មេ Softbank៖ ពេលJack Ma មកសុំលុយខ្ញុំ អត់មានផែនការអាជីវកម្ម គ្មានទាំងប្រាក់ចំណេញ

មហាសេដ្ឋីពាន់លានដុល្លារអាមេរិកឈរចំណាត់ថ្នាក់លេខ១របស់ប្រទេសជប៉ុន លោក Masayoshi Son ដែលជាស្ថាបនិកក្រុមហ៊ុន Softbank និងជាបុគ្គលដ៏មានសក្តានុពលមួយរូប ត្រូវបានគេស្គាល់ថាជាបិតាវិនិយោគលើបច្ចេកវិទ្យា ធ្លាប់បានមានប្រសាសន៍ថា៖ កាលពី Jack Ma មកសុំឲ្យគាត់បោះទុនវិនិយោគជាមួយ Alibaba បុរសមាឌល្អិតរូបនេះ គ្មានទាំងផែនការអាជីវកម្មក្នុងដៃ ហើយក្រុមហ៊ុនក៏រកស៊ីមិនទាន់មានប្រាក់ចំណេញទៀត។ ចុះហេតុអ្វីបានជាគាត់ព្រមផ្តល់លុយវិនិយោគប្រមាណ ២០លានដុល្លារអាមេរិក ទៅឲ្យ Jack Ma ជម្រុញឲ្យ Alibaba មានថ្ងៃនេះ ក្លាយជាក្រុមហ៊ុនដែលមានតម្លៃដល់ទៅជិត៥០០ពាន់លានដុល្លារអាមេរិក។

មហាសេដ្ឋី Masayoshi Son បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយ Bloomberg ថា៖ នៅពេលដែល Jack Ma មកសុំលុយវិនិយោគពីគាត់ ដើម្បីដំណើរការ Alibaba ឲ្យកាន់តែមានប្រសិទ្ធិភាពជាងមុន Jack Ma បែរជាមកជួបគាត់ទាំងគ្មានផែនការអាជីវកម្មច្បាស់លាស់ក្នុងដៃមួយសោះ ជាមួយគ្នាក្រុមហ៊ុន Alibaba របស់ Jack Ma នៅពេលនោះមានបុគ្គលិកបម្រើការងារប្រមាណតែជាង៣០នាក់ប៉ុណ្ណោះ។

លោកបន្តទៀតថា៖ អ្វីដែលលោកនឹកស្មានមិនដល់ថែមទៀតនោះ គឺក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនផ្តោតលើបច្ចេកវិទ្យាទិញលក់ទំនិញអនឡាញដ៏តូចមួយនេះ មិនមានប្រាក់ចំណូលទៀតទាត់សោះ និងតិចតួចបំផុត។

តែទោះជាគ្មានផែនការអាជីវកម្មច្បាស់លាស់ ក្រុមហ៊ុនគ្មានប្រាក់ចំណូល និងគ្មានក្រុមការងារខ្លាំងក៏ដោយ លោកនៅតែយល់ព្រមបោះទុនវិនិយោគជាមួយ Jack Ma ដែលផ្តល់ឱកាសឲ្យ Jack Ma រកឃើញភាពជោគជ័យដ៏មហិមាដូចពេលបច្ចុប្បន្ននេះ។

មហាសេដ្ឋីរូបនេះ បានពន្យល់ពីមូលហេតុដែលលោកសម្រេចចិត្តបោះទុនវិនិយោគជាមួយ Jack Ma យ៉ាងដូចនេះថា៖ កត្តាដែលរុញច្រានចិត្តលោកឲ្យព្រមដកលុយដាក់ទុនជាមួយ Jack Ma គឺដោយសារតែលោកមើលឃើញថា Jack Ma ជាមនុស្សដែលមានភាពជាសហគ្រិនខ្ពស់ និងភាពជាអ្នកដឹកនាំដ៏ខ្លាំងពូកែម្នាក់ ដែលអាចអូសទាញមនុស្សឲ្យចូលធ្វើការងារជាមួយលោក មានក្តីស្រមៃជាមួយលោក ទាំងដែលក្រុមហ៊ុនមិនទាន់មានភាពរឹងមាំ និងគ្មាននរណាជឿថាវាអាចទទួលបានជោគជ័យដូចសព្វថ្ងៃនេះទេ។

លើសពីនេះទៅទៀត លោកបានសង្កេតមើលកែវភ្នែករបស់ Jack Ma និយាយចេញពីចិត្ត កែវភ្នែកពេញដោយពន្លឺ និងភាពជឿជាក់ទៅលើអ្វីដែលគេកំពុងតែធ្វើ។ បន្ថែមពីនេះ ខ្លួនលោកផ្ទាល់ក៏ជឿជាក់ផងដែរថា Alibaba នឹងអាចរកឃើញភាពជោគជ័យនៅពេលខាងមុន ហើយJack Ma អាចនឹងធ្វើឲ្យការគិតរបស់លោក ក្លាយជាការពិត ទើបលោកព្រមបោះទុន២០លានដុល្លារអាមេរិក ខណៈពេលដែលគ្មានធនាគារណា ឫ អ្នកវិនិយោគណាហ៊ានបោះទុនជាមួយបុរសមានល្អិតរូបនេះឡើយ។

បិតាវិនិយោគរូបនេះ មិនមែនបោះទុនវិនិយោគតែជាមួយក្រុមហ៊ុន Alibaba របស់ Jack Ma មុនគេនោះទេ តែលោកក៏បានបោះទុនវិនិយោគជាមួយក្រុមហ៊ុនលំដាប់ពិភពលោកមួយចំនួនទៀត ដូចជា៖ ក្រុមហ៊ុន Microsoft របស់ Bill Gates ក្រុមហ៊ុន Apple របស់ Steve Jobs ក្រុមហ៊ុន Yahoo និងក្រុមហ៊ុន Uber ជាដើម។

គួរជម្រាបផងដែរថា លោក Masayoshi Son ក៏ល្បីផងដែរ ខាងបញ្ចុះបញ្ចូលព្រះអង្គម្ចាស់របស់ប្រទេស អារ៉ាបីតសាវឌីត ឲ្យបោះទុនវិនិយោគជាមួយគាត់រហូតដល់៤៥ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលតែ ៤៥នាទីប៉ុណ្ណោះ៕

អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ​អ្នកលួចចម្លងនឹងប្រឈមនឹងផ្លូវច្បាប់​នៅថ្ងៃណាមួយ!

 

អត្ថបទដោយ៖ MENG SONGHUA

អ្នកសរសេរព័ត៌មានសេដ្ឋកិច្ចជំនាញ Startup & Investment

CEO Cam-IN & Co-founder Phsar Khmer

[email protected]

0 មតិ

បញ្ចេញមតិ

RELATED ARTICLES