អ្នកស្រី ផាត សុផានី៖ចេញរកស៊ីដោយប្រើដើមទុនពីប្រាក់សន្សំពីរនាក់ប្ដីប្រពន្ធ រហូតបច្ចុប្បន្នមានហាង ៥ ក្នុងដៃ

អ្នកស្រី ផាត សុផានី ម្ចាស់ហាងផ្ទះបាងកក ដំបូងឡើយគឺជាបុគ្គលិកផ្នែក គណនេយ្យនៅស្ថានប័នឯកជនមួយ។ ប៉ុន្ដែដោយសារចង់បង្កើនប្រាក់ចំណូលបន្ថែម អ្នកស្រីក៏សម្រេចចិត្តប្រើប្រាក់សន្សំដែលបានសន្សំមុនពេលរៀបការជាមួយនិងស្វាមីរបស់អ្នកស្រីចំនួន ១៦០០០ដុល្លារ ដើម្បីចាប់ផ្ដើមហាងបោកអ៊ុតមួយកន្លែងនៅទល់មុខ វិទ្យាល័យ ជាស៊ីម បឹងកេងកង។

ម្ចាស់ហាងវ័យ ២៨ ឆ្នាំ រូបនេះបានបង្ហើបប្រាប់ថារយៈពេលប្រហែល ៣ ខែដំបូងដែលដំណើរការហាងខាងលើគឺខាតរហូត ដោយខែទីមួយគឺខាតអស់ ១ លានរៀល។ លុះដល់ខែទី៤ ទើបអ្នកស្រីបានទទួលប្រាក់ចំនេញចំនួន ២០ ម៉ឺនរៀលពីអាជីវកម្មមួយនេះ ហើយប្រាក់ចំនេញចេះតែកើនឡើងជាបន្ដបន្ទាប់ ដោយសារមានការគាំទ្រច្រើនពីអតិជន។ រយៈពេលមិនដល់មួយឆ្នាំផងអ្នកស្រីបានបន្ដបើកអាជីវកម្មថ្មីមួយទៀតជាប្រភេទអាជីវកម្មចំនីអាហារគឺហាង ផ្ទះបាំងកក។ មូលហេតុដែលអ្នកស្រីចាប់ផ្ដើមអាជីវកម្មមួយនេះព្រោះដើម្បីជួយកាត់បន្ថយការចំណាយផ្ទាល់ខ្លួន និងចង់បង្កើនចំណូលបន្ថែម។ ពិសេសជាងនេះទៅទៀត អ្នកស្រីចង់ផ្ដល់ឱកាសដល់អ្នកយុវជនដែលមានបំណងចង់រកស៊ីប៉ុន្ដែខ្វះដើមទុន ដូច្នេះអ្នកស្រីឆ្លៀតឱកាសនេះបណ្ដុះបណ្ដាលពួកគាត់ឲ្យចេះពីរបៀបគ្រប់គ្រងហាង ការទទួលភ្ញៀង សុជីវធម៍ជាមួយភ្លៀវ រហូតដល់បុគ្គលិករបស់អ្នកស្រីអាចគ្រប់គ្រងហាងបានយ៉ាងរលូនដោយមិនចាំបាច់មានវត្ដមានរបស់អ្នកស្រី។

អ្នកស្រីបានអោយដឹងថាដើមទុនដែលអ្នកស្រីប្រើដើម្បីដំណើរការហាងមួយនេះគឺបានពីការប្រាក់ចំនេញនៃហាងបោកអ៊ុតនិងប្រាក់សន្សំតិចតួច អ្នកស្រីក៏ចាប់ផ្ដើមហាងនោះដោយដើមទុនជិត ៩ ពាន់ដុល្លារ។ អ្នកស្រីបន្ដទៀតថាការដំណើរការហាងអាហារបែបថៃមួយនេះ ក្នុងរយៈពេល ៤ ខែដំបូងគឺមិនបានប្រាក់ចំណេញសូម្បីតែមួយកាក់ ហើយថែមទាំងខាតដើមថែមទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយអ្នកក៏មិនបោះបង់អាជីវកម្មមួយនេះចោលនោះឡើយ ព្រោះអ្នកស្រីគិតថាគ្មានអាជីវកម្មណាដែលចាប់ផ្ដើមភ្លាមបានចំណេញភ្លែតនោះទេ។ អ្នកស្រីបានលើកឡើងថាបើតាមបទពិសោធន៍របស់គាត់ អាជីវកម្មខ្នាតតូចយ៉ាងហោចណាស់ក៏ត្រូវចំណាយពេលខាតចន្លោះពី ៣ ទៅ ៦ខែ ហើយបើអាជីវកម្មខ្នាតធំត្រូវចំណាយពេលខាតចន្លោះពី ៨ ខែទៅ ១ឆ្នាំជាងដែរ។
ក្រៅពីហាងបោកអ៊ុតនិងហាង ផ្ទះបាងកក អ្នកស្រីបានក៏នៅមានហាងបោកអ៊ុត ២ ទៀតផងដែរ។

លើសពីនេះទៀតហាងទាំង ៤ នោះគឺមិនចាំបាច់អ្នកស្រីទៅនៅប្រចាំការរាល់ថ្ងៃនោះទេ គឺបុគ្កលិកជន្និតជាអ្នកគ្រប់គ្រងទាំងអស់។ អ្នកស្រីបានបន្ដទៀតថា អ្នកស្រីទទួលជោគជ័យមកដល់ពេលនេះគឺដោយសារបានការចូលរួមជ្រុមជ្រែងពីបុគ្គលិក។ បើគ្មានបុគ្គលិកល្អដូចសព្វថ្ងៃនេះទេ អ្នកស្រីក៏មិនអាចធ្វើការផងហើយគ្រប់គ្រងហាងទាំងបួនស្របពេលជាគ្នាបានដែរ។

គួរជម្រាបថា បច្ចុប្បន្នអ្នកស្រីកំពុងតែរៀបចំហាងប៊ូហ្វេនៅភ្នំពេញសិនធឺ ដែលហាងមួយនេះចំណាយទុនជា ១០ ម៉ឹនដុល្លារ។ អ្នកស្រីបានឲ្យដឹងថាដើមទុនទាំងនោះមិនមែនជាប្រាក់របស់អ្នកស្រីទាំងអស់នោះទេ គឺអ្នកស្រីបានប្រើប្រាក់កម្ចីពីធនាគារ។

អ្នកស្រីបានផ្ដាំអ្នកដែលចង់ចាប់ផ្ដើមអាជីវកម្មថ្មីៗថា ប្រសិនបើអ្នកមើលឃើញថាអាជីវកម្មដែលអ្នកចង់ធ្វើនោះអាចដំណើរទៅបាន និងមានចក្ខុវិស័យវែងឆ្ងាយ គួរតែចាប់ផ្ដើមធ្វើវាទៅ ទោះបីត្រូវខ្ចីបុលគេក៏ដោយ។ ព្រោះថាបើអ្នកមិនចាប់ផ្ដើមធ្វើវាទេ ថ្ងៃណាមួយអ្នកនឹងស្ដាយក្រោយព្រោះនិងមានអ្នកដទៃគេធ្វើអាជីវកម្មមួយនេះជាមិនខាន៕

អត្ថបទដោយ៖ ធូរ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES