ស្ថាបនិកសាកលវិទ្យាល័យPPIU៖ធ្វើការកុំសន្សំកម្លាំង បើអ្នកនៅក្មេងហើយចង់ក្លាយជាសហគ្រិនមួយរូប

លោកស្រី ទេព កុលាប ជាស្ថាបនិកនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU) ជាសាកលវិទ្យាល័យស្តង់ដារអន្តរជាតិមួយនៅអាស៊ាន ដែលបាន និងកំពុងបណ្តុះបណ្តាលនិស្សិតជាច្រើននៅកម្ពុជា។ សហគ្រិនស្ត្រីដែលធ្លាប់បានសិក្សានៅប្រទេសថៃរូបនេះ បានផ្ញើរសារមួយសម្រាប់យុវជនវ័យក្មេងថា កុំសន្សំកម្លាំងឲ្យសោះនៅក្នុងកិច្ចការដែលអ្នកកំពុងធ្វើបច្ចុប្បន្ន បើអ្នកកំពុងតែស្ថិតក្នុងវ័យសិក្សា និងធ្វើការងារ ដែលនេះជាការសង់ស្ពានដ៏រឹងមាំ ដើម្បីវិវត្តន៍ខ្លួនក្លាយជាសហគ្រិនឆ្នើមម្នាក់នាពេលអនាគត។

ក្នុងសារមួយនេះ លោកស្រីសាកលវិទ្យាធិការ បានពន្យល់ថា កាលណាយុវជនវ័យក្មេងធ្វើការងារ ដែលខ្លួនកំពុងតែទទួលខុសត្រូវបានល្អ និងលើសពីការរំពឹងទុក ហើយមានការអភិវឌ្ឍន៍ខ្លួនឥតឈប់ឈរនោះ ប្រាកដណាស់ថា ពួកគេនឹងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ឈោងចាប់ឱកាសក្នុងការងារ និងអាចចាប់ផ្តើមអាជីវកម្មបាន។

អតីតបុគ្គលិកនៅក្នុងស្ថានទូតប្រទេសថៃប្រចាំនៅកម្ពុជារូបនេះ សង្កត់ធ្ងន់ថា បើចង់ក្លាយជាសហគ្រិនម្នាក់នាថ្ងៃអនាគត យុវជនត្រូវធ្វើការងារដោយក្តីស្រឡាញ់ ចេញពីបេះដូង ហើយធ្វើឲ្យអស់ពីលទ្ធភាព និងមានគោលដៅច្បាស់លាស់។ មួយវិញទៀត ត្រូវបង្កើតក្តីស្រមៃ និងគម្រោងអាជីវកម្មមួយច្បាស់លាស់ (Business Plan) ធ្វើការសិក្សាទីផ្សារ តម្រូវការ សិក្សាទីតាំង និងធនធានមនុស្ស ដែលអ្នកត្រូវរៀបចំឲ្យបានមុនបង្កើតអាជីវកម្មមួយនោះទៅទៀត។

ការត្រៀមខ្លួន ការប្រឹងប្រែងធ្វើការមិនថ្នមកម្លាំង ភាពស្មោះត្រង់ គុណធម៌ ការមិនចេះអស់សង្ឃឹម ឬបាក់ទឹកចិត្តពេលជួបបញ្ហា មានគោលដៅច្បាស់លាស់ និងបង្កើតទំនាក់ទំនងក្នុងសង្គមនេះហើយ ជាកត្តាសំខាន់បំផុតជួយឲ្យយុវជនអាចឈោងចាប់ឱកាសសម្រាប់ខ្លួនឯង​ ក៏ដូចជាអាចបង្កើតអាជីវកម្មសម្រាប់ផ្តល់ការងារឲ្យអ្នកដទៃ និងចូលរួមកសាងសង្គមជាតិតាមរយៈការវិនិយោគនៅក្នុងវិស័យនានា ដែលយុវជនអាចចាប់ផ្តើមពីរបរតូចៗទៅបាន។

លោកស្រី ទេព កុលាប ៖“បើចង់វិនិយោគលើអ្វីមួយ ត្រូវវិនិយោគលើចំណេះដឹងជាមុនសិន៕

 

អត្ថបទដោយ៖ NOUN VANNAK

0 មតិ

បញ្ចេញមតិ

RELATED ARTICLES