បញ្ហាដីឡូត៏គឺនៅតែជាកង្វល់សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា

បញ្ហាដីឡូត៏គឺនៅតែជាកង្វល់សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជាដែលតម្រូវឲ្យមានការត្រួតពិនិត្យ​នឹង​គិតគួរបន្ថែមទៅលើបញ្ហានេះ។ យ៉ាងណាមិញ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ក៏​ដូចជាគ្រោងនឹងចេញបទបញ្ញាត្តិជាបន្តបន្ទាប់ដើម្បីធ្វើយ៉ាងណាធានាឲ្យបានការអភិវឌ្ឍន៍ដីប្រកបដោយ​និរន្តភាពដែលនឹងមិនបង្ករកង្វល់នាពេលអនាគត។

អ្នកជំនាញ មួយរូបបានប្រាប់Business Cambodia ថា ទោះបីជាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សន្ទុះនៃការពុះដីឡូតិ៍ បានកំពុងផុសផុលយ៉ាងណាក៏ដោយ ក៏វានឹងរសាតឆ្ងាយបន្តិចម្តងៗ ដែល​នេះ​គេហៅថា វដ្ដ។

លោកបានបន្តថា ភ្លើងដីឡូតិ៍មួយនេះ ចាប់ផ្តើមរលត់បន្តិចម្តងៗ យ៉ាងយូរត្រឹម១ឆ្នាំទៀត អស់ខ្យល់ហើយ។ ជាក់ស្តែងយើងសង្កេតឃើញថា នាចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩នេះ សន្ទុះនៃការពុះដី ក៏មិនសូវជាផុសផុលប៉ុន្មានដែរ ពោលគឺមានលក្ខណៈស្ងប់ស្ងាត់ ជាពិសេសដីនៅតាមតំបន់ជាយៗក្រុង ។ កាលដែលការមិនសូវមានការផុសផុល ព្រោះអ្នកខ្លះ សង្ឃឹមថា ទិញដីឡូតិ៍ទុកលក់ចំណេញ ប៉ុន្តែនៅពេលទិញហើយ អ្វីៗមិនដូចការគិតឡើយ គឺវាមិនអាចចំណេញច្រើននោះទេ ព្រោះដីពុះឡូតិ៍ទាំងនោះវាថ្លៃស្រាប់ទៅហើយ។

ភាគច្រើននៃអ្នកទិញដីឡូតិ៍ជាអ្នកដែលមានជីវភាពក្រោមមធ្យម និងមធ្យម ហើយមួយចំនួនពួកគេគឺទិញដីសម្រាប់លក់យកចំណេញ។

លោកបញ្ជាក់ពីចំណុចនេះថាភាគច្រើននៃដីឡូតិ៍គឺមិនឡើងថ្លៃទៀតទេ បើកើនឡើងក៏មិនច្រើនដែរ ដោយសារអ្នកវិនិយោគបានយកចំណេញច្រើនរួចទៅហើយដូច្នេះអ្នកទិញគួរពិចារណាលើចំណុចនេះ ។លោកលើកឡើងទៀតថា សម្រាប់អ្នកមានជីវភាពខ្ពស់(អ្នកមាន) គឺពួកគេមិនទិញដីឡូតិ៍ទេព្រោះដីឡូតិ៍មានការអភិវឌ្ឍន៍យឺត ហើយអ្នកទិញទៀតសោធនៅចាំមើលគ្នាមិនព្រមសាងសង់អ្វីឡើយចំណែកឯការសាងសង់លំនៅដ្ឋានគឺគ្មានសណ្តាប់ធ្នាប់។ លោកថាកាលណាតំបន់ដីឡូតិ៍មួយមិនមានការ សាងសង់ដែលមានសណ្តាប់ធ្នាប់ត្រឹមត្រូវ ដីតំបន់នោះក៏មិនកើនឡើងតម្លៃដែរ។

លោកបានបញ្ជាក់ផងដែរថា នៅពេលលើកឡើងពីបញ្ហាប្រឈមនៃការទិញដីឡូតិ៍នៅក្នុងទីផ្សារកម្ពុជា អ្នកទិញគួរមានការប្រុងប្រយ័ត្នមុនពេលទិញដីតំបន់ណាមួយត្រូវដឹងថា អ្នកអភិវឌ្ឍន៍មានកម្មសិទ្ធិត្រឹមប្លង់ទន់ ឫប្លង់រឹង។

ត្រង់ចំណុចនេះលោកបានលើកពីឧទាហរណ៍ជាក់ស្តែងថា នាពេលកន្លងមកធ្លាប់មានអ្នកវិនិយោគដែលមានប្លង់រឹង ប៉ុន្តែនៅពេលដែលលក់ទៅអោយអ្នកទិញ ម្ចាស់ដីឡូតិ៍កាត់ត្រឹមប្លង់ទន់ទៅឲ្យតែប៉ុណ្ណោះ។

0 មតិ

បញ្ចេញមតិ

RELATED ARTICLES