តើអ្នកមានដឹងទេ គ្រប់មេដឹកនាំល្អទាំងអស់លើពិភពលោក មិនដែលធ្វើរឿង ៣ យ៉ាងនេះឡើយ

មេដឹកនាំល្អ គឺជាបំណងប្រាថ្នារបស់មេដឹកនាំទាំងអស់នៅលើពិភពលោក ក៏ប៉ុន្តែពេលខ្លះដោយសារតែកំហុសឆ្គងមួយចំនួនបានប្រែក្លាយអោយអ្នកមិនអាចក្លាយជាមេដឹកនាំក៏ល្អបាន ។ មិនត្រឹមតែមិនអាចក្លាយជាមេដឹកនាំល្អឡើយ អ្នកបែរជាក្លាយជាមេដឹកនាំម្នាក់ដែលមើលមុខគ្នាមិនត្រង់ជាមួយថ្នាក់ក្រោម និងជាមួយបុគ្គលិកក៏មាន ។

ក្នុងពេលនេះផងដែរ Business Cambodia សូមលើកយក ៣ ចំណុចធំៗដែលមេដឹកនាំឆ្នើមលើលោកមិនដែលធ្វើបែបនេះឡើយ ។

.មិនទទួលកំហុស និងមិនហ៊ាសារភាពកំហុសដែលខ្លួនបានធ្វើ

ទោះបីជាអ្នកជាមេដឹកនាំគេ ជាថៅកែគេ ជាចៅហ្វាយនាយគេ ឬជាថ្នាក់លើគេក៏ដោយ មិនមែនមានន័យថាអ្នកនឹងមិនចេះខុសជារៀងរហូតនោះទេ។ ការសាងកំហុសមិនមែនជាបញ្ហានោះឡើយ តែការណ៍ដែលអ្នកមិនហ៊ានទទួលស្គាល់ថាខ្លួនឯងខុសនិងកែតម្រូវនោះទៅវិញទេទើបជាបញ្ហាពិតប្រាកដ ជាពិសេសវាក៏បានឆ្លុះបញ្ចាំងពីអត្តចរិតរបស់អ្នកថាជានរណាផងដែរ។ បើអ្នកមិនទទួលស្គាល់នូវកំហុសឆ្គងរបស់ខ្លួនឯង នោះនៅថ្ងៃណាមួយកូនចៅរបស់អ្នកនឹងរៀនសូត្រត្រាប់តាមគំរូរបស់អ្នកមកវិញមិនខាន។

.មិនស្តាប់ មិនខ្វល់ពីពាក្យរិះគន់អ្វីទាំងអស់

គ្រប់មេដឹកនាំទាំងឡាយណាដែលមិនស្តាប់ មិនខ្វល់ពីសម្តី ឬមតិយោបល់រិះគន់ពីបុគ្គលិក និងពីមនុស្សនៅជុំវិញខ្លួន ជាមូលហេតុធ្វើឲ្យបរិយាកាសធ្វើការងារជាមួយបុគ្គលិកប្រែជារអាក់រអួល និងប៉ះពាល់ដល់សក្ដានុពលរបស់បុគ្គលិកក្នុងការសម្រេចសមិទ្ធផលសំខាន់ៗទាំងឡាយឲ្យមានព្រំដែនកំណត់ដោយសារតែភាពជាអ្នកដឹកនាំរបស់អ្នក។ ប៉ុន្តែនេះមិនមែនមានន័យថាអ្នកត្រូវតែស្ដាប់និងធ្វើតាមមតិយោបល់របស់មនុស្សគ្រប់គ្នាទាំងអស់នោះទេ។ ក្នុងនាមជាអ្នកដឹកនាំ អ្នកចាំបាច់ត្រូវដឹងថាអ្វីខ្លះទៅដែលអ្នកអាចគ្រប់គ្រងនិងកែតម្រូវវាឲ្យល្អប្រសើរបាន ហើយអ្វីខ្លះវិញទៅដែលស្ថិតនៅហួសព្រំដែនរបស់អ្នក។

.គេចវេសពីបញ្ហា និងមិនជួយគ្នាដោះស្រាយ

មេដឹកនាំមិនត្រូវគេចវេសពីបញ្ហាដែលកំពុងកើតមានឡើង ហើយទុកអោយកូនចៅដោះស្រាយនោះឡើយ ។ ក្នុងនាមអ្នកជាមេដឹកនាំគេមិនមែនបានផលអ្នកទទួល ពេលមានបញ្ហាបាត់មុខឈឹងឡើយ ត្រូវចេះរួមសុខរួមទុក្ខ និងចូលរួមដោះស្រាយជាមួយគ្នា ។ មេដឹកនាំមួយចំនួនមិន​បាន​សិក្សា​ស្វែងយល់​ពី​បញ្ហា​លំបាក​របស់​កូនចៅ​ឡើយ ហើយ​ស្ដីបន្ទោស​នូវ​រាល់​លទ្ធផល​ដែល​មិន​បំពេញ​ចិត្ត​គាត់​ប៉ុណ្ណោះ។ តាម​វិធី​នេះ បញ្ហា​ដែល​គាត់​ចង់​ដោះស្រាយ​មិន​អាច​ជ្រះ​ស្រឡះ​និង​ទទួល​អារម្មណ៍​ល្អ​សម្រាប់​ទាំងអស់​គ្នា​នោះ​ឡើយ វា​មាន​តែ​បង្កើន​កម្រិត​របស់​បញ្ហា​ឲ្យ​រឹតតែ​ពិបាក​ជាង​មុន​ទៅ​ទៀត។

អត្ថបទដោយ នេន សុធា (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES