik ជាអាជីវកម្មបង្កើត​ថ្មីរកស៊ីខាង​សេវាកម្ម​ទូរទាត់​សាច់​ប្រាក់តាមអ៊ីនធឺណេត​ដោយមិនយកកម្រៃពីអ្នកប្រើប្រាស់ បង្កើត​ឡើងនៅឆ្នាំ២០១៦ ដោយស្ថាបនិកបីរូបគឺ លោក Matthew Tippetts លោក Darren Jensen និង កញ្ញា Skye Cornell ក្នុងគោលបំណង​ផ្ដល់ជូនអ្នកប្រើប្រាស់​នូវ​ប្រព័ន្ធទូរទាត់​សាច់​ប្រាក់ដែលមានសុវត្ថិភាព រហ័ស​ ងាយស្រួល និង​សាមញ្ញ។

បង្កើត​បាន​តែ​ពីរឆ្នាំប៉ុណ្ណោះ អាជីវកម្មបង្កើត​ថ្មីមួយនេះ ទទួលបានទុនពី​ក្រុមហ៊ុននៅសិង្ហបុរីប្រមាណជា​២លានដុល្លា ហើយមកទល់ពេលនេះ App របស់ក្រុមហ៊ុន​នេះមិនទាន់បញ្ចេញជាផ្លូវ​ការ​នៅឡើយនោះទេ។

Agribuddy

App មួយនេះត្រូវ​បាន​បង្កើត​ឡើង​ដោយជនជាតិ​ជប៉ុនម្នាក់មានឈ្មោះថា Kengo Kitaura ក្នុងគោលបំណង​ជួយកសិករ​ខ្មែរ​ឱ្យមានទីផ្សារ​សម្រាប់ផលិត​ផល​កសិកម្មរបស់ពួកគាត់ ព្រមទាំង​ស្វែង​រកកម្ចី​ការប្រាក់ទាបដល់ពួកគាត់​ក្នុងការ​ពង្រីកអាជីវកម្ម ថែម​ទាំង​ភ្ជាប់បណ្ដាញ​នៃអ្នកទិញ អ្នកលក់ និង​ភាគីពាក់ព័ន្ធ​ទាំង​អស់​ឱ្យស្គាល់គ្នា​ដើម្បីសម្រួលក្នុងការ​ទិញដូរ​ ជំនាញបច្ចេកទេស ឬ​ក៏ចំណេះដឹង​ទាក់ទង​នឹង​កសិកម្មផ្សេងៗ ហើយក៏បង្កើត​ Ecosystem ប្រើប្រាស់ទិន្នន័យជួយកសិករផងដែរ។

គំនិត​ល្អមួយនេះ​ ត្រូវ​បាន​គម្រោង​ SADIF (Smart Axiata Digital Innovation Fund) របស់ក្រុមហ៊ុន Smart វិនិយោគ​ប្រមាណជា​២.៧លានដុល្លារ​ ដើម្បី​យកទៅពង្រីកអាជីវកម្ម​របស់ខ្លួន។

Meal Temple

ថ្មីៗនេះ ទោះឮល្បីថាក្រុមហ៊ុននៅខ្មែរមួយបានបោះជំហាន​ទិញយក​ក្រុមហ៊ុនខាង​សេវាកម្មដឹកជញ្ចូន​ម្ហូបអាហារ​នៅប្រទេសឡាវ​មកទៀតផង។

Meal Temple ត្រូវបានបង្កើត​ឡើង​តាំង​តែពីឆ្នាំ​២០១៣មកម្លេះ ដោយស្ថាបនិកលោក Maxime Rosburger ដោយសព្វថ្ងៃ​គាត់ជានាយកប្រតិបត្តិ​នៃក្រុមហ៊ុននេះ។ គូសបញ្ជាក់ថា Meal Temple ជាផ្លេត​ហ្វមសម្រាប់កុម្មង់ម្ហូបអាហារ និង​គ្រឿងផ្សំសម្រាប់ធ្វើម្ហូប៕

អត្ថបទដោយ៖ ខុន សក្ក័ដា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES