Jack Ma បង្កើតAlibaba ព្រោះខឹងចិត្តបរាជ័យអាជីវកម្មទី១ គ្មានអ្នកជួយ ធនាគារខ្ចីលុយមិនឲ្យ

បុរសមាឌល្អិតចិត្តខ្លាំង ស៊ូខ្លាំងរហូតទាល់តែរកឃើញភាពជោគជ័យ Jack Ma ស្ថាបនិក Alibaba ដែលជាក្រុមហ៊ុនទិញលក់ទំនិញអនឡាញដ៏ធំជាងគេរបស់ប្រទេសចិន និងកំពុងសក្តានុពលខ្លាំងនៅលើពិភពលោក ធ្លាប់មានប្រសាសន៍ថា “គំនិតចាប់ផ្តើម Alibaba គឺដុះចេញពីបទពិសោធន៍រកស៊ីបរាជ័យដ៏ជូរចត់លើកទី១របស់លោក”

នៅកិច្ចសម្ភាសន៍ជាមួយ American Express មហាសេដ្ឋីវ័យជាង៥០ឆ្នាំរូបនេះ បានមានប្រសាសន៍ថា៖ នៅមុនពេលដែលលោកចាប់ផ្តើមក្រុមហ៊ុន Alibaba នៅកំឡុងឆ្នាំ១៩៩៩ លោកក៏ធ្លាប់រកស៊ីមុខរបរមួយបរាជ័យរួចមកហើយដែរ ដែលការបរាជ័យនេះហើយ ធ្វើឲ្យលោកដុះគំនិតចិញ្ចឹមចិត្តបង្កើតក្រុមហ៊ុនមួយដែលជួយដល់ក្រុមហ៊ុន និង សហគ្រានធុនតូច-មធ្យម (SME) ទាំងអស់ដែលមានប្រមាណ ៨០% នៅក្នុងប្រទេសចិន។

លោកបន្តថា៖ អាជីវកម្មទីមួយដែលលោកបង្កើត និងបានទទួលបរាជ័យនោះគឺ ក្រុមហ៊ុនបកប្រែ ឫ ភ្នាក់ងារបកប្រែ ដែលលោកបានបង្កើតឡើងក្រោយពេលដាក់ពាក្យសុំធ្វើការនៅហាង KFC ក្នុងប្រទេសចិនបរាជ័យ ខណៈអ្នកជាប់បានទៅសម្ភាសន៍មាន២៤រូប ហើយលោកជាមនុស្សតែម្នាក់គតដែលគេមិនទទួលឲ្យធ្វើការ ដែលខ្លួនលោកផ្ទាល់ក៏មិនដឹងពីមូលហេតុពិតប្រាកដដែរ។

Jack Ma បន្ថែមទៀតថា៖ លោកបានចំណាយលុយប្រមាណ ៣០០ដុល្លារអាមេរិក ក្នុងមួយខែ ដើម្បីជួលបន្ទប់តូចមួយធ្វើជាការិយាល័យ ហើយអ្វីដែលលោកចាំមិនភ្លេច គឺនៅខែទីមួយនៃការចាប់ផ្តើម ក្រុមហ៊ុននោះរកចំណូលបានត្រឹមតែ៥០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ ជាហេតុធ្វើឲ្យលោកត្រូវបង្ខំចិត្ត ទៅខ្ចីលុយ៣ពាន់ដុល្លារអាមេរិក ពីធនាគារជាច្រើនកន្លែង អស់រយៈពេលជិតមួយខែ នៅតែខ្ចីមិនបាន ដោយសារតែក្រុមហ៊ុននៅតូច ក្មេងខ្ចី ហើយកម្ចីធនាគារនៅក្នុងប្រទេសចិនពេលនោះ ពិតជាពិបាកខ្លាំងណាស់។

លោកបានប្រៀបធៀបយ៉ាងដូចនេះថា៖ អាជីវកម្មខ្នាតតូច និងមធ្យម ពិបាកក្នុងការរស់រានមានជីវិតយូរអង្វែងណាស់ ពិសេសអាជីវកម្មខ្នាតដែលទើបតែដុះពន្លកផ្ទាល់តែម្តង ព្រោះអាជីវកម្មទាំងនេះត្រូវខិតខំរស់ដោយខ្លួនឯង ដោយពុំទទួលបានការជួយ និងលើកស្ទួយពីរដ្ឋ ក៏ដូចជាពិបាកខ្លាំងចំពោះបញ្ហាដើមទុន និងកម្ចីពីធនាគារ ដែលខុសពីក្រុមហ៊ុនធំៗ តែងត្រូវបានរដ្ឋជួយជាច្រើនលក្ខខណ្ឌ ហើយកម្ចីពីធនាគារមិនមានការលំបាកខ្លាំងដូចអាជីវកម្មខ្នាតតូចឡើយ។

ដោយសារតែកត្តាទាំងនេះ បូករួមជាមួយបទពិសោធន៍រកស៊ីដ៏ឈឺចាប់ លោកតែងតែរិះរកវិធីបង្កើតក្រុមហ៊ុនណាដែលជួយដល់អាជីវកម្មខ្នាត និងមធ្យម (SME) ឲ្យបានច្រើនបំផុត ទើបក្រោយពេលដែលលោកពីអាមេរិកនៅឆ្នាំ១៩៩៥ លោកក៏ជឿជាក់យ៉ាងច្បាស់នៅក្នុងចិត្តថា មានតែអ៊ីនធើណេត (SME) ប៉ុណ្ណោះ ដែលអាចជួយស្រោចស្រង់អាជីវកម្មទាំងនោះបាន។

ជាលទ្ធផល ការគិត និងតស៊ូជម្នៈការយល់ឃើញផ្សេងពីមនុស្សជុំវិញខ្លួន នាំភាពជោគជ័យឲ្យ Jack Ma ក្លាយខ្លួនជាវីរៈសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមទាំងអស់នៅចិន និងជាមហាសេដ្ឋីមានបំផុតនៅក្នុងអាស៊ីផងដែរ៕

“គិតឲ្យត្រូវ ចាប់ផ្តើមឲ្យត្រូវ តស៊ូជម្នៈត្រូវ ជោគជ័យពិតគឺនៅមិនឆ្ងាយឡើយ”

 

អត្ថបទដោយ៖ MENG SONGHUA

អ្នកសរសេរព័ត៌មានសេដ្ឋកិច្ចជំនាញចាប់ផ្តើមអាជីវកម្ម

[email protected]

0 មតិ

បញ្ចេញមតិ

RELATED ARTICLES