ហេតុផល រកស៊ីអចលនទ្រព្យបរាជ័យ សម្រាប់អ្នកចេញរកស៊ីថ្មីថ្មើងត្រូវដឹង

អ្នករកស៊ីវិស័យអលចនទ្រព្យនៅកម្ពុជាយើងមានកាន់តែច្រើនឡើងៗ អត្រាជោគជ័យក៏មាន តែការបរាជ័យនៅមានច្រើនជាងបើធៀបគ្នា។ រកស៊ីវិស័យអចលនទ្រព្យ មិនមែនជារឿងងាយស្រួលពេកនោះទេ ហើយបរាជ័យខ្លះអាចកើតឡើងដោយសារតែកត្តាចេញរកស៊ីតាមគ្នាច្រើនពេក មិនចេះច្នៃប្រឌិតគំនិតដោយខ្លួនឯង។ ហើយមានហេតុផលជាច្រើនទៀត ដែលបណ្តាឲ្យអ្នករកស៊ីថ្មីៗ មិនជោគជ័យ ហើយសម្រេចចិត្តបោះបង់ចោល។

លោកច្រឹម សុនីម «កត្តាធ្វើឲ្យអ្នករកស៊ីដំបូងទទួលបរាជ័យ ដោយសារតែខ្វះការទុកចិត្តគ្នារវាងដៃគូរកស៊ី ឬម្ចាស់ភាគហ៊ុន ធ្វើឲ្យការងារក្នុងក្រុមហ៊ុនទាំងមូលដំណើរការមិនរលូនល្អ។ វាពិតជាពិបាកណាស់ ក្នុងការជ្រើសរើសដៃគូរកស៊ីដ៏ល្អមួយ តែយើងក៏ត្រូវឆ្លាតវៃក្នុងការជ្រើសរើស អ្នកដែលមានគោលដៅ មានទស្សនៈវិស័យរួមគ្នា ទើបអាចជោគជ័យ»

លោកសុនីមបន្តថា ចំណុចសំខាន់មួយទៀត គឺសហគ្រិនខ្លួនឯងគ្មានទស្សនៈវិស័យច្បាស់លាស់ ពេលដែលជួបព្យុះភ្លៀងមួយរយៈក៏បែកបាក់គ្នា នាំឲ្យក្រុមហ៊ុនអចលនទ្រព្យដួលរលំតែម្តង។ ចំណុចនេះ កើតមានច្រើនចំពោះអ្នករកស៊ីថ្មីៗ ហើយអ្នកដែលទើបចាប់ផ្តើម ឬត្រៀមចេញរកស៊ី ត្រូវគិតត្រង់ចំណុចនេះឲ្យបានម៉ត់ចត់។ លោកបញ្ជាក់ថា ឬសគល់សំខាន់បំផុត គឺក្រុមការងារភាគហ៊ុនតែម្តង ធ្វើយ៉ាងណារៀបចំឲ្យបានល្អ ចេះជ្រើសរើសដៃគូ ចេះរៀបចំផែនការ គោលដៅ និងមានទស្សនៈវិស័យ ចេះរួមសុខទុក្ខ មិនរត់ចោលគ្នា រួមគ្នាជម្រះព្យុះភ្លៀងឲ្យបាន នោះយើងនឹងឈានដល់ដំណាក់កាលជោគជ័យមិនខាន។

ចំណែកលោកឧកញ៉ានួន រិទ្ធី បានថ្លែងថា កត្តាសំខាន់បំផុតជំរុញឲ្យក្រុមហ៊ុន ឬអ្នករកស៊ីវិស័យអលចនទ្រព្យបរាជ័យ ដោយសារតែគ្មានជំនាញលើអ្វីដែលខ្លួនរកស៊ី ព្រោះចេញរកស៊ីតាមគេ តាមឯង ឃើញគេបានផ្លែផ្កា ហក់ចូលប្រឡូកតាមគេ ធ្វើឲ្យអត្រាបរាជ័យមានច្រើន។ ណាមួយើងមិនស្គាល់ខ្លួនឯងច្បាស់ និងស្ថានភាពទីផ្សារជាក់ស្តែង។ ចេញរកស៊ីដោយគ្មានគោលដៅច្បាស់លាស់ មិនកំណត់ទីផ្សារ មិនស្គាល់ទីផ្សារត្រឹមត្រូវ ថាខ្លួនចង់រកស៊ីផ្នែកណាមួយនៃវិស័យអចលនទ្រព្យ ព្រោះមានច្រើនដូចជា៖ខាងផ្នែកភ្នាក់ងារ វាយតម្លៃ គ្រប់គ្រង អភិវឌ្ឍន៍ សាងសង់ ឬក៏វិនិយោគជាដើម។ ដូច្នេះមុននឹងសម្រេចចិត្តចេញរកស៊ី ត្រូវកំណត់គោលដៅខ្លួន យកសេវាកម្មណាមួយ និងកំណត់យកទីផ្សារឲ្យបានច្បាស់លាស់ បើមិនចឹងទេ យើងច្បាស់ជារកស៊ីខុសក្បួន ឬប្រថុយប្រថាន ដែលអត្រានេះ នឹងជំរុញឲ្យយើងទទួលបរាជ័យ។

«យើងមានគោលដៅច្បាស់ និងស្គាល់ទីផ្សារហើយ តែបើក្រុមហ៊ុនមានភាគហ៊ុននិកច្រើន មតិច្រើនក៏ធ្វើឲ្យអន្សមឆៅដែរ។ ភាគហ៊ុនិកច្រើន មតិច្រើន គម្រោងច្រើន​ កំណត់ហើយតែមិនអនុវត្ត គ្មានសកម្មភាព ហើយមួយវិញទៀតចូលចិត្តដណ្តើមគ្នាធ្វើធំក្នុងក្រុមហ៊ុន ក៏ជាកត្តាញាំឲ្យការរកស៊ីបរាជ័យដែរ» លោកឧកញ៉ាបន្ថែម។ ជាសរុប មុននឹងយើងចេញរកស៊ី ត្រូវកំណត់គោលដៅ បេសកកម្ម ទីផ្សារ និងសិក្សាស្វែងយល់លើអាជីវកម្មឲ្យបានច្រើន រហូតយើងមានចំណេះដឹង និងជំនាញពិតប្រាកដ កុំឃើញគេចេញរកស៊ី ចង់ធ្វើតាមគេ ឃើញគេជោគជ័យ ខំប្រឹងធ្វើតាមគេ តែមិនស្គាល់ខ្លួនឯង​ មិនស្គាល់ទីផ្សារច្បាស់នោះ។

សម្រាប់លោកឈុំ ឈន់ ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យសម្បត្តិជនធ្លាប់បានលើកឡើងថា «បើជ្រុលជាបរាជ័យហើយ ត្រូវតែបរាជ័យឲ្យល្បី មិនត្រូវបរាជ័យលំៗនោះទេ» ព្រោះតែធ្លាប់អានប្រវត្ថបរាជ័យធ្ងន់ធ្ងររបស់លោកHonda និង លោកToyota មានភាពអស្ចារ្យ។ ហើយធ្លាប់ប្រាប់ខ្លួនឯងថា បើមានឱកាសបរាជ័យ ត្រូវតែបរាជ័យឲ្យខ្លាំង និងឲ្យល្បីឈ្មោះ។ សម្រាប់ការចេញរកស៊ីដំបូងនៅឆ្នាំ២០១៤ ធ្វើឲ្យលោកមានការខាតបង់ និងមានទទួលខុសត្រូវចំពោះដៃគូរកស៊ីខ្លះទៀត វាពិតជាខាតធ្ងន់ធ្ងរណាស់សម្រាប់លោក ជាមនុស្សមិនសូវមានលុយ ហើយរកស៊ីរហូតមានលុយកើនដល់ពាន់ដុល្លារ បែរជាធ្លាក់ខ្លួនរកស៊ីខាត និងជាប់បំណុលគេឡើងដល់ ៧ម៉ឺនដុល្លារជាង ខណៈបុគ្គលខ្លះអាចទៅជាឆ្កួតប្រសៃប្រសាទ បើជួបស្ថានការណ៍បែបនេះ។

លោកបានបញ្ជាក់ថា មូលហេតុបរាជ័យធំបំផុត ដែលធ្វើឲ្យទុនរកស៊ីដំបូង៣ ទៅ៤ម៉ឺនដុល្លារត្រូវបានរលាយអស់ រួមទាំងជាប់បំណុលគេទៀត ព្រោះតែខ្វះការប្រុងប្រយ័ត្នផ្នែកច្បាប់ ទុកចិត្តដៃគូខ្លាំងពេកគ្មានលិខិតស្នាមត្រឹមត្រូវ កង្វះបទពិសោធន៍រកស៊ី។ ហើយនៅពេលអាជីវកម្មទី១ បរាជ័យធ្វើឲ្យខ្លួនឯងចុះខ្សោយ ដៃគូរកស៊ីផ្នែកផ្សេងៗទៀតក្តាប់ឱកាសឯករាជ្យអស់ ធ្វើឲ្យលោកបាត់បង់អ្វីៗទាំងអស់ រួមទាំងលុយ មុខរបរ និងមិត្តភក្តមួយចំនួនទៀតផង។

បន្ទាប់ពីបរាជ័យអាជីវកម្មយ៉ាងធ្ងន់ហើយ អ្វីដែលត្រូវគិតមុនគេ គឺត្រូវថែរក្សាសុវត្ថភាពខ្លួនឯង និងគ្រួសារ ជាពិសេសបើយកឈ្នះចិត្តគ្រួសារឲ្យបាន អ្វីៗថ្ងៃក្រោយក៏អាចសងគាត់បានដែរ ចៀសវាងពួកគាត់មកបង្កការលំបាកនៅពេលនេះ។ ហើយរឿងដែលត្រូវធ្វើបន្ទាប់ គឺការអានសៀវភៅ លែងខ្វល់អ្វីទាំងអស់ រវល់តែទំនាក់ទំនងជាមួយម្ចាស់បំណុលតែមួយគត់ ធ្វើយ៉ាងណាឲ្យពួកគេពន្យាពេលនៃការសងបំណុល បើត្រូវសង១ខែនូវលុយ២ម៉ឺនដុល្លារ គឺគ្មានលុយសងនោះទេ បើទោះបីសម្លាប់យើងក៏ដោយ។ យុទ្ធសាស្ត្រធ្វើឲ្យម្ចាស់បំណុលទន់ចិត្ត ពន្យាពេលសងបំណុលនេះហើយ ជាឱកាសធ្វើឲ្យមានដង្ហើមដកងើបត្រឡប់មកវិញ និងអាចក្តាប់ឱកាសរកស៊ីរឹងមាំជាងពេលចាប់ផ្តើមដំបូង និងជោគជ័យដល់ពេលបច្ចុប្បន្ននេះ លោកឈន់ បន្ថែម។

«អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ»

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ


0 មតិ

បញ្ចេញមតិ

RELATED ARTICLES