សម្តេចហ៊ុនសែន ប្រកាសសង់ស្ពានឆ្លងកាត់ទន្លេសាប ភ្ជាប់ខេត្តខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំ

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០១៩ ក្នុងកម្មពិធីបុណ្យទន្លេលើកទី៥ ដែលសម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានប្រកាស​សាងសង់​ស្ពាន​ឆ្លង​ទន្លេសាប ដែលមាន​ប្រវែង ៣៩០០ ម៉ែត្រ និងផ្លូវជាង ៥៧ គីឡូម៉ែត្រ​ ត​ភ្ជាប់​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​ ។

ចំពោះការសាងសង់ស្ពានឆ្លងកាត់ទន្លេសាបនិងផ្លូវ​ ដែលភ្ជាប់ពីខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំ គឺដើម្បី​សម្រួល​ដល់ការ​ធ្វើដំណើរ ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ។

នៅក្នុងការប្រកាសរបស់សម្តេចដូច្នេះ​ ដោយត្រូវធ្វើឡើងតាមការ ស្នើសុំ ​របស់លោក ឈួ​រ ចាន់​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ដែល​បាន​ថ្លែង​សន្ទរកថា​ក្នុង​ពិធី​បើក​ពិធីបុណ្យ​ទន្លេ។

ជាមួយគ្នានេះដែរ សម្តេចក៏បានបញ្ជាក់ផងដែរថា ផ្លូវ៥០c ដែលមានចម្ងាយ៥៧គីឡូម៉ែត្រ ដែលតភ្ជាប់ពី ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ហើយក្នុងនោះគឺត្រូវតែមានការសាងសង់ស្ពានដែលមានប្រវែងជាងគេនៅប្រទេសកម្ពុជា នៅក្នុងប្រវែងប្រមាណ៣៩០០ ម៉ែត្រ ឆ្លងកាត់ដៃទន្លេទាំង៣ ក្នុងខេត្តកំពង់ឆ្នាំង គឺទន្លេ​ផ្សារក្រោម, ទន្លេ​ជ្រោយបុស្ស និង​ទន្លេកំពង់ហាវ។

សូមបញ្ជាក់ផងដែរថា នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំក៏មានការសាងសង់ស្ពានចំនួន២ផងដែរ ដែលនៅក្នុងការសាងសង់ស្ពាននេះគឺជាការ​ធ្វើស្ពាន​ដើម្បី​កុំឱ្យមានផលប៉ះពាល់​ទៅលើ​ការធ្វើចរាចរណ៍​ផ្លូវទឹក និង​ចរាចរណ៍​ត្រី​ ហើយការសាងសង់ស្ពាននេះនឹងធ្វើឡើង​ក្រោយពេល​ដែល​គម្រោងនេះ ត្រូវបាន​សិក្សាបញ្ចប់រួចរាល់ជាក់លាក់ ដោយមិនមានផលប៉ះពាល់​ធនធាន​ធម្មជាតិ និង​ការបម្លាស់​ទី​របស់​ត្រី​នោះទេ។

អត្ថបទ៖​ទួន កែវពិសី

0 មតិ

បញ្ចេញមតិ

RELATED ARTICLES