សម្តេចហ៊ុន សែន៖ គម្រោងវិនិយោគវិស័យសំណង់កើនឡើង៧០០% ធៀបឆ្នាំ២០១៨

ការវិនិយោគវិស័យសំណង់នៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ដោយមានក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើនបានបោះទុនវិនិយោគលើគម្រោងធំៗនៅតំបន់សក្តានុពលសំខាន់ៗរបស់កម្ពុជា មានក្រុងភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កំពត ប៉ោប៉ែតជាដើម។

យោងតាមប្រសាសន៍សម្តេច ហ៊ុន សែន ថ្លែងកាលព្រឹកមិញនេះ បានឲ្យដឹងថា សម្រាប់រយៈពេល២ខែឆ្នាំ២០១៩នេះ កំណើនគម្រោងវិនិយោគវិស័យសំណង់បានកើនឡើង៧០០% បើធៀបនឹងឆ្នាំ២០១៨ រយៈពេលដូចគ្នា។

គួររំលឹកថា ក្នុងអំឡុងពេល ២ ខែដំបូងនៃឆ្នាំ ២០១៨ គម្រោងសាងសង់ចំនួន ៥៨៦ គម្រោងដែលមានតម្លៃវិនិយោគជាង ៣៥៦ លានដុល្លារអាមេរិកត្រូវបានអនុម័ត នេះបើយោងតាមរបាយការណ៍ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។

រយៈកាលកន្លងមក និងបច្ចុប្បន្ន វិស័យសំណង់បានរួមចំណែកយ៉ាងខ្លាំងក្នុងកំណើនសេដ្ឋកិច្ចជាតិឆ្នាំ២០១៨ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ របស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយនាពេលថ្មីៗនេះ។ ការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ២០១៨ ត្រូវបានដំឡើងដល់ ៧ភាគរយ ដែលក្នុងនោះវិស័យសំណង់តែមួយគត់ រួមចំណែក ១១,៥ ភាគរយ  បន្ទាប់ពីការនាំចេញដែលរួមចំណែក ១១,៦ ភាគរយ និងទេសចរណ៍ ១២,៥ ភាគរយ។

ឯកឧត្ដម ជា ចាន់តូ ទេសាភិបាលធនាគារជាតិធ្លាប់លើកឡើងថា កំណើនសេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើនជាលំដាប់។ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានបន្តរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសក្នុងវិស័យនាំចេញ វិស័យទេសចរណ៍ វិស័យសំណង់ និងវិស័យកសិកម្មដែលរួមគ្នាធ្វើឲ្យកំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០១៨ មានភាពរឹងមាំ។ ហើយផលប័ត្រប្រាក់កម្ចីសម្រាប់វិស័យសំណង់និងអចលនទ្រព្យ ក៏បានកើនឡើងផងដែរ។ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ ២០១៨ ផលប័ត្រប្រាក់កម្ចីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសរុបបានកើនឡើងរហូតដល់ ២២,៥ ពាន់លានដុល្លារពោលគឺកើនឡើងរហូតដល់ ១៨,៨ ភាគរយ។

ក្នុងចំណោមពាណិជ្ជកម្មទាំងអស់ កម្ចីសម្រាប់វិស័យសំណង់និងអចលនទ្រព្យ គឺស្មើនឹង ១៦,៥ ភាគរយនៃផលប័ត្រកម្ចីសរុបពីធនាគារ និង ៤ ភាគរយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

យោងតាមរបាយការណ៍របសើក្រសួងដែនដី នគររូបនីយកម្មនិងសំណង់ កាលពីឆ្នាំ២០១៨ បានឲ្យដឹងថា នៅកម្ពុជាយើង បច្ចុប្បន្ន មានក្រុមហ៊ុនសាងសង់ជាតិ ក្រុមហ៊ុនអន្តរជាតិ ក្រុមហ៊ុនប្រកបរបរអាជីវកកម្ម សិក្សាគម្រោងប្លង់ មានចំនួន​ ១០៤៣ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនសាងសង់ចំនួន១០០៣ក្រុមហ៊ុន និងក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ចំនួន៤០ក្រុមហ៊ុន៕

«អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ»

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

0 មតិ

បញ្ចេញមតិ

RELATED ARTICLES