បិតាវិនិយោគ Warran Buffett៖ ចង់ក្លាយជាអ្នកមាន ត្រូវស្វែងរកមិត្តដែលជជែកអំពីជំនួញ

នៅក្នុងការប្រាស័យទាក់ទងជាមួយនរណាម្នាក់ យើងគ្រប់គ្នាប្រាកដជាជួបជាមួយមនុស្សពីរប្រភេទ ហើយមនុស្សទាំងពីរប្រភេទនោះ សុទ្ធតែអាចធ្វើឱ្យជីវិតរបស់យើងផ្លាស់ប្តូរ ប្រសិនជាយើងនៅជាមួយពួកគេកាន់តែយូរ។ ការផ្លាស់ប្តូរក៏មានពីរប្រភេទដូចគ្នា ដោយមិត្តខ្លះអាចធ្វើឱ្យជីវិតយើងផ្លាស់ប្តូរពីអាក្រក់មកជាល្អ និងមិត្តមួយចំនួនទៀត ធ្វើឱ្យជីវិតយើងកាន់តែវេទនាទ្វេដង។

លោកមហាសេដ្ឋី Warran Buffett ដែលគេឱ្យរហស្សនាមថា ជាបិតាអ្នកវិនិយោគសញ្ជាត្តិអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា “ប្រសិនជាបុគ្គលណាម្នាក់ចង់ក្លាយខ្លួនជាអ្នកមាន ឬចង់ទទួលបានជោគជ័យអ្វីមួយនៅក្នុងជីវិត ពួកគេត្រូវផ្លាស់ប្តូរមិត្តដែលពូកែជជែកតែពីរឿងឡានទំនើបៗ ហើយងាកទៅស្វែងរកមិត្តដែលជជែកអំពីជំនួញវិញ”។

មហាសេដ្ឋីមានទ្រពជាង ៨៤ពាន់លានដុល្លាររូបនេះ បានពន្យល់ទៀតថា ប្រសិនជាមនុស្សនៅជុំវិញខ្លួនអ្នកសុទ្ធតែជាមនុស្សចូលចិត្តហ៊ឺហា និយាយតែអំពីរថយន្តទំនើបៗ អ្នកនឹងចាប់ផ្តើមចូលចិត្តរថយន្តទំនើបៗដូចជាពួកគេដោយស្វ័យប្រវត្តិ ហើយប្រាកដជាចង់លក់រថយន្តសេរីចាស់របស់អ្នក ដើម្បីយកលុយទៅទិញរថយន្តសេរីថ្មីដូចជាពួកគេមិនខាន។

មួយវិញទៀត ប្រសិនបើមិត្តភក្តិរបស់អ្នកចូលចិត្តនិយាយអំពីអចលនទ្រព្យជានិច្ច អ្នកនឹងមានទំនោរក្នុងការយកវាធ្វើជាអាជីវកម្មថ្មីសម្រាប់លក់ ទិញដី និងទ្រព្យសម្បត្តិ ជាដើម។ ត្រូវចង់ចាំថា មនុស្សគ្រប់គ្នាសុទ្ធតែចង់បានការសប្បាយ ដូច្នេះប្រសិនជាអ្នកនៅជាមួយមនុស្សឥតប្រយោជន៍កាន់តែច្រើន អ្នកនឹងធ្លាក់ចូលទៅក្នុងភាពហ៊ឺហាជាមួយពួកគេ ដកខ្លួនមិនរួចឡើយ។

ទំនាក់ទំនងផ្ទាល់ខ្លួនមានសារៈសំខាន់ណាស់។ លោក Bill Gates ធ្លាប់បានសរសេរនៅក្នុងប្លុករបស់គាត់មួយ អំពីរបៀបដែលលោក Warren Buffett ជួយគាត់ឱ្យកំណត់ភាពជោគជ័យតាមរយៈភាពខ្លាំងនៃទំនាក់ទំនងផ្ទាល់ខ្លួនរបស់គាត់។ ទាំងពីរនាក់នេះ បានក្លាយជាមិត្តភក្តិអស់ជាច្រើនទសវត្សរ៍មកហើយ។ ការជួបគ្នារបស់ពួកគាត់ទាំងពីរតែងតែជជែកគ្នាអំពីជំនួញ និងផ្លូវដំណើរទៅរកភាពជោគជ័យជានិច្ច ៕

អត្ថបទដោយ៖ សុងលី

0 មតិ

បញ្ចេញមតិ

RELATED ARTICLES