កិច្ចព្រមព្រៀង១នេះ នឹងធ្វើឱ្យផលិតផលកម្ពុជាមានគេស្គាល់តាមរយៈក្រុមហ៊ុន អាលីបាបា​

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងសហហិរញ្ញប្បទាន រវាង UNDP ជាមួយក្រុមហ៊ុន SHENZHEN 4PX EXPRESS CO., LTD លើគម្រោង “ផ្សារភ្ជាប់ប្រទេសកម្ពុជា៖ រួមគ្នាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល” នឹងធ្វើឱ្យផលិតផលរបស់សហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងតំបន់ មានឱកាសបង្ហាញខ្លួនតាមរយៈវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសកលរបស់ក្រុមហ៊ុន អាលីបាបា ដោយសហការជាមួយក្រុមហ៊ុន 4PX Epress។

ពិធីចុះហត្ថលេខាខាងលើនេះ ធ្វើឡើងនាថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែល ដែលមានការចូលរួមពីលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកជំទាវ ឯកអគ្គរាជទូតបារាំងប្រចាំកម្ពុជា លោកនាយកប្រតិបត្តិក្រុមហ៊ុន Shenzhen 4PX Express Co., LTD តំណាងអង្គការ UNDP ប្រចាំកម្ពុជា លោកនាយកប្រតិបត្តិនិងជាស្ថាបនិកក្រុមហ៊ុន ShopRunBack លោកឧកញ៉ាប្រធានក្រុមហ៊ុន World Bridge Group មន្ត្រីជាន់ខ្ពស់ក្រសួងនិងភាគីពាក់ព័ន្ធជាច្រើនទៀត។

ថ្លែងនៅក្នុងពិធីនោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមប្រឹក្សាជាតិភស្តុភារកម្ម នឹងជួយសម្របសម្រួលដល់លំហូរការងារដឹកជញ្ជូនទំនិញ និងសេវារបស់ក្រុមហ៊ុនទាំងនោះឱ្យកាន់តែប្រសើរឡើង ដើម្បីឱ្យពួកគេមានសក្ដានុពលក្នុងការពង្រីកវិសាលភាពរបស់ខ្លួនទាំងក្នុងតំបន់ និងពិភពលោក ដោយរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្បូរបែប និងតភ្ចាប់គ្រប់ច្រកល្ហក ព្រមទាំងមានមណ្ឌល ឬឃ្លាំងស្តុកទំនិញតាមស្តង់ដាអន្តរជាតិ និងការសម្រួលដល់នីតិវិធីឯកសាររដ្ឋបាលផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុនទាំងនោះ ឱ្យពិចារណាលើការដូរឈ្មោះវេទិកា (Platform) ពី “V Buy” ទៅជា “V Buy and Sell” ព្រោះថាកម្ពុជាអាចទិញផលិតផលពីប្រទេសផ្សេងៗ ហើយកម្ពុជាក៏អាចលក់ផលិតផលរបស់ខ្លួនទៅពិភពលោកបានដែរតាមរយៈវេទិកាពាណិជ្ជកម្មតាមអេឡិចត្រូនិកនេះ ៕

អត្ថបទដោយ៖ សុងលី

0 មតិ

បញ្ចេញមតិ

RELATED ARTICLES