មិនធម្មតា! គ្រាន់តែទ្រព្យសរុប សេដ្ឋីលេខ១ក្នុងលោក អាចទិញផ្ទះរហូតដល់២៨ម៉ឺនខ្នងនៅរដ្ឋ Texas

រហូតមកទាល់ពេលនេះ មិនទាន់មានអ្នកណាអាចគ្រងតំណែងអ្នកមានលេខ១លើលោក ជំនួស មហាសេដ្ឋី Jeff Bezos ស្ថាបនិក Amazon នៅឡើយទេ។ Jeff Bezos នៅតែគ្រងតំណែងបរុសមានបំផុតលើផែន ខណៈដែល សេដ្ឋីលេខ២ គឺលោក Bill Gates រវល់តែបរិច្ចាគទ្រព្យយ៉ាងច្រើនជួយជនក្រីក្រ។

Jeff Bezos បានធំធាត់និងចំណាយពេលនៃជីវិតជាកុមារភាព នៅទីក្រុង​ Austin ដែលជារដ្ឋធានី នៃ រដ្ឋ Texas សហរដ្ឋអាមេរិក។ មកទាល់ពេលនេះ ទ្រព្យរបស់លោកមានប្រមាណ ១៣៤ពាន់លានដុល្លារ ហើយទ្រព្យសម្បត្តិទាំងអស់នេះ លោកអាចទិញផ្ទះទាំងអស់នៅក្នុងទីក្រុង Austin ដែលមានតម្លៃសរុបប្រមាណ ១២៩.៩ពាន់លានដុល្លារ នៃផ្ទះប្រមាណ ២៨ម៉ឺនខ្នង ដែលក្នុងនោះមានផ្ទះជាលក្ខណៈគ្រួសារ ខុនដូ និង townhouses ជាដើម។

មិនតែប៉ុណ្ណោះ ទ្រព្យសម្បតិ្តសរុបរបស់លោក ខ្ទង់ ១៣៤ពាន់លានដុល្លារនេះ ក៏អាចឲ្យលោក មានលទ្ធភាពទិញផ្ទះ បាន ២០ម៉ឺនខ្នងនៅទីក្រុង Washington D.C ដែលមានតម្លៃសរុប ១៣១ពាន់លានដុល្លារផងដែរ។

មិនមែនមានតែ Jeff Bezos​ ទេដែលមានលទ្ធភាពទិញផ្ទះទាំងអស់ក្នុងទីក្រុងមួយ ចំណែកលោក Bill Gates ដែលកំពុងកាន់ទ្រព្យ ចំនួន ៩៨ពាន់លានដុល្លារក៏អាចទិញផ្ទះទាំងអស់ក្នុងទីក្រុងមួយបានផងដែរ។ ទ្រព្យ ខ្ទង់៩៨ពាន់លានដុល្លារ របស់ Bill Gates អាចឲ្យលោកទិញផ្ទះទាំងអស់ប្រមាណ ៣១ម៉ឺនខ្នង ក្នុងទីក្រុង Charlotte នៃរដ្ឋ North Carolina ដែលមានតម្លៃសរុបប្រមាណ ៩២ពាន់លានដុល្លារ៕

អត្ថបទដោយ៖ ហុង

0 មតិ

បញ្ចេញមតិ

RELATED ARTICLES