ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល៖ ជនជាតិអ៊ីស្រាអែលឆ្លាតរឿងរកស៊ីវិនិយោគព្រោះតែពាក្យ១ម៉ាត់ប៉ុណ្ណោះ

អ៊ីស្រាអែលគឺជាប្រទេសដ៏តូចមួយនៅលើវាលខ្សាច់ ដែលហ៊ុំព័ទ្ធទៅដោយទឹកសមុទ្រ គ្មានធនធានធម្មជាតិអ្វីផ្សេងក្រៅតែពីពន្លឺព្រោះអាទិត្យនោះទេ ហើយប្រជាជនទៀតសោតមានប្រមាណតែ៨លាននាក់ប៉ុណ្ណោះ។​

ត្បិតតែប្រទេសអ៊ីស្រាអែលគ្រាន់តែប្រទេសដ៏តូចមួយលើវាលខ្សាច់ក៏ពិតមែន ប៉ុន្តែប្រទេសបានវិវឌ្ឍន៍យ៉ាងឆាប់រហ័សទៅជាប្រទេសដែលជឿនលឿនបំផុតលើបច្ចេកវិទ្យាកសិកម្ម នាំចេញបន្លែផ្លែឈើ ផ្កា ទឹកដោះគោ និងត្រីសាច់ជាដើមទៅកាន់ទីអន្តរជាតិដ៏ច្រើនលើសលប់ជារៀងរាល់ឆ្នាំ ទាញចំណូលរយលានដុល្លារក្នុងមួយឆ្នាំៗ។​

បន្ថែមពីនេះ តាមសិក្សាស្រាវជ្រាវ អ៊ីស្រាអែលគឺជាបណ្តុំអ្នករកស៊ី និងវិនិយោគិនឆ្នើម ដែលមាននៅស្ទើរគ្រប់ទីកន្លែង ទៅតាមបណ្តាប្រទេសផ្សេងៗ ហើយត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានប្រជាជនឆ្លាតបំផុតក្នុងលោក ក្រោយដែលប្រទេសនេះអាចប្រមូលផ្តុំគ្នាកសាងទឹកដីដែលបាត់បង់ទៅជាង២ពាន់ឆ្នាំ វិលមករស់នៅជាមួយគ្នាវិញ។​

លោក ម៊ែរអៀ ស្លូម៉ូ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ប្រាប់ Business Cambodiaថា៖

ជនជាតិអ៊ីស្រាអែលឆ្លាតវ័យក្នុងរឿងលុយកាក់ រកស៊ី និងវិនិយោគដោយសារតែពាក្យមួយម៉ាត់ប៉ុណ្ណោះ គឺ “សួរ” (Ask)

លោកបន្តថា៖ ទម្លាប់ក្នុងការសួរគឺជាប្រភពនៃចំណេះដឹង និងជាប្រភពនៃដំណោះស្រាយ។ បើគេនិយាយថា ដីខ្សាច់ធ្វើអីមិនកើត ដាំអីមិនបាន សំណួរគឺ តើធ្វើម៉េចទើបដាំបាន? ត្រូវការទឹក និងបច្ចេកទេស…តើធ្វើម៉េចមានបច្ចេកទេស និងមានទឹក? សួរបន្តៗរហូតដល់ចុងបំផុតនឹងរកឃើញដំណោះស្រាយហើយ។

គ្រប់សំណួរសុទ្ធតែមានចម្លើយ គ្រាន់តែចម្លើយនោះរកឃើញយូរ ឫក៏ឆាប់ ត្រូវ ឫក៏ខុសតែប៉ុណ្ណោះ។ ទម្លាប់ក្នុងការសួរនេះហើយ ធ្វើឲ្យជនជាតិអ៊ីស្រាអែលមានទម្លាប់ប្រើការគិត វិភាគ និងតែងតែរកដំណោះស្រាយជានិច្ច។ បើអ្នកមិនព្រមចាប់ផ្តើមមានទម្លាប់សួរ តើអ្នកអាចមានឱកាសរកបានចម្លើយដោយរបៀបណា ខណៈដែលគ្រប់បញ្ហាតែងតែមានដំណោះស្រាយ។​

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលដ៏រួសរាយរូបនេះ បានបន្ថែមទៀតថា៖ អ៊ីស្រាអែលមានទម្លាប់ចែករំលែកបង្រៀនគ្នាទៅវិញទៅមក បង្រៀនកូនចៅជំនាន់ក្រោយគ្រប់យ៉ាង (Everything) មិនមែនចេះតែរកស៊ី មិនចេះចិត្តសាស្ត្រ និងទស្សនៈនោះទេ មិនមែនកសិករចេះតែធ្វើស្រែ ដាំដំណាំ មិនចេះពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុ ដឹកនាំមនុស្ស និងមិនស្គាល់ពីនយោបាលនោះទេ។

អ៊ីស្រាអែលមានកំណើតជាង៣ពាន់ឆ្នាំមកហើយ គ្រប់ចំណេះដឹង និងបទពិសោធន៍ត្រូវបានចែករំលែកតៗគ្នាមករហូត ធ្វើឲ្យកសិករធម្មតាម្នាក់ និងជាកសិករជំនាញ ប្រមូលផ្តុំគំនិតច្នៃប្រទេស អ្នករកស៊ីវិនិយោគស្ទើៗ ក្លាយជាសហគ្រិនវិនិយោគឆ្នើម មានគុណភាព និងគុណតម្លៃសម្រាប់ជាតិសាសន៍អ៊ីស្រាអែល៕

អត្ថបទដោយ៖ MENG SONGHUA

CEO CAM-IN

0 មតិ

បញ្ចេញមតិ

RELATED ARTICLES