ពលរដ្ឋខ្មែរទទួលប្រយោជន៍អ្វីខ្លះ ពេលចិនសម្រុកវិនិយោគបន្តកន្ទុយគ្នាបែបនេះ?

អ្នកវិនិយោគិនចិនមានសន្ទុះយ៉ាងខ្លាំងក្នុងការបោះទុនវិនិយោគនៅកម្ពុជាច្រើនវិស័យរាប់ចាប់តាំងពីធនាគារហិរញ្ញវត្ថុ សំណង់ រ៉ែមាស វិស័យម្ហូបអាហារ និងអចលនទ្រព្យជាដើម។ ស្របពេលចិនជាប្រទេសមានអ្នកវិនិយោគិនច្រើន ផ្តល់ប្រយោជន៍ច្រើនដល់កម្ពុជា យើងមិនអាចរំលងបាននូវគុណវិបត្តិ ឬបញ្ហាប្រឈមមួយចំនួនដែលកើតមានដំណាលគ្នានេះ។

យើងតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មកម្ពុជានាថ្មីៗនេះ បានបង្ហាញថា ជនបរទេសកំពុងស្នាក់នៅប្រកបអាជីវកម្មខេត្តព្រះសីហនុមានចំនួន ១៥ សញ្ជាតិ ដូចជា អាឡឺម៉ង់ អ៊ីតាលី ហ្វីលីពីន ទួកគី អូស្ត្រាលី ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីស្រាអែល ជប៉ុន បារាំង ចិន រុស្សី អាមេរិក អង់គ្លេស និងកូរ៉េ។ ជនជាតិចិនមានចំនួនច្រើនជាងគេ និងមួយចំនួនកំពុងតែប្រកបអាជីវកម្មខ្នាតតូច ដូចជា កាត់សក់ លក់គ្រឿងទេស លក់គ្រឿងសំណង់ ម្ហូបអាហារ បន្លែ និងផ្លែឈើ ប្តូរប្រាក់ និងអាហារដ្ឋានជាដើម។

លោកសន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate ធ្លាប់លើកឡើងថា «ហេតុដែលវិនិយោគិនចិនសម្រុកមកវិនិយោគនៅព្រះសីហនុ ព្រោះទំនាក់ទំនងជិតស្និទរវាងរដ្ឋាភិបាលទាំង២ ញំាឲ្យមានបរិយាកាសល្អប្រសើរដល់វិនិយោគិននៃប្រទេសទាំងពីរ ក្នុងការសហការគ្នារកស៊ី ប្រសើរជាងប្រទេសក្បែរខាងកម្ពុជាលើលែងឡាវមួយ»។

លោកបន្តថា «តាមធម្មតាពេលមានវិនិយោគិនចិន តែងមានមកជាមួយនូវល្បែងស៊ីសង ដែលបង្កើតបាននូវអំពើរចារកម្ម បង្កអសន្តិសុខ។ យើងទទួលស្គាល់ថាចិនពូកែរកស៊ី តែគុណវិបត្តិរបស់ពួកគាត់ គឺចូលចិត្តលែងល្បែងស៊ីសង បង្កបញ្ហា ជាពិសេសស្រុកខ្មែរយើង ការលែងល្បែងនេះជាអំពើខុសច្បាប់។កំឡុងពេលអភិវឌ្ឍន៍ ធ្វើឱ្យសោភណ្ឌភាពក្រុងមានភាពរញ៉េរញ៉ៃមិនសណ្ឋាប់ធ្នាប់ជាដើម»។

«យើងមិនអាចគ្រប់គ្រងបាន១០០% តែម្ចាស់ស្រុកត្រូវតែព្យាយាមឱ្យអស់លទ្ធភាព ធ្វើយ៉ាងណាកុំឱ្យមានសកម្មភាពអនាធិបតេយ្យកើតមាន។ ហើយកន្លែងស្នាក់នៅ ភោជណីដ្ឋានមានការឡើងថ្លៃខ្ពស់ជាងធម្មតា ព្រោះជនជាតិចិនហ៊ានជួលក្នុងតម្លៃថ្លៃៗ បង្កការលំបាកដល់ពលរដ្ឋក្រីក្រម្ចាស់ស្រុក»លោកបន្ថែម។

លោកបញ្ជាក់ថា បញ្ហាប្រឈមខ្លាំងដែលសម្រាប់ប្រជាពលរដ្ឋក្រីក្រមានជីវភាពទាប ពិបាករស់នៅ ដោយសារពីមុនងាយស្រួលរកស៊ី តែពេលនេះមានការពិបាក ដោយសារមានការប្រកួតប្រជែងជាមួយវិនិយោគិនចិន។

ស្រដៀងគ្នានេះលោកគីម ហ៊ាង  ប្រធានសមាគម CVEA មានប្រសាសន៍ថា «ចិនវិនិយោគនៅកម្ពុជាមានសន្ទុះខ្លាំង ជាពិសេសនៅខេត្តសក្តានុពលខេត្តព្រះសីហនុ តែបារម្ភតែវិនិយោគចិន មកអភិឌ្ឍន៍មិនដល់៣ឆ្នាំ ហើយទៅស្រុកវិញ នោះច្បាស់ជាមានបញ្ហាសម្រាប់ពលរដ្ឋម្ចាស់ស្រុកយើង។ ជាពិសេសបើដកចេញលែងវិនិយោគមែន នឹងធ្វើឱ្យខូចតម្លៃអចលលនទ្រព្យក្នុងស្រុកមិនខាន»។

លោកបន្តថា «គ្រាន់តែចិនចូលមករកស៊ីនៅព្រះសីហនុ ធ្វើឱ្យតម្លៃសណ្ឋាគារ ម្ហូបអាហារ និងសេវាកម្មផ្សេងមានការឡើងថ្លៃ ជាពិសេសតម្លៃដីធ្លីមានការហក់ឡើងខ្លាំង ធ្វើឱ្យខេត្តជាប់មាត់សមុទ្រមួយនេះ មានការអភិវឌ្ឍន៍ខ្លាំង វាអាចបង្កការលំបាកដល់ទេសចរណ៍ក្នុងស្រុកក្នុងដំណើរកម្សាន្តពេលរដូវបុណ្យទាន»។

បើទោះបីជាចិនផ្តល់ប្រយោជន៍ជាច្រើនតាមរយៈការបោះទុនវិនិយោគរាប់ពាន់លានដុល្លារ តែបញ្ហាសំខាន់ៗនៅតែកើតមានឡើងជាបន្តបន្ទាប់ជាក់ស្តែងអំពើរចារកម្ម កើតជាប្រចាំ ដូចជាអំពើចារកម្ម ចាប់ជំរិតតាមប្រព័ន្ធអ៊ីធើណេត ដែលក្រុមហ៊ុនចោរទាំងនោះយកមូលដ្ឋាននៅកម្ពុជាជាទីតាំងប្រព្រឹត្តបទល្មើស។ ហើយការដកវិនិយោគ លែងបន្តវិនិយោគតទៅទៀតក៏ជាកត្តាប្រឈមខ្លាំង សម្រាប់សេដ្ឋកិច្ចជាតិខ្លាំផងដែរ ព្រោះចិនកំពុងឈរលំដាប់លេខរៀងកំពូលក្នុងការវិនិយោគ តែបើដកមែននោះច្បាស់ជា ចរន្តដំណើរការអភិវឌ្ឍន៍ជាតិនិងត្រូវជាប់គ្រាំមិនខាន៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES