លោក ហ៊ន ហ៊ីន៖ឈប់ធ្វើទាហាន ចេញលក់ទាអាំងតាមផ្លូវរកចំណូលបានស្ទើរមិនគួរឲ្យជឿ

លោក ហ៊ន ហ៊ីន គឺជាអាជីវករ មួយរូបដែលបានបោះបង់ការងាររដ្ឋ(ទាហាន) ហើយងាកមកចាប់ផ្ដើមចេញរកស៊ីខ្លួនឯង គឺមុខរបរលក់ទាអាំង នៅម្ដុំផ្សារបឹងត្របែក។
តាមរយៈការសម្ភាសន៍ជាមួយសារពត៍មាន Business Cambodia លោក ហ៊ន ហ៊ីន បានមានប្រសាសន៍ថាលោកចង់ចេញរកស៊ីខ្លួនឯងប៉ុន្ដែមិនដឹងរកស៊ីអ្វី។ ថ្ងៃបន្ទាប់មកលោកនិងប្រពន្ធចេះតែជិះម៉ូតូដើរមើលនៅគ្រប់កន្លែង ហើយលោកតែងតែសួរខ្លួនឯងថាតើគួររកស៊ីអ្វី? លោកនិងប្រពន្ធតែងតែជិះរកមើលជាប្រចាំ រហូតថ្ងៃមួយលោកបានឃើញអ្នកលក់ទាអាំងមួយកន្លែង លោកក៏ចាប់ផ្ដើមគិតថាប្រសិនបើលោកជាអ្នកលក់លោកនឹងធ្វើឲ្យមានអនាម័យ ហើយរសជាតិក៏ឆ្ញាញ់ជាងនេះថែមទៀត។
ចាប់ពីតាំងពីពេលនោះមក ម្ចាស់យីហោចំរើន ទាអាំង រូបនេះក៏ចាប់ផ្ដើមប្រកបរបរលក់ទាអាំងរហូតមកដល់បច្ចុប្បន្នគឺមានរយៈពេល ៥ ឆ្នាំហើយ។

លោកមានប្រសាសន៍ថា ថ្ងែដំបូងដែលលក់ទាអាំងនោះ លោកលក់ដាច់អស់ទា ១៥ ក្បាលគឺលក់ដាច់គ្មានសល់ ប៉ុន្ដែនៅថ្ងែបន្ទាប់លោក លក់ទានៅសល់ ៧ ក្បាល ហើយចែកគ្នាហូប។ លោកបានបន្ដទៀតថាទោះបីជាលក់ទានៅសល់យ៉ាងណាក៏ដោយក៏លោកនៅតែសប្បាយចិត្ដ ដោយហេតុលោកគិតថាមិនទាន់មានអ្នកណាស្គាល់យីហោរបស់លោក។
ទន្ទឹមនឹងនោះលោកក៏បានលើកថា ចាប់ពីថ្ងៃ ៣ ដែលបានចាប់ផ្ដើមទាអាំង គឺលក់ដាច់រហូត ហើយមិនងាយសល់នោះទ។ លោកបានបញ្ជាក់ទៀតថាទោះបីជាសល់ក៏សល់មិនច្រើនដែរ គឺមួយខែអីបានមានសល់ម្ដង ហើយការដែលសល់នៅគឺដោយសាកត្ដាអាកាសធាតុដូចជាមានភ្លៀងធ្លាក់ជាដើម។

ដោយឃើញមានភ្លៀវច្រើនមកនៅចាំទាអាំងរបស់គាត់ ហើយមានអ្នកខ្លះបានកក់ ២ ឬ ៣ ទុកមុនព្រោះខ្លាចអស់។ ខ្ញុំក៏បានសួរគាត់ថាហេតុអ្វីលោកពូ មិនព្រមជួលហាងមួយដើម្បីឲ្យភ្លៀវមានកន្លែងអង្គុយញាំសមរម្យ និងដើម្បីទទួលភ្លៀងឲ្យកាន់តែច្រើនជានេះ? លោ ហ៊ន ហ៊ីន ក៏បានប្រាប់ខ្ញុំថា កាលដើមឡើយលោកមិនលក់នៅលើរទេះដូច្នេះទេគឺមានហាងត្រឹមត្រូវដែលអាចឲ្យភ្លៀវអង្គុយបរិភោគនៅកន្លែងបាន។ ប៉ុន្ដែមួយឆ្នាំក្រោយមកផ្ទះជួលរបស់លោកបានឡើងថ្លៃផ្ទះរហូត នឹងមានអារម្មណ៍ដូចមិនសូវមិនពេញនឹងគាត់ ដោយលើកហេតុផលថាក្លាយប្រលាក់ផ្ទះ ហើយម្ចាស់ផ្ទះក៏សុំបញ្ឈប់ការជួល។ លោកបានបន្ដទៀតថា តាមការពិតទៅការលក់នៅលើរទេះគឺភាពងាយស្រួល ចំណេញពេលវេលាច្រើនជាងនៅហាង។ ដោយហេតុថាលោកមិនចាំបាច់អស់ថ្លៃឈ្នួលហាងមួយខែពី ២០០ ទៅ ៣០០ ដុល្លារ មិនចាំបាច់ចំណាយកម្លាំងពលកម្មច្រើន(ជាក់ស្ដែងនៅពេលលក់ទាអាំងទោះបីដាច់យ៉ាងណាក៍ដោយក៏លោកលក់តែពីរកូនប្រុសតូចរបស់គាត់បាន)។ មួយវិញទៀតវាបានជួយកាត់បន្ថយការចំណាយទៅទឹកភ្លើងនិងអ្វីជាច្រើនទៀត លោកបាននិយាយថាម្ចាស់ហាងភាគច្រើនបានដឹងហើយថាវាចំណាយច្រើនប៉ុណ្ណា។

លើសពីនេះទៀត មូលហេតុដែលោកលើកឡើងថាវាចំណេញពេលនោះគឺសំដៅទៅលើ មុខរបរគាត់គឺវាមានលក្ខណះជាគ្រឿងក្លែម កាលពីពេលដែលនៅមានហាងគឺមានពេលខ្លះលក់ដល់ម៉ោង ១២ យប់ហើយលោកមិនអាចសម្រាកបានទេ ទោះបីទាអាំងអស់ហើយក៏ដោយ ព្រោះថាភ្ញៀវនៅអង្គុយផឹកក្នុងហាង។ ក្រោយមកនៅពេលដែលលោកផ្លាស់មកលក់នៅលើរទេះវិញគឺមានពេលសម្រាកបានច្រើនជាង។ លោកបានប្រាប់ថា លោកចាប់ផ្ដើមលក់ពីម៉ោង ២ រសៀលរហូតដល់ម៉ោង ៨ ទៅ ៩ យប់គឺអស់រលីង ហើយមានពេលខ្លះគឺត្រឹមតែម៉ោង ៧ សោះលក់អស់បាត់ហើយ។

លោកអ្នកប្រាកដជាឆ្ងល់ថាតើគាត់លក់ទាមួយថ្ងៃបានប៉ុន្មានក្បាល? ហើយមួយថ្ងៃចំណេញបានប៉ុន្មាន? បើលក់ដាច់លឿនយ៉ាងនេះ?
លោក ហ៊ន ហ៊ីន បានប្រាប់ Business Cambodia ថាក្នុងមួយថ្ងៃលោកអាចលក់ទាដាច់អស់ពី ៦០ ទាឡើងទៅ ដោយទាអាំងមួយតម្លៃ ២៥០០០ រៀល នោះមានន័យថាក្នុងមួយថ្ងៃគាត់អាចលក់បានចំណូលពី ១លានជាងទៅ ២លានរៀលក្នងមួយថ្ងៃ។ លោកក៏បានបង្ហើបប្រាប់ថាក្នុងមួយថ្ងែលោកអាចរកប្រាក់ចំណេញទាបបំផុត ៣០ ម៉ឺនរៀល។
គួរជម្រាបថាដោយសារស្នាដៃធ្វើទាអាំងរបស់លោកមានរសជាតិឆ្ញាញ់ ហើយនិងការគាំទ្រខ្លាំង រហូតដល់មានភោជនីយដ្ឋានល្បីមួយកន្លែងហៅគាត់ទៅបង្រៀនពីរូបមន្ដធ្វើទាអាំងឆ្ញាញ់ទៅដល់ចុងភៅនៅ ក្នុងហាងដោយហ៊ានឲ្យលោកដល់ទៅ ៨០០ដុល្លារក្នុងរយៈពេលបីថ្ងៃ ប៉ុន្ដែលោកមិនព្រម។

ម្ចាស់យីហោ ចំរើនទាអាំង រូបនេះបានលើកឡើងថាបើចង់បើកអាជីវកម្មមួយមិនបាច់ទាល់តែមានហាងបានធ្វើបាននោះទេ សំខាន់តើយើងច្បាស់ជាមួយអាជីវកម្មនោះ និងគិតថាខ្លួនអាចធ្វើបាន ហើយហ៊ានចាប់ផ្ដើមធ្វើវា៕

អត្ថបទដោយ៖ ធូរ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES