មកស្គាល់តំបន់ឧទ្យានជាតិចំនួន៧ នៅកម្ពុជា ដែលរកចំណូលបានច្រើនជាងគេ

តំបន់ឧទ្យានជាតិជាតំបន់ទេសភាព និងធម្មជាតិ ដែលមានសារៈសំខាន់សម្រាប់បម្រើឲ្យ ការស្រាវជ្រាវវិទ្យាសាស្រ្ត​ ការអប់រំ និងរមណីដ្ឋាន ដែលជាតំបន់ស្ថិតនៅលំដាប់ទី២ នៃ IUCN ហើយត្រូវបានគ្រប់គ្រងពិសេស សម្រាប់ការពារប្រព័ន្ធអេកូឡូស៊ី និងរមណីដ្ឋាន ។

នៅកម្ពុជាមានតំបន់ឧទ្យានជាតិដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ទៅកំសាន្តជាច្រើន តំបន់ឧទ្យានជាតិចំនួន៧ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ទៅកំសាន្តយ៉ាងច្រើន៖

១.ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ គិរីរម្យ

ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ គិរីរម្យមានផ្ទៃដី ៣៥.០០០ហិចតា ស្ថិតនៅខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ជាកន្លែងដែលសម្បូរទៅដោយព្រៃស្រល់ Coniferous forest ខ្ពស់ៗ រួមជាមួយនឹងថនិកសត្វធំៗ រួមមានខ្លាដំបង Tiger ទន្សោង Banteng ខ្ទីង Gaur។

ឧទ្យានជាតិនេះត្រូវបានចែកជាបីប្រភេទៈ ព្រៃស្រល់មានទំហំ ៨.០០០ហិចតា មានដុះតែនៅក្នុងបរិវេណភ្នំគិរីរម្យ ដែលជាទីតាំង ភូមិសាស្រ្ត និងអេកូឡូស៊ីពិសេសសម្រាប់កាលូតលាស់ប្រភេទដើមស្រល់បាន ព្រៃស្រល់ជាព្រៃកម្រដែលពុំមានពីរ នៅប្រទេសកម្ពុជា នៅប្រទេសកម្ពុជា ហើយដុះដំរៀបគ្នាដូចម្រាមដៃ ពេលមានខ្យល់ បក់ប៉ះស្លឹកស្រល់បន្លឺសំលេងតន្រ្តីធម្មជាតិយ៉ាងពីរោះរន្ដំ។ ចំណែកព្រៃឈើចម្រុះមានដុះតាមចង្កេះភ្នំ និងប្រភេទទីបីជាព្រៃរបោះ Deciduous Forest ។

២.ឧទ្យានជាតិព្រះមុន្នីវង្ស បូកគោ

ឧទ្យានជាតិព្រះមុន្នីវង្ស បូកគោ មានផ្ទៃដី១៤០០០០ហិចតា ស្ថិតនៅក្នុងខេត្តកំពតមានចម្ងាយពីក្រុងកំពតប្រមាណ៤៦ គីឡូម៉ែត្ររហូតដល់កំពូលភ្នំ រមណីយដ្ឋាននេះបានរកឃើញដោយជនជាតិបារាំងម្នាក់ឈ្មោះ រូលួស ហើយត្រូវបានរៀបចំឡើងនាថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២។

លក្ខណៈពិសេសនៃឧទ្យាននេះគឺស្ថិតនៅលើរយៈកម្ពស់ ១.០៨០ម៉ែត្រ មានធាតុអាកាសត្រជាក់រហឹមជានិច្ច ហើយនៅរដូវវស្សាភ្ញៀវទេសចរអាចមើលឃើញ រូបភាពពពកពិតដែលហោះហើរអណ្ដែតជុំវិញខ្លួន ។

៣.ឧទ្យានជាតិកែប

ឧទ្យានជាតិកែប មានផ្ទៃដី៥០០០០០ហិចតា ស្ថិតនៅទីក្រុងកែប ដែលមានទស្សសនីយភាព សមុទ្រដ៏ស្រស់ស្អាត ជាពិសេសនៅឆ្នេទល់មុខក្រុងកែប ភ្ញៀវទេសចរអាចទទួលយកខ្យល់អាកាសបរិសុទ្ធរួមជាមួយ នឹងពិដោបុប្ផាជាតិដុះតាមជើងភ្នំជាប់នឹងឆ្នេខ្សាច់ ម៉្យាងទៀត គេអាចមើលឃើញទេសភាពសមុទ្រ ភូមិអ្នកនេសាទនៅលើកោះជាច្រើន ជាពិសេស ឧទ្យានជាតិបូកគោ មានអាយុចាស់ជាងគេ ដែលបានសាងសង់ឡើងនៅសម័យអាណានិគមបារាំងសម្រាប់ជាកន្លែងលម្ហែកាយ។

៤.ឧទ្យានជាតិព្រះសីហនុ រាម

ឧទ្យានជាតិព្រះសីហនុ រាម មានផ្ទៃដី២១ ០០០ហិចតា ស្ថិតនៅក្នុងក្រុងព្រះសីហនុ លក្ខណៈពិសេសនៃឧទ្យាននេះ សម្បូរព្រៃស្រាងដុះឡើងវិញនៅដីទំនាប ព្រមទាំងព្រៃកោងកាង Mangrove Forest ដុះតាមព្រែកទឹកសាប និងតាមតំបន់ឆ្នេសមុទ្រ។ហើយភ្ញៀវទេសចរណ៍អាចធ្វើដំណើរកំសាន្តយ៉ាងស្រួលដោយតាមមធ្យោបាយពីរយ៉ងគឺតាមផ្លូវគោកក៏បាន និងផ្លូវទឹកក៏បាន ជាមួយនិងការគយគន់ទេសភាពដ៏ស្រស់ស្អាត។

៥.ឧទ្យានជាតិបទុមសាគរ

ឧទ្យានជាតិបទុមសាគរ មានផ្ទៃដី១៧១ ២៥០ហិចតា ស្ថិតនៅក្នុងខេត្តកោះកុង លក្ខណៈពិសេសនៃឧទ្យាននេះ គឺសម្បូរព្រៃស្រាងទំនាបធំៗ ស្ថិតនៅសភាពល្អនៅឡើយ ព្រៃកោងកាង និង Dacrydium Podcarpus ព្រៃនៅវាលភក់តំបន់ឆ្នេកម្ពុជា ។

៦.ឧទ្យានជាតិភ្នំគូលែន

ឧទ្យានជាតិភ្នំគូលែន មានផ្ទៃដី៣៧ ៥០០ហិចតា ស្ថិតនៅខេត្តសៀមរាប លក្ខណៈពិសេស តំបន់ឧទ្យានជាតិនេះ គឺជាតំបន់ស្ថិតនៅអាងរងទឹកភ្លៀងរបស់ស្ទឹងសៀមរាប ហើយមានការបម្រើឲ្យវិស័យទេសចរណ៍ និងវិស័យទេសចរណ៍វប្បធម៍ផងដែរ។

៧.ឧទ្យានជាតិវិរះជ័យ

ឧទ្យានជាតិវិរៈជ័យ មានផ្ទៃដី៣៣២ ៥០០ហិចតា ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង និងរតនគិរី មានទំហំធំជាងគេ បើប្រៀបធៀបនិងឧទ្យានជាតិដ៏ទៃទៀត ហើយឧទ្យានជាតិនេះបានផ្ដល់ឱកាសសម្រាប់បង្កើតព្រំប្រទល់បម្រុង ដែលសត្វអាចឆ្លងកាត់បានជាមួយឧទ្យានជាតិដុងអំផាត់ នៅប្រទេសឡាវ និង ឧទ្យានជាតិមុំរ៉ៃ នៅប្រទេសវៀតណាម។

សូមបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាបានក្លាយជាប្រទេសទី1 នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយបានបង្កើតឧទ្យានជាតិ មុនគេនៅឆ្នាំ ១៩២៥ នៅចន្លោះព្រៃចំនួន ១០.៨០០ ហ.ត ជុំវិញតំបន់អង្គរត្រូវបានប្រកាសជាតំបន់ការពារធម្មជាតិ។

0 មតិ

បញ្ចេញមតិ

RELATED ARTICLES