ផ្តោតលើមួយចំណុចនេះគត់សហគ្រិនវ័យក្មេងមួយរូប បង្កើតបានក្រុមហ៊ុនចំណូលខ្ទង់ម៉ឺន$ ពីទុន១០០$

លោក ហៅ សុវណ្ណច័ន្ទរតនា ប្រើទុន១០០ដុល្លារប៉ុណ្ណោះ មកអាជីវកម្មមួយ លក់តាមអនឡាញ ពេលកំពុងតែរៀនថ្នាក់ទី១០នៅវិទ្យាល័យមួយនៅកណ្តាលទីក្រុងភ្នំពេញ។ ស្ថាបនិក CamToy Group រូបនេះ បង្ហើបថា រូបមន្តមួយគត់ដែលធ្វើឲ្យអាជីវកម្មរបស់គាត់រីកចម្រើនដល់សព្វថ្ងៃ គឺផ្តោតទៅលើគុណភាពជាងផ្តោតលើតម្លៃ។

មានន័យថា រាល់ទំនិញដែលលក់ក្នុងយីហោនេះគឺត្រូវតែយកគុណភាពជាធំ រីឯតម្លៃជួនកាលខ្ពស់ ឬប្រហាក់ប្រហែលនឹងយីហោផ្សេងដែរ។ ម្លោះហើយទើបក្រុមហ៊ុនរបស់សហគ្រិនវ័យជាង២០ឆ្នាំរូបនេះ អាចក្រសោបបានអតិថិជនដែលជាក្រុមហ៊ុនធំៗ និងមានគម្រោងធ្វើជាបន្តបន្ទាប់ ស្របពេលការលក់នៅក្នុងហាងក៏កំពុងតែកាក់កប។

រតនា បានប្រាប់ Business Cambodia បន្ថែមថា ២ឆ្នាំទៀតក្រុមហ៊ុននេះ ដើម្បីបានទាំងគុណភាព និងតម្លៃសមរម្យ សម្រាប់អតិថិជនទៅទៀតនោះ ក្រុមហ៊ុនបានគ្រោងផលិតទាំងស្រុងនូវផលិតផលដែលខ្លួនកំពុងលក់នៅក្នុងស្រុកតែម្តង ស្របពេលដែលតម្រូវការចេះតែកើន ហើយជំនាញផលិត និងគំនិតច្នៃប្រឌិតក៏មានរួចជាស្រេចទៅហើយ រង់ចាំតែមធ្យោបាយប៉ុណ្ណោះ ខណៈពេលនេះមានផលិតផលពាក់កណ្តាលហើយ ដែលកំពុងធ្វើនៅក្នុងស្រុក និងបាននាំចេញទៅក្រៅស្រុកទៀតផង។

សហគ្រិនវ័យក្មេងរូបនេះ សង្កត់ធ្ងន់ថា នៅក្នុងការរកស៊ីត្រូវតែប្រឹងរកផលិតផលដែលមានគុណភាពខ្ពស់ឲ្យអស់ពីលទ្ធភាពសម្រាប់ផ្តល់ជូនអតិថិជន មានន័យថា ម្ចាស់អាជីវកម្មត្រូវរត់តាមផលិតផលដើម្បីយកមកលក់ឲ្យអតិថិជន មិនមែនរត់តាមលុយរបស់អតិថិជននោះឡើយ តែធ្វើឲ្យអតិថិជនពេញចិត្តមុននឹងគាត់ចំណាយលុយមកលើផលិតផលរបស់យើង៕

លោកអ្នកអាចទាក់ទងក្រុមហ៊ុន CamToy Group របស់លោក រតនាបានតាមលេខទូរស័ព្ទ 067 511 612 / 085 555 641 ឬតាមFacebook: CamToy Group

 

 

អត្ថបទដោយ ៖NOUN VANNAK, FRANCHISE EDITOR

Facebook: NOUN VANNAK

0 មតិ

បញ្ចេញមតិ

RELATED ARTICLES