អគ្គនាយកថេនសៃយូឈិ៖ ទិកនិកមួយ ដែលធ្វើអោយអតិថិជនចំណាយលុយលឿនមុន មិនសូវជំពាក់យូរ

ចំណាយយឺតយ៉ាវ ឬក៏ជំពាក់យូរ វាជាកង្វល់មួយរបស់អ្នករកស៊ីគ្រប់រូប ហើយវាក៏ជាចំណុចខ្សោយមួយ ដែលធ្វើអោយអាជីវកម្មមួយចំនួនធំស្លាប់ខ្លួនដោយសារតែបញ្ហាភ្ញៀវជំពាក់លុយយូរពេកនេះឯង។

លោក ទួន ប៉ូលី អគ្គនាយកថេនសៃយូឈិ បានចែករំលែកគំនិតរកស៊ីមួយចំនួនតាមរយៈ Business Cambodia អំពីរវិធីសាស្រ្តមួយចំនួន ដែលលោកគិតថាវាជាវិធីសាស្រ្តមួយ ដែលអ្នកលក់គ្រប់គ្នាគួរតែគិតអោយបានច្រើនអំពីរបញ្ហាភ្ញៀវចំណាយយឺត ព្រោះវាជាអាយុជីវិតក្រុមហ៊ុន។

លោកទួន ប៉ូលីបានលើកឡើងថា ការពិតទៅការចំណាយយឺតយ៉ាវ ជាជារឿងមួយស្មុគស្មាញ ដែលអ្នកលក់គ្រប់គ្នាកំពុងតែឈឺក្បាលជាមួយនឹងជម្ងឺមួយនេះ។ ផលិតផល មាន ៣ ចំណែកធំៗ គឺផលិតផលលក់ដាច់ខ្លាំង, ផលិតផលលក់ដាច់មធ្យម, និងលក់ដាច់តិចតួច ហើយអ្នកលក់គ្រប់ត្រូវតែដឹងថា ផលិតផលរបស់ខ្លួនស្ថិតនៅក្នងជំពូកមួយណាជាមុនសិន បើលក់ដាច់ខ្លាំងគេស្រួលចំណាយទេ តែបើលក់ដាច់តិចតួចអាហ្និងពិបាកបន្តិចហើយ។

បង្កើតជម្រើសផ្តល់ប្រយោជន៍អោយភ្ញៀវ……..

លោក ប៉ូលី សង្កត់ធ្ងន់ថាបើចង់អោយភ្ញៀវចំណាយលុយមុនមកលើអាជីវកម្មរបស់យើង យើងត្រូវតែចេះបង្កើតជម្រើសមួយដែលមានប្រយោជន៍អោយអតិថិជន នៅពេលដែលគាត់អោយលុយភា្លម តើគាត់ទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីយើង ហើយបើគាត់ជំពាក់តើគាត់ខាតផលប្រយោជន៍អ្វីខ្លះពីយើង។ លោកបានលើកឧទាហរណ៍ថា បើគាត់ទិញតែបៃតងមួយកេស អោយលុយភ្លាមតម្លៃ ៦ ដុល្លារ តែបើគាត់ជំពាក់សិនគឺតម្លៃ ៦.៥ ដុល្លារជាដើម ដែលយើងអាចធ្វើអោយគាត់មានទម្ងន់ក្នុងការសម្រេចចិត្តថាគួរទិញអោយលុយមុន ឬក៏ទិញជំពាក់ បើអោយលុយមុនគឺតម្លៃពិសេសមួយថោកជាងតម្លៃជំពាក់។ យើងត្រូវអោយសិទ្ធពិសេសបំផុតណាមួយ ដើម្បីលើកទឹកចិត្តគាត់ក្នុងការចំណាយលុយមុន ដូចជាតម្លៃពិសេសជាងគេ ថែមជូនសេវាដឹកជញ្ចូនជាដើម។ល។

លោកសង្កត់ធ្ងន់ថា ការគ្រប់គ្រងចំណូលជារឿងសំខាន់ណាស់ តែក៏មិនត្រូវភ្លេចរឿងធ្វើទីផ្សារនោះទេ ព្រោះបើគេលក់បន្តមិនដាច់ទេ ក៏គេគ្មានលុយចំណាយមកអោយយើងមុនដែរ ដូចនេះម្ចាស់ក្រុមហ៊ុនក៏គួរតែពង្រឹងយុទ្ធសាស្រ្តទីផ្សារ ធ្វើអោយផលិតផលរបស់យើងមានកេរ្ត៍ឈ្មោះល្បីល្បាញ មានអ្នកប្រើប្រាស់ស្គាល់ច្រើន។ កាលណាបើផលិតផលយើងក្លាយជាផលិតផលមានទីផ្សារ ការចំណាយវាលែងចោទជាបញ្ហាតទៅទៀតហើយ៕

អត្ថបទដោយ៖ នេ​ន សុធី (Sale Editor of Business Cambodia)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES