គន្លឹះផ្លាស់ប្តូរពីភ្នាក់ងារ ក្លាយជាអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យ

ភ្នាក់ងារអចលនទ្រព្យជាច្រើនកំពុងតែបម្រើការងារពេញម៉ោង ឬក្រៅម៉ោងក្នុងវិស័យអចលនទ្រព្យ ពួកគេមួយចំនួនបានផ្លាស់ប្តូរខ្លួនពីភ្នាក់ងារសាមញ្ញារហូតក្លាយជាម្ចាស់ក្រុមហ៊ុន និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាដើម។ តែភ្នាក់ងារមួយចំនួនទទួលបរាជ័យ ព្រោះតែពួកគេធ្វើការងារដោយគ្មានក្តីស្រមៃ និងអភិវឌ្ឍន៍ខ្លួនក្លាយជាបុគ្គលជោគជ័យលើវិស័យនេះ។

សម្រាប់បទពិសោធន៍អភិវឌ្ឍន៍អចលនទ្រព្យ លោកឧកញ៉ាថៃ ម៉េងលី អគ្គនាយកប៉េង ហួត គ្រុប មានប្រសាសន៍ថា ចំណុចពិសេសដែលបុរី ប៉េង ហួត ជោគជ័យ គឺការបង្កើតគំនិតរចនាប្លង់ផ្ទះថ្មី ហើយប្លែក និងឈានមុខគេ ដែលធ្វើឲ្យមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនជាខ្មែរយើង និងបរទេសមួយចំនួនផងដែរ។ ជាការពិតណាស់ គម្រោងអភិវឌ្ឍន៍របស់បុរីប៉េង​ ហួតនីមួយៗ តែងមានចំណុចរចនាប្លង់ថ្មី ហើយទាក់ទាញ ដែលបង្កើតបានផ្ទាំងទស្សនីយភាពថ្មីៗ ធ្វើឲ្យគម្រោងមានចំណុចពិសេសរៀងៗខ្លួន និងប្លែកពីគេ។

ការស្គាល់អតិថិជនគោលដៅជានរណាឲ្យបានច្បាស់លាស់ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នករកស៊ី ជាពិសេសលើវិស័យអភិវឌ្ឍន៍អចលនទ្រព្យដូចជាបុរី ប៉េង ហួត តែម្តង។ អតិថិជនដែលតែងទិញគម្រោងនានារបស់បុរី ប៉េង ហួត ភាគច្រើន ជាជនជាតិខ្មែរយើង ដែលមានចំណូលមធ្យម និងចំណូលខ្ពស់ ហើយអតិថិជនបរទេសក៏មានផងដែរ។ បើយើងមិនស្គាល់អតិថិជនគោលដៅយើងច្បាស់ទេ យើងមិនអាចទទួលបានជោគជ័យលើគម្រោងអភិវឌ្ឍន៍បានទេ ដូច្នេះមុនចេញរកស៊ីអ្វីមួយ ត្រូវតែស្គាល់អតិថិជនគោលដៅខ្លួនឯងឲ្យច្បាស់សិន។

គម្រោងអភិវឌ្ឍន៍បុរី ប៉េង ហួត ទាំងអស់ផ្តោតលើគុណភាព និងសោភ័ណ្ឌភាពបៃតង។ ច្បាស់ណាស់គម្រោងអភិវឌ្ឍន៍សំណង់ណាដែលមិនផ្តោតសំខាន់លើគុណភាព ច្បាស់ជាមិនបង្កើតជំនឿទុកចិត្តពីសំណាក់មហាជនទូទៅឡើយ។ ចំណែកបុរី ប៉េង ហួត គិតមានគុណភាពសំណង់ណាស់ ដោយមានការរចនាប្លង់ត្រឹមត្រូវ និងមានវិស្វករជំនាញជាខ្មែរ និងបរទេសកំពុងបម្រើការងារ។ ហើយគម្រោងអភិវឌ្ឍន៍តែងតែយកចិត្តទុកដាក់លើសោភ័ណ្ឌភាពបៃតងជានិច្ច ដែលគម្រោងនីមួយៗមានសួន មានដើមជើង និងសួនកម្សាន្តជាដើម។

ចំណែកលោកភិរម្យ វិចិត្រដារ៉ា សហគ្រិនរកស៊ីវិស័យអចលនទ្រព្យមានប្រសាសន៍ថា «បង្កើតទំនាក់ទំនងជាមួយមហាជន ជាកត្តាគន្លឹះមួយក្នុងចំណោមចំណុចសំខាន់ផ្សេងទៀត ក្នុងការជួយជំរុញឱ្យភ្នាក់ងារអចលនទ្រព្យ ក្លាយជាអ្នកអភិវឌ្ឍន៍វិស័យនេះជោគជ័យបាន។ យើងត្រូវបង្កើតទំនាក់ទំនងល្អជាមួយមហាជនទៅតាមប្រភេទមនុស្ស ឬក៏បែងចែកប្រភេទមនុស្សផ្សេងៗទៅតាមលក្ខណៈសម្បត្តិ បុគ្គលខ្លះគាត់មានដើមទុន, បុគ្គលខ្លះមានគំនិតរកស៊ី, មានចំណេះដឹងជ្រៅជ្រះ និងមានកម្លាំងធ្វើការជាដើម ព្រោះប្រភេទបុគ្គលទាំងនេះ អាចជួយជ្រោមជ្រែងអ្នកឈានដល់គោលដៅបាន ព្រោះពេលចាប់ផ្តើមរកស៊ី យើងត្រូវគិតថា តើមានបុគ្គលប៉ុន្មាននាក់អាចជួយផ្នែកដើមទុន គំនិត កម្លាំងលក់ជាដើម»។

លោកបានបន្តថា ដើម្បីក្លាយជាខ្លួនជាអ្នកអភិវឌ្ឍន៍ ឬសហគ្រិនលើវិស័យអចលនទ្រព្យ ការត្រៀមសមត្ថភាពមុនចាប់ផ្តើមពិតជាកត្តាសំខាន់មិនអាចខ្វះបានឡើយ។ ភ្នាក់ងារអចលនទ្រព្យគ្រប់រូប ត្រូវតែរៀនសូត្រធ្វើជាសហគ្រិនតាំងពីដំបូងទី រៀនមើល រៀនសង្កេត តើសហគ្រិន ឬថៅកែទាំងនោះ អាចសមត្ថភាពក្នុងការគិត សមត្ថភាពទំនាក់ទំនង សមត្ថភាពក្នុងការវិភាគទិន្នន័យ សមត្ថភាពគ្រប់គ្រងក្រុមហ៊ុនជាដើម។

លោកបានបន្ថែមថា មុនចាប់ផ្តើមរកស៊ី ត្រូវត្រៀមសមត្ថភាពនៃការលក់ ព្រោះក្រុមហ៊ុនដួលរលំទៅវិញកំឡុងឆ្នាំទី១ដល់ឆ្នាំទី៣ ដោយសារតែបរាជ័យសមត្ថភាពការលក់។ ហើយចាប់ពីឆ្នាំទី៣ ដល់ទី៦ បញ្ហាគ្រប់គ្រងបុគ្គលិកអាចកើតមានច្រើន ដូច្នេះសមត្ថភាពនៃការគ្រប់គ្រងបុគ្គលិកកាន់តែមានភាពចាំបាច់ថែមទៀត នៅពេលក្រុមហ៊ុនមានដំណើរល្អក្រោយ៣ឆ្នាំ។ ឆ្នាំបន្ទាប់ចាប់ពី៦ឆ្នាំឡើងទៅ ក្រុមហ៊ុនភាគច្រើនតែងមានបញ្ហាហិរញ្ញវត្ថុ ឬប្រើប្រាស់ចរន្តហិរញ្ញវត្ថុគ្មានប្រសិទ្ធភាព អាចប្រឈមភាពបរាជ័យ ដូច្នេះជំនាញគ្រប់គ្រងលុយពិតជាសំខាន់ណាស់ សម្រាប់ម្ចាស់សហគ្រាសទាំងឡាយ។

លោកបញ្ជាក់ថា តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនយើងត្រូវតែចាប់ផ្តើមធ្វើការឱ្យគេសិន ចុះរយៈពេលប៉ុន្មានបានអាចចាប់ផ្តើមចេញរកស៊ីខ្លួនឯងនោះ ត្រង់ចំណុចនេះមិនសំខាន់លើពេលវេលានោះទេ ព្រោះបុគ្គលខ្លះធ្វើការរាប់ឆ្នាំ តែចេញរកស៊ីនៅតែបរាជ័យ ដោយសារតែគាត់រៀនបានតិចតួច ដូច្នេះសំខាន់ត្រង់ថា តើយើងអាចរៀនអ្វីខ្លះកំឡុងពេលយើងកំពុងធ្វើការងារឱ្យគេ យ៉ាងហោចណាស់ក៏ត្រូវរៀន៣០មេរៀនដែលមុននឹងចាប់ផ្តើម។ ហើយយើងត្រូវប្រាកដថា មេរៀនអាជីវកម្មទាំងនេះ សមល្មមអាចឈានជើងចូលប្រឡូកផ្ទាល់បានហើយឬនៅ៕

«អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ»

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ


0 មតិ

បញ្ចេញមតិ

RELATED ARTICLES