ក្បួនជ្រើសរើសមុខរបររកស៊ីល្អបំផុត សម្រាប់យុវជនចង់ចេញរកស៊ី

ទំនោរនៃការរកស៊ីនៅកម្ពុជាហាក់ប្រែប្រួលទៅតាមស្ថានការក្នុងប្រទេស និងអន្តរជាតិ។ ច្បាស់ណាស់ថា ការសង្គមប្រែប្រួល របររកស៊ីក៏ប្រែប្រួលតាមស្ថានភាពសង្គមផងដែរ ជាពិសេសមុខរបរថ្មីៗ តែងលេចរូបរាងឡើងជាបន្តបន្ទាប់ អាជីវកម្មខ្លះបើកមិនទាន់ដើរស្រួលផល ដួលទៅវិញ ឯអ្នកខ្លះសំណាងអាចមានដង្ហើមតទៅទៀត។ ចុះចំណែកអ្នកត្រៀមចេញរកស៊ីថ្មីៗ តើគួរជ្រើសរើសរបរណាដែលល្អបំផុត ដែលមិនចេះផ្អូម ឬហួសសម័យ ហើយឆាប់ទទួលបានជោគជ័យនៅពេលអនាគត?

ឧកញ៉ាគួច ម៉េងលី ធ្លាប់លើឡើងថា «មុនចេញរកស៊ី ត្រូវជ្រើសរើសអាជីវកម្មដែលស៊ីមិនចេះអស់ម៉ូយ មិនចេះទ្រលាន់ អាជីវកម្មនេះមានច្រើនណាស់នៅប្រទេសកម្ពុជា។ អាជីវកម្មប្រភេទនេះ គ្មានអ្នកធ្វើទេ តែប្រសិនបើអាជីវកម្មនឹងគេធ្វើហើយ យើងធ្វើឲ្យខុសពីគេទៅ ទំាងគុណភាព សេវាកម្មល្អ ទីតំាងហាងជាដើម វានឹងទៅជាអាជីវកម្មថ្មី»។

លោកឧកញ៉ាចង់បញ្ជាក់ទៅកាន់សហគ្រិនថ្មីថ្មើងថា បើចង់ជោគជ័យក្នុងអាជីវកម្ម ត្រូវពិចារណាជ្រើសយកអាជីវកម្មណាគេមិនទាន់ធ្វើ ហើយត្រូវរកស៊ីពីតូច ប៉ុន្តែធ្វើឲ្យខ្លឹម ហើយក៏កុំរំពឹងថានឹងចំណេញភ្លាមៗ ធ្វើមេ្តចឲ្យទូទាត់ស្មើសិន ព្រោះធ្វើអាជីវកម្មយ៉ាងហោចណាស់ក៏រយៈពេល៣ឆ្នាំដែរបានរកចំណេញឃើញ។

ចំណែកលោកសំ កុសល ស្ថាបនិក Business Cambodia បានផ្តល់តំរុយពីរសំខាន់ ដល់យុវជនមុនសម្រេចចិត្តជ្រើសរើសរបរណាមួយ សម្រាប់ចេញរកស៊ីមាន ចំណង់ចំណូលចិត្តខ្ពស់ភ្ជាប់និងគុណតម្លៃនៃអាជីវកម្ម និងអាយុកាលនៃមុខជំនួញ។

«ចំណង់ចំណូលចិត្តភ្ជាប់និងគុណតម្លៃនៃអាជីវកម្ម» លោកចង់ផ្តោតសំខាន់លើចំណូលចិត្តសហគ្រិន ខ្លួនឯងច្បាស់ទេថា មុខរបរមួយនេះពិតជាកើតចេញពីក្រអៅបេះដួងខ្លួនឯងពិតប្រាកដ ព្រោះភាគច្រើនអ្នករកស៊ីច្រើនចង់បានលុយ ច្រើនជាងចំណូលចិត្ត ដែលជាហេតុធំបំផុតនាំឲ្យអាជីវកម្មបរាជ័យ គ្មានថ្ងៃជោគជ័យ។

ភ្ជាប់និងគុណតម្លៃ មិនមែនប្រយោជន៍ផ្ទាល់ខ្លួន បើទោះជាជាអាជីវកម្មក្តី តែគោលដៅធំបំផុត គឺជួយជ្រោមជ្រែងសង្គម មិនមែនផ្អែកលើប្រយោជន៍ខ្លួនឯង ឲ្យសង្គមវេទនា ដោយសារខ្លួននោះទេ។ មនុស្សច្រើនណាស់មិនថាកម្ពុជាទេ តែងយល់ខុសចំពោះន័យអាជីវកម្ម ថាបើចង់ក្លាយជាអ្នកមាន លុះត្រាតែចេញរកស៊ី។

ចំណែកអាយុកាលនៃអាជីវកម្មវិញ យ៉ាងហោចណាស់ សហគ្រិនខ្លួនឯងត្រូវតែសម្លឹងមើល១០ឆ្នាំទៅមុខ តើអាជីវកម្មនេះយើងអាចបន្តនិរន្តរភាពបានទេ? ឧទាហរណ៍៖ ហាងកាហ្វេតូចៗតាមចិញ្ចឹមផ្លូវ តើសព្វថ្ងៃនេះ មនុស្សប៉ុន្មានភាគរយ តែគាំទ្រហាងកាហ្វេបែបនេះ ហើយមានប៉ុន្មានភាគរយសម្រុកចូលហាងទំនើប​បើគ្រាន់តែតម្លៃខុសគ្នាមិនសូវច្រើនផងនោះទេ។

ជាការពិតណាស់ ការជ្រើសរើសមុខរបរ អាចមានបច្ចេកទេសខុសគ្នា តែទស្សនៈសហគ្រិនទាំង២ខាងលើនេះ យុវជនអាចយកជាមូលដ្ឋានផងដែរ មុននិងសម្រេចចិត្តចេញរកស៊ី។ កុំចេញរកស៊ីរបរណា ស៊ីត្រឹមរយៈពេលខ្លី ត្រូវជ្រើសរើសរបរណា ស៊ីអស់មួយជីវិតតដល់កូនចៅ ទើបប្រសើរ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES