Jack Ma៖ ពេលក្រអ្នកលំបាក ពេលក្លាយជាអ្នកមានអ្នកនឹងរឹតតែលំបាក

កំពូលមហាសេដ្ឋីនៅអាស៊ី លោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនទិញលក់ទំនិញអនឡាញដ៏ធំជាងគេរបស់ចិន បានផ្លាស់ប្តូរជីវិតរបស់លោកពីគ្រូបង្រៀនប្រាក់ខែ១២ដុល្លារ ក្លាយជាមហាសេដ្ឋីពាន់លានដុល្លារអាមេរិក ប៉ុន្តែនៅតែនឹកស្តាយជីវិតជាគ្រូបង្រៀនដដែល។

មហាសេដ្ឋីមាឌល្អិតរូបនេះបានមានប្រសាសន៍ថា៖​ ពេលដែលអ្នកនៅក្រ អ្នកនឹងត្អូញត្អែពីការលំបាក ដោយសារតែខ្វះមុខខ្វះក្រោយ មិនសូវមានលុយចាយហ៊ឺហាដូចគេ តែអ្នកមានទំនេរច្រើនសម្រាប់ជីវិតខ្លួនឯង និងគ្រួសារ។

ពេលអ្នកបានក្លាយខ្លួនជាអ្នកមាន ឫ មហាសេដ្ឋីមានលុយពាន់លានដុល្លារអាមេរិក អ្នកនឹងរឹតតែលំបាកដោយសារតែការទទួលខុសត្រូវរបស់អ្នកកាន់តែខ្ពស់ មិនអាចទុកការងារចោល ត្រូវដោះស្រាយបញ្ហាច្រើនរាប់មិនអស់ គ្មានពេលសម្រាប់ខ្លនឯង សម្រាប់គ្រួសារ ឫ សូម្បីតែពេលវេលាសម្រាប់ចាយលុយដែលអ្នករកបានក៏គ្មានដែរ។

កំពូលសហគ្រិនជើងចាស់ លោក គឹម វ៉ូឈុង ស្ថាបនិកក្រុមហ៊ុន Daewoo និងជាបិតាសហគ្រិនដ៏ឆ្នើមរបស់កូរ៉េខាងត្បូង បានចំណាយពេលរវល់ស្ទើតែពេញមួយជីវិតរបស់លោក ផ្លាស់ប្តូរខ្លួនឯងពីក្មេងដើរលក់កាសែតតាមដងផ្លូវ រកព្រឹកខ្វះល្ងាចមកជាសហគ្រិនដ៏ជោគជ័យមួយរូប និងបានធ្វើការពាកលីសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីតែភាពរីកចម្រើនរបស់កូរ៉េខាងត្បូង និងយុវជនកូរ៉េជំនាន់ក្រោយតែប៉ុណ្ណោះ រហូតភ្លេចគិតពីជីវិតឯកជនរបស់ខ្លួន។

បើទោះជាលោកនៅតែនឹងស្រណោះដល់ជីវិតក្រីក្រកំសត់ ដែលបានរស់នៅជួបជុំគ្រួសារក៏ពិតមែន ប៉ុន្តែលោកនៅតែពេញចិត្តនូវអ្វីដែលលោកបានធ្វើ និងអ្វីដែលលោកបានឆ្លងកាត់ ហើយអ្វីដែលពិសេសលោកចេះកែច្នៃពេលវេលារកស៊ី ក្លាយជាកិច្ចការកំសាន្តសម្រាប់ខ្លួនឯង ដោយសារតែលោកជាមនុស្សចូលចិត្តការរកស៊ី។

មិនថាអ្នកជាអ្នកក្រ ឫ ជាអ្នកមាននោះទេ អ្នកនៅតែត្រូវប្រឈរមុខជាមួយបញ្ហាផ្សេងៗជាប់ជានិច្ច អ្នកក្រមានបញ្ហារបស់អ្នកក្រ រីឯមហាសេដ្ឋីមានបញ្ហារបស់មហាសេដ្ឋី ដូចនេះអ្នកគប្បីរៀនរស់នៅឲ្យសប្បាយចិត្តជាមួយនឹងអ្វីដែលអ្នកមាន ហើយកុំព្យាយាមយកជីវិតខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដទៃធ្វើអ្វី។

គួរជម្រាបផងដែរថា ឥឡូវនេះលោក Jack Ma បានមកដល់ទឹកដីអង្គរខេត្តសៀមរាបហើយ នៅល្ងាចមិញនេះតែម្តង៕

 

អត្ថបទដោយ៖​ MENG SONGHUA

0 មតិ

បញ្ចេញមតិ

RELATED ARTICLES