ហុង សុភារ៉ា ERA ៖ រឿងសំខាន់ៗ ៣ យ៉ាង ដែលអ្នកលក់គួររៀនសូត្របំផុត ដើម្បីក្លាយខ្លួនជាអ្នកលក់ឆ្នើមម្នាក់

“គ្មានជំនាញមួយណា ដែលរកចំណូលបានច្រើនជាងជំនាញលក់នោះទេ ពោលគឺជំនាញលក់គឺជាជំនាញចំណូលខ្ពស់មួយ តែក្នុងនាមជាអ្នកលក់យើងត្រូវមានយុទ្ធសាស្រ្ត និងទេពកោសល្យ ទើបមានឱកាសទាញចំណូលទាំងនោះមកបាន”នេះជាការលើកឡើងរបស់លោក ហុង សុភារ៉ា អ្នកលក់ជួរមុខមួយរូប និងជាប្រធានក្រុម Champion នៃសមាជិកលក់របស់ក្រុមហ៊ុនអចលនទ្រព្យ ERA Real Estate។

ក្នុងបទសម្ភាសន៍មួយជាមួយក្រុមការងារចាបក្រហម លោក ហុង សុភារ៉ា បានបង្ហើបនូវគោលគំនិតចំនួន ៣ ដែលជាបទពិសោធន៍ជាក់ស្តែងមួយ នៅក្នុងការប្រឡូកក្នុងការលក់ ដែលអាចជួយអោយអ្នកលក់នៅកម្ពុជាអោយកាន់តែពូកែជាងមុនបាន។

១.រៀនពីបរាជ័យ

លោក ហុង សុភារ៉ា បានបង្ហាញថាដើម្បីក្លាយជាអ្នកលក់ពូកែម្នាក់ ត្រូវតែហ៊ានទទួលបរាជ័យ និងរៀនសូត្រពីមូលហេតុនៃការបរាជ័យរបស់យើងអោយបានច្រើន។ លោកបាននិយាយថា កាលពីខ្ញុំចេញលក់ដំបូងខ្ញុំត្រូវបានគេបដិសេធចំនួន ៩ លើក ធ្វើអោយការលក់លើកដំបូងរបស់ខ្ញុំំបរាជ័យរហូតដល់ ៩ ដង ពោលគឺភ្ញៀវភាគច្រើនមិនសូវស្គាល់ និងគ្មានបទពិសោធន៍លក់។ បរាជ័យទាំង ៩ លើក វាបានធ្វើអោយខ្ញុំរកឃើញនៅវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហាភ្ញៀវ ដោះស្រាយលេសភ្ញៀវ ជាដើម ដែលធ្វើអោយការលក់កាន់តែរីកចម្រើន។

២.រៀនពី A ដល់ Z

រៀនពី A ដល់ Z ជាបទពិសោធន៍មួយដែលរូបលោក ហុង សុភារ៉ា ធ្លាប់អនុវត្តន៍ទទួលបានជោគជ័យនៅក្នុងអាជីពលក់របស់ខ្លួន​។ លោក ហុង សុភារ៉ា បានបង្ហាញថា អ្នកលក់ដែលពូកែម្នាក់ត្រូវតែច្បាស់ពីដើមដល់ចប់អំពីរដំណើរដើមទងនៅក្នុងការលក់អោយបានច្បាស់បំផុត ពោលគឺកាន់តែច្រើនកាន់តែល្អប្រពៃ។ បើនិយាយពីការលក់អចលនទ្រព្យវិញអ្នកលក់ត្រូវតែច្បាស់ពីពត៌មាន ជុំវិញគម្រោងដែលយើងលក់ សូម្បីតែប្រវត្តិសាវតារបស់ម្ចាស់គម្រោងក៏អ្នកលក់ត្រូវតែដឹងដែរ ព្រោះវាជាអាទិភាពមួយដែលជួយអោយភ្ញៀវកាន់តែមានទំនុកចិត្តខ្ពស់លើ ភាពច្បាស់លាស់របស់អ្នកលក់។

៣.ស្វែងរកស្ថាប័នមួយដ៏រឹងមាំ

ដើម្បីក្លាយជាអ្នកលក់ឆ្នើមមួយរូប អ្នកលក់មិនអាចឈរនៅតែឯងបានទេ ត្រូវតែមានបង្អែកមួយដ៍រឹងមាំមួយនៅក្នុងកាប្រកបអាជីពលក់ទទួលបានជោគជ័យ។ អ្នកលក់ត្រូវចេះជ្រើសរើសស្ថាប័នមួយអោយបានត្រឹមត្រូវបំផុត នៅក្នុងនោះអាចជាក្រុមហ៊ុនដែលមានធនធានមនុស្សច្រើន មានបទពិសោធន៍ច្រើនឆ្នាំ ឬជាក្រុមហ៊ុនដែលមានមេដឹកនាំល្អជាដើម ដែលអ្នកលក់អាចអភិវឌ្ឍន៍ខ្លួនបានល្អប្រសើរនៅពេល ដែលរូបលោកជ្រើសរើសស្ថាប័នការងារបានត្រឹមត្រូវ។ លោក ហុង សុភារ៉ា បានសង្កត់ធ្ងន់ថា​ ខ្ញុំសម្រេចជ្រើសរើសយក ERA ជាដៃគូរអាជីវកម្មរបស់ខ្ញុំ ដែលខ្ញុំមានឱកាសរៀនសូត្រច្រើនពី CEO និងមានឱកាសក្នុងការបង្កើតក្រុមហ៊ុនដោយខ្លួនឯងផងដែរ ហើយបើមានអ្នកចង់ដឹងពីការបង្កើតក្រុមហ៊ុនអាចចូលរួមជាមួយ ERA បាន ។

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES