មេរៀនអប់រំចិត្តដ៏មានតម្លៃពី សាំមូរៃ ធ្វើឲ្យអ្នកទៅជាមនុស្សចេះតស៊ូរឹងមាំខ្លាំងបំផុតក្នុងជីវិត

ពេលនិយាយដល់ សាំមូរៃ (Zen Samurais) មនុស្សជាច្រើនតែងតែគិតដល់ការប្រើប្រាស់ ដាវ កាំបិត និងយុទ្ធសាស្ត្រ ប៉ុន្តែធាតុពិត ពាក្យថា “Samurais” ក្រៅពីសម្គាល់ថាជាអាវុធដ៏មុតស្រួចរបស់ជប៉ុន វាបានបង្កប់ន័យដ៏ជ្រាលជ្រៅក្នុងការអប់រំមនុស្ស ពិសេសការអប់រំចិត្តផ្ទាល់តែម្តង។

“Samurais” ក្រៅពីផ្តោតសំខាន់លើការអប់រំចិត្ត បង្រៀនចិត្តឲ្យមានសេចក្តីស្ងប់ស្ងាត់ វាក៏ផ្តោតយ៉ាងសំខាន់ណាស់ដែរទៅលើយុទ្ធសាស្ត្រក្នុងការសម្រេចគោលដៅ តាមរយៈពាក្យពេជន៍ ឃ្លោកឃ្លា ដែលអ្នកហាត់គុនសាំមូរៃ តែងតែប្រើ។

លោកគ្រូសាំមូរៃ Suzuki Shosan បានមានប្រសាសន៍ថា៖ នៅពេលដែលមនុស្សមានសេចក្តីស្ងប់ ធ្វើឲ្យការសម្រេចចិត្ត និងសកម្មភាពដែលធ្វើចេញមកក្រៅមានភាពរស់រវើក និងច្បាស់លាស់។ សេចក្តីស្ងប់នេះ ជួយឲ្យអ្នកខ្វល់ខ្វាយកាន់តែតិចជាងមុន ការភិតភ័យ ព្រួយបារម្ភទាំងឡាយក៏រសាយទៅតាមនោះ។ អ្នកត្រូវតែជាអ្នកដែលគ្រប់គ្រងចិត្តខ្លួនឯង កុំបណ្តោយឲ្យចិត្តរបស់អ្នកមកគ្រប់គ្រងអ្នកបានឲ្យសោះ។

ខាងក្រោមនេះ ជាមេរៀនដ៏មានតម្លៃចំនួន៣ចំណុច ដែលជួយឲ្យអ្នកមានភាពរឹងមាំ នៅខណៈពេលដែលអ្នកស្ថិតនៅក្នុងស្ថានភាពអាក្រក់បំផុត៖

១. ត្រៀមខ្លួនជានិច្ច

អ្នកប្រយុទ្ធសាំមូរៃ ជាមនុស្សដែលតែងតែត្រៀមខ្លួនជាប់ជានិច្ច ព្រោះពួកគេមិនអាចមើលដឹងទេថានឹងមានបញ្ហា ឧបសគ្គ ឫ សត្រូវដែលនឹងលេចមុខមកនៅពេលណានោះទេ។ ដូចនេះ ការត្រៀមខ្លួនជាស្រេច គ្រប់ពេល នឹងធ្វើឲ្យពួកគេមានលទ្ធភាពតបតក្នុងពេលដ៏ខ្លី។

តាមការសិក្សាបញ្ជាក់ថា នៅពេលដែលមនុស្សម្នាក់មានការត្រៀមខ្លួនបានល្អ ការភ័យខ្លាចគឺត្រូវបានកាត់បន្ថយ ព្រោះថា ពួកគេបានដឹងរួចជាស្រេចថា ពួកគេនឹងត្រូវធ្វើអ្វី នៅខណៈពេលណាក៏ដោយ។

សម្រាប់អ្នករកស៊ីក៏មិនខុសគ្នាដែរ ប្រសិនបើអ្នកមិនបានត្រៀមខ្លួនឲ្យបានល្អនោះទេ នោះអ្នកនឹងបាត់បង់ឱកាស ពេលដែលឱកាសរីកចម្រើនមកដល់ ហើយអ្នកក៏អាចនឹងបរាជ័យ នៅពេលដែលហានិភ័យមកដល់ដូចគ្នាដែរ។

២. គិតដល់រឿងអាក្រក់បំផុត

អ្នកគុនសាមូរៃ មានទម្លាប់គិតដល់សេចក្តីស្លាប់ញឹកញាប់បំផុត ដើម្បីបំផុសគំនិតប្រាប់ខ្លួនឯងថា ខ្លួនឯងមិនទាន់ធ្លាក់ដល់ចំណុចអាក្រក់បំផុតនៅឡើយទេ ទោះជារងរបួស ឫ បាត់បង់អវយវៈខ្លះហើយក៏ដោយ ដែលនេះជាកម្លាំងចិត្តមួយផ្នែក ជួយឲ្យពួកគេមានសង្ឃឹម និងតស៊ូទៅមុខទៀត។

ទស្សនវិទូ Oliver Burkeman បានមានប្រសាសន៍ថា៖ ការសមាធិទុកជាមុន ឫ ការគិតទុកជាមុន នឹងជួយឲ្យមនុស្សគិតបានកាន់តែស៊ីជម្រៅ និងកាន់តែល្អិតល្អន់ ដែលនាំឲ្យសេចក្តីស្ងប់ខាងផ្លូវចិត្តកើតមាន ក្រោយពេលដែលសេចក្តីភ័យខ្លាតត្រូវបានរលាយសាបសូន្យ។

ដូចនេះ នៅពេលដែលមានរឿងអ្វីមួយកើតឡើង នាំឲ្យអ្នកតឹងតែងក្នុងអារម្មណ៍ អ្នកអាចចំណាយពេលគិតដល់រឿងដែលអាក្រក់បំផុត ដែលអាចកើតមានឡើងចំពោះអ្នក ឫស្ថានភាពដែលអ្នកកំពុងតែជួប វានឹងជួយឲ្យអ្នកកាត់បន្ថយភាពភ័យខ្លាច និងភាពធុញថប់របស់អ្នក។

៣. គ្រប់គ្រងអារម្មណ៍

អ្នកប្រយុទ្ធសាមូរៃ ជាត្រូវតែជាមនុស្សដែលពូកែគ្រប់គ្រងអារម្មណ៍ ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ពិសេសនៅក្នុងពេលប្រយុទ្ធជាមួយសត្រូវ។

នៅពេលដែលអ្នកបាត់បង់ការគ្រប់គ្រងអារម្មណ៍ខ្លួនឯង ភាពតាន់តឹងផ្លូវចិត្តនឹងកើនឡើងខ្លាំង ដែលនាំឲ្យអ្នកនឹងបាត់បង់ការផ្តោតអារម្មណ៍។

តាមការសិក្សាបានបញ្ជាក់ថា មនុស្សដែលអាចគ្រប់គ្រងភាពភ័យខ្លាចខ្លួនឯងបានខ្លាំងបំផុត ជាមនុស្សដែលមានសមត្ថភាពអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងខ្ពស់បំផុត។

ដូចនេះ តើអ្វីទៅដែលជួយអ្នកឲ្យគ្រប់គ្រងអារម្មណ៍បានច្រើនបំផុត? បង្កើនចំណេះដឹង? បង្កើនការអនុវត្តន៍? ទទួលបានការគាំទ្រពីអ្នកដទៃ? ឫក៏អ្វីផ្សេងទៀត? អ្នកចាំបាច់ត្រូវរកវាឲ្យឃើញ និងវឹកហាត់គ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន ទើបនៅពេលដែលធ្លាក់ក្នុងស្ថានភាពអាក្រក់កម្រិតណា ក៏អ្នកនៅតែមានដំណោះស្រាយ នៅតែមានភាពរឹកមាំ ក្នុងការប្រឈរមុននឹងបញ្ហាទាំងនោះ។

 

អត្ថបទដោយ៖ MENG SONGHUA

[email protected]

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES