ចង់រកស៊ី តែមិនដឹងរកស៊ីអ្វី! លោកអ្នកគួរសាកល្បងធ្វើរឿង ៤ នេះ

ពិតណាស់មានមនុស្សមិនតិចនោះទេ ដែលចង់ចេញរកស៊ី ប៉ុន្ដែបញ្ហាដែលតែងជួបប្រទះជៀសមិនផុតនោះគឺ ការមិនដឹងថាតើគួររកស៊ីអ្វី។
បើគ្រាន់តែក្រឡែកទៅមើលជុំវិញខ្លួនដើម្បីស្វែងរកឱកាសអាជីវកម្ម យើងច្បាស់ជាមិនពុំអាចរកឃើញនោះទេ។ មួយវិញទៀតការចាប់ផ្ដើមអាជីកម្មតាមនិន្នាការ ឬតាមគ្នាក៏មិនអាចធនាបានថា អ្នកនិងអាចជោគជ័យលើអាជីវកម្មនោះបានយូរអង្វែងនោះដែរ។ តើយើងគួរធ្វើយ៉ាងណា ដើម្បីស្វែងរកគំនិតរកស៊ីមួយដ៏ល្អហើយស័ក្ដិសមនឹងយើង?

គំនិតតាមបានពីការរអ៊ូរបស់មនុស្ស
ប្រភេទអាជីវកម្មដែលជាអាជីវកម្មអាចដោះស្រាយបញ្ហាមនុស្សពិតជាអាជីវកម្មដ៏ល្អបំផុត។ ជាក់ស្ដែង លោក គង់ សុលីយ៉ា នាយកប្រតិបត្ដិនៃក្រុមហ៊ុន “ជូនអ្នក” ក្រុមហ៊ុនផ្ដល់សេវាកម្មដឹកជញ្ចូនសម្រាប់អាជីវកម្មអនឡាយ បានធ្លាប់ប្រាប់ Business Cambodia ថា ក្រុមហ៊ុនលោក ចាប់កំណើតឡើងដោយសារតែលោកនិងស្ថាបនិកក្រុមហ៊ុន ៣ នាក់ទៀត បានសម្លឹងមើលបញ្ហាដែលកើតមានក្នុងវិស័យដឹងជញ្ជូន សម្រាប់អាជីវកម្មអនឡាញនេះ។ លោកបានលើកឡើងថា លោកឃើញថាការដឹកជញ្ជូនមានការលំបាកខ្លាំងណាស់ ម្ចាស់អាជីវកម្មខ្លះជួលម៉ូតូឌុបដើម្បីយកទៅដឹកជញ្ជូនឥវ៉ាន់ទៅឲ្យភ្ញៀវ ខ្លះទៀតត្រូវឆ្លៀតពេលលក់ដូរទៀតផង។ លោកបង្កើតអាជីវកម្មនេះ គឺមិនមែនដើម្បីប្រាក់ចំណេញនោះទេ តែលោកចង់ដោះស្រាយបញ្ហារបស់ប្រជាជនកម្ពុជា។
សរុបមកប្រសិនបើយើងចង់បានគំនិតល្អសម្រាប់ផ្ដើមអាជីវកម្មយើងអាចមើលទៅលើការរអ៊ូរបស់មនុស្សនៅជុំវិញខ្លូនយើងបាន ថាតើមានអ្វីដែលអាចបំពេញចន្លោះខ្វះខាតទាំងនេះបាន?

កុំតាមនិន្នាការ តែចាប់ផ្ដើមពីអ្វីលោកអ្នកស្រឡាញ់និងពេញចិត្ដ
ដំបូងអ្នកត្រូវចាប់ផ្ដើមសរសេរនូវអ្វីដែលលោកអ្នកចូលចិត្ដធ្វើ និងស្រឡាញ់ដាក់លើក្រដាសសមួយដូចជា ការសំអាតផ្ទះ ការជួសជុល និងការតុបតែងជាដើម។ បនួាប់មកចូលអ្នកសរសេរនូវអ្វីដែលអ្នកមិនចូលចិត្ដ ឬធ្វើមិនបានល្អសោះ។
ឧទាហរណ៍៖ អ្នកចូលចិត្ដបង្កើតគំនិងថ្មីសម្រាប់ ម៉ាឃីតធីង តែមិនចូលចិត្ដជួបមនុស្ស។សរសេរគំនិតទាំងនេះរួច ចូលអ្នកចាប់ផ្ដើមសួរខ្លូនឯងថា តើអាចមានផលិតផល ឬសេវាកម្មអ្វីខ្លះដែលនឹងធ្វើឲ្យជីវិតរបស់អ្នកកាន់តែងាយស្រួលជាងមុន? ចូរសរសេរផលិតផលឬសេវាកម្មទាំងឡាយណាដែលអ្នកគិតថាវាអាចផ្លាស់ប្ដូរជីវិតផ្ទាល់ខ្លួនអ្នកឲ្យកាន់តែដាយស្រួល កាន់តែសប្បាយ រីករាយបន្ថែមទៀត ឬអាចធ្វើឲ្យការងារអ្នកកាន់តែមានប្រសិទ្ធិភាព ឬផ្ដល់ពេលទំេនរកាន់តែច្រើនសម្រាប់អ្នកប្រើប្រាស់។ មួយវិញអ្នកត្រូវកំណត់ខ្លួនឯងថា តើហេតុអ្វីអ្នកចង់ស្វែងរកគំនិតអាជីវកម្មនេះ? ឧទាហរណ៍៖ បង្កើតអាជីវកម្មនេះឡើងមកព្រោះចង់កាត់បន្ថយការចំណាយពេលវេលាច្រើនទៅទិញម្ហូបក្រៅ។ លើសពីនេះអ្នកត្រូវដឹងថា វាជាអ្វីដែលអ្នកចូលចិត្ដធ្វើឬអត់? អ្នកមានជំនាញធ្វើវាឬអត់? បើអត់តើត្រូវធ្វើដូចម្ដេចដើម្បី ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងវិស័យនោះ? រួចហើយគឺជាពេលដែលត្រូវរៀបចំផែនការនិងអនុវត្ដវា។

ប្រមើលមើលអនាគតវែងឆ្ញាយ
បើអ្នកគិតពីការធ្វើអាជីវកម្ម អ្នកមិនត្រូវគិតតែត្រឹមរយៈពេលខ្លីនោះទេ ឬដើម្បីតែការមានបានផ្ទាល់ខ្លួនតែមួយមុខនោះទេ អ្នកត្រូវគិតពីអាជីវកម្មអ្នកជាសំខាន់។ បើអ្នកចង់បានគំនិតរកស៊ីមួួយល្អ អ្នកត្រូវចេះប្រមើលមើលនិងគិតពីអនាគតរបស់អាជីកម្មអ្នកថា តើអាជីវកម្មរបស់អ្នកនឹងក្លាយជាអាជីវកម្មក្នុងរយៈពេលមួយឆ្នា ពីរឆ្នាំ ប្រាំឆ្នាំ ដប់ឆ្នាំ ឬ ២០ឆ្នាំទៅមុខទៀត? តួយ៉ាងដូច Business Cambodia ធ្លាប់បានលើកឡើងថា អ្នកមិនគួរចាប់មុខរបរលាងឡានឡើយ ក៏ព្រោះតែមុខរបរនេះអាចនឹងត្រូវខ្សោះម៉ូយនៅពេលមួយដែលទីក្រុងមានហេដ្ឋារចនាសម្ព័ន្ធស្អាតគ្រប់ទីកន្លែង។រថយន្ដរបសើអ្នកប្រើប្រាស់មិនងាយប្រលាក់ឡើយ ដែលជាហេតុធ្វើឲ្យអាជីវកម្មនេះមិនអាចទាញយកប្រាក់ចំណូលបានយូរអង្វែងនោះឡើយ។ មួយវិញទៀត លោក ឧកញ៉ា គួច ម៉េងលី ក៏ធ្លាប់មានប្រសាសន៍ថា យើងគួររកអាជីវកម្មណាដែលមានម៉ូយមិនចេះអស់ ហើយញ៉ាំមិនចេះទ្រលាន់។

វិស័យដែលនឹងធំធាត់
មនុស្សជោគជ័យតែងតែជាមនុស្សដែលចេះ សម្លឹងមើលឃើញវិស័យដែលនឹងរីកលូតលាស់ធំធាត់នៅពេលអនាគត។វាជាចក្ខុវិស័យរបស់ពួកគេ ដែលធ្វើឲ្យវិស័យនោះរីកចម្រើនទៅតាមមហិច្ឆតារបស់ពួកគេ។ ការបង្កើត App សម្រាប់ស្មាតហ្វនកាន់តែជារឿងដែលពេញនិយម ហើយមានមនុស្សរាប់ពាន់លាននាក់ប្រើប្រាស់វា។ វាជាវិស័យមួយដែលនឹងរីកលូតលាស់កាន់តែធំ ដូច្នេះអ្នកគួររកវីធីទាញយកផលចំណេញពីវិស័យនេះ។
ជារួមអ្នកត្រូវសម្លឹងមើលវិស័យណាមួយដែលអ្នកច្បាស់ថាវានឹងរីកចម្រើន រួចស្វែងរកឱកាសក្នុងវិស័យនោះ៕

ដកស្រង់ចេញពី៖ ទស្សនាវត្ដី ពាណិជ្ជកម្មកម្ពុជា
អត្ថបទដោយ៖ ធូរ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES