Circle K ធ្វើរឿងនេះមុនគេ ស្របពេល7-ELEVENប្រកាសត្រៀមខ្លួនចូលទីផ្សារស្រុកខ្មែរ

Circle K ជាម៉ាតលក់រាយផ្តោតលើអាហាររបស់អាមេរិក ដែលបានបោះទីតាំងនៅកម្ពុជា ប៉ុន្តែស្ថិតក្រោមការវិនិយោគដោយក្រុមហ៊ុនផ្ទាល់ ដោយមិនទាន់ចែកចាយសិទ្ធបន្តនៅឡើយទេ បើគិតត្រឹមដើមឆ្នាំ២០១៩នេះ ខណៈតំណាងក្រុមហ៊ុនមួយនេះបានប្រាប់អ្នកព័ត៌មានក្នុងស្រុកថា ក្រុមហ៊ុននឹងបន្តពង្រីកឲ្យបាន៤០សាខានៅកម្ពុជាឲ្យបានលឿនជាទីបំផុត។

និយាយពីការចូលទីផ្សារស្រុកខ្មែរវិញ យីហោហ្រ្វេនឆាយបើកហាង២៤ម៉ោងមួយនេះ បានចាត់ចែងបោះទីតាំងនៅក្បែរៗសាលារៀនធំៗ និងសាកលវិទ្យាល័យល្បីៗនៅភ្នំពេញតែម្តង ខណៈហ្រ្វេនឆាយជាច្រើននៅតម្រង់ជួរគ្នានៅទីនោះ លើកលែងតែម៉ាតទំនិញទេ ដែលមានតែ Circle K នេះឯង ដែលបានសុំចតបានមុនគេ និងលើកស្លាកបានមុនគេបង្អស់។

មិនចម្លែកទេ ដែលយីហោអ្នកមានមួយនេះ បានសម្រេចចិត្តដ៏ត្រឹមត្រូវមួយនេះ ពីព្រោះតែភ្ញៀវរបស់យីហោមួយនេះភាគច្រើនជាយុវវ័យ  ការនេះបានជួយឲ្យយីហោពណ៍ក្រហមមួយនេះ ក្រសោបបានអតិថិជនច្រើនជាសិស្ស និងចូលចិត្តអង្គុយស្រាវជ្រាវនៅកន្លែងញាំអាហារ ឬធ្វើកិច្ចការសាលាបន្ទាប់ពីម៉ោងសិក្សាក្នុងថ្នាក់។

តាមគេសង្កេតមើល២០លាន$របស់ Circle K ទំនងជាវិនិយោគដ៏រឹងមាំសម្បើមណាស់ ពីព្រោះតែមិនទាន់មានម៉ាតល្បីណាមួយរើសទីតាំងត្រូវ និងសក្តានុពលច្រើននៅក្នុងស្រុកដូចយីហោមួយនេះនៅឡើយ កត្តាមួយនេះបាននាំឲ្យយីហោអាមេរិកមួយនេះមានសង្ឃឹមច្រើននៅទីផ្សារកម្ពុជា ស្របពេលដែល CP ALL ប្រកាសថាខ្លួនត្រៀមជើងព្រួលរួចហើយក្នុងការនាំ 7-ELEVENចូលទីផ្សារកម្ពុជា។

ថ្វីដ្បិតថា 7-ELEVEN​ នៅថៃ ជាម៉ាតទំនិញលក់រ៉ាយគ្រប់មុខតែយីហោមួយនេះ បានផ្តោតលើការផ្សព្វផ្សាយនៅក្នុងសាលាលើសយីហោណាៗទាំងអស់ ដែលធ្វើឲ្យមានអ្នកយល់ច្រលំថា ម៉ាតទំនិញយីហោកំពូលមួយនេះជាការបង្កើតឡើងដោយសហគ្រិនថៃទៅហើយ តែតាមពិតមកពីយីហោនេះយកបានបេះដូងប្រជាជនថៃមួយចំនួនធំប៉ុណ្ណោះ។

តែយ៉ាងក្តីយើងនៅរង់ចាំមើលថា ប្រសិនបើ7-ELEVEN ចូលស្រុកខ្មែរពិតមែន តើអ្វីជាគោលដៅដំបូងរបស់យីហោមួយនេះ? តើយីហោមកមុន Circle K នឹងធ្វើអ្វីបន្តទៀត ក្នុងការពង្រីកខ្លួននៅទីផ្សារកម្ពុជា? Business Cambodia នឹងបន្តតាមដានជាមួយលោកអ្នក អំពីដំណើរការនៃអាជីវកម្មហ្រ្វេនឆាយទាំងនេះ ដែលបានកែប្រែនិន្នាការលក់រាយយ៉ាងធំនៅកម្ពុជា៕

 

អត្ថបទដោយ៖ Noun Vannak

0 មតិ

បញ្ចេញមតិ

RELATED ARTICLES