យីហោក្នុងស្រុកគួររៀនក្បួនសឹកហ្រ្វេនឆាយរបស់Indomart និងJollibeeបើមិនចង់ក្លាយជាយីហោរាយរង

ការប្រកួតប្រជែងគ្នាជារឿងធម្មតាទៅហើយនៅក្នុងការរកស៊ី ប៉ុន្តែការក្តាប់ឱកាសក្លាយជាអ្នកខ្លាំងជាងគេ គឺជារឿងចំបាច់ដែលរកស៊ីគ្រប់រូបតែងប្រឹងប្រែង ប្រជែងដណ្តើម ឬការពារយ៉ាងម៉ឺងមាត់ ដើម្បីអនាគតអាជីវកម្មរបស់ខ្លួន។ ម្លោះហើយទើបមានយីហោខ្លាំង និងយីហោដែលខ្សោយជាង តើពិតជាអាចទៅរួចទេ ដែលយីហោខ្សោយអាចបំបាក់យីហោខ្លាំងបាន នៅតំបន់មួយដែលអ្នកខ្សោយមានប្រៀបជាង? នេះគឺជាប្រធានបទមួយដែលលោកអ្នកត្រូវសិក្សាជាមួយ Business Cambodia នៅក្នុងអត្ថបទមួយនេះ។

និយាយពី Indomart យីហោខ្លាំងមួយនេះជាយីហោក្នុងស្រុករបស់ឥណ្ឌូនេស៊ី ដែលបានបង្ហាញមាឌសម្បើមនៅចំពោះមុខ 7-ELEVEN ធ្វើឲ្យយីហោខ្លាំងនៅថៃ និងហ្វីលីពីនមួយនេះ ក្រិនលូតមិនរួច ហើយថែមទាំងបិទទ្វារបន្តបន្ទាប់ទៀតផង។ យីហោក្នុងស្រុកខ្លាំងជាងមិនមែនចៃដន្យទេ គឺមកពីយីហោនេះបើកមុនយូរឆ្នាំ ពង្រីកលឿន ហើយថែមទាំងក្រសោបយកបេះដូងអ្នកប្រើប្រាស់ជាងពាក់កណ្តាលប្រទេសរួចទៅហើយ។

រឿងអីដែលយីហោថ្មីអាចដេញទាន់នោះ ទីមួយបើកបានតិចជាងគេ ទីពីរប្រជាជនទីនោះនិយមយីហោក្នុងស្រុកជាង ព្រោះអីគេមានយីហោល្បីក្នុងស្រុកច្រើនហើយ ដូចជា អាល់ហ្វាម៉ាតជាដើម នេះជាហេតុដែលយីហោក្នុងស្រុកមានប្រៀបជាងដាច់ហៅលែងលឺ។ មិនត្រឹមតែប៉ុណ្ណោះ យីហោក្នុងស្រុកមានមួយចប់ទាំងម្ហូប និងទំនិញរាយ គ្រឿងគ្រៅសព្វមុខហើយ អីចឹងទេពេលដើរចូលហាងទាំងនេះ ដូចដើរចូលផ្សារអីចឹង មិនបាច់ចូលម៉ាតក៏បានដែរ។

ងាកមកនិយាយពី Jollibee វិញ យីហោមួយនេះក៏មិនណយដែរ មានទៅតូចអីបើកបានខ្ទង់ពាន់សាខាដែរហ្នឹង ខណៈយីហោក្រៅស្រុកដែលគូប្រជែងទើបតែចូលទីផ្សារបើកមិនបាន១០០សាខាផង។ លើសពីនេះទៅទៀតយីហោក្រៅស្រុកជាហ្រ្វេនឆាយដែល ឬកធំ យករសជាតិ និងទម្រង់របស់ខ្លួនជាធំ ដែលមានរសជាតិប្រៃ តែប្រជាជនហ្វីលីពីនចូលចិត្តផ្អែម រឿងអីឈ្នះយីហោក្នុងស្រុកដែលយកចិត្តទុកដាក់អតិថិជនដូចចុងភៅនៅផ្ទះបាយដែលធ្វើអាហារដោយយកចិត្តទុកដាក់បំផុតនោះ។

ទីបំផុតទៅ បើទោះបី Mcdonald’s ព្យាយាមកែកុន ធ្វើតាម Jollibee ក៏ដោយ ក៏បានត្រឹមជាតួរងក្នុងចិត្តភ្ញៀវប៉ុណ្ណោះ ព្រោះយីហោតួឯករបស់មហាសេដ្ឋីហ្វីលីពីនជាយីហោលេខមួយក្នុងចិត្តអតិថិជនរួចទៅហើយ។ ហើយលើសពីនេះទៀត មេយីហោនេះជាសហគ្រិនពូកែក្នុងការបង្កើតហ្រ្វេនឆាយផង ពង្រីកលឿន លក់ដាច់ បើកបានច្រើន លទ្ធផលមានទៅអន់អី យីហោលេខមួយលើពិភពលោកដែលហោះមកពីអាមេរិក ក៏ស៊ូមិនរួចដែរ៕

 

អត្ថបទដោយ៖ Noun Vannak , Franchise Editor

0 មតិ

បញ្ចេញមតិ

RELATED ARTICLES