យុទ្ធសាស្ត្ររកស៊ី និងដឹកនាំបុគ្គលិកពីលោកឧកញ៉ាចេង ខេង

លោកឧកញ៉ាចេង ខេង ជាសហគ្រិនអលចនទ្រព្យដ៏ជោគជ័យមួយរូប ដែលបានប្រឡូកក្នុងវិស័យជាង២០ឆ្នាំមកហើយ តាំងពីអាជីវកម្មនៅតូច រហូតកសាងក្រុមហ៊ុនអលចនទ្រព្យមួយដែលមានកិត្តនាម និងបានពង្រីកសាខា នៅតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ និងនៅខេត្តសំខាន់ៗមួយចំនួនទៀត។ ជោគជ័យនៅថ្ងៃនេះ វាអាស្រ័យលើយុទ្ធសាស្ត្ររកស៊ីដ៏ប៉ិនប្រសប់មួយ បូកផ្សំទាំងការខិតខំប្រឹងប្រែងអស់លទ្ធភាព។

លោកឧកញ៉ាចេង ខេង មានប្រសាសន៍ថា ចំណុចដំបូងបំផុត ត្រូវរកស៊ីអាជីវកម្មណាដែលយើងចូលចិត្ត និងស្រឡាញ់ចេញពីបេះដូង កុំព្យាយាមរកស៊ីតាមគ្នាឲ្យសោះ ព្រោះបើយើងស្រឡាញ់អាជីវកម្មប្រភេទណាមួយហើយ ពេលជួបបញ្ហាមិនងាយបោះបង់ចោលទេ។ ជាក់ស្តែងលោកឧកញ៉ាផ្ទាល់ចេញរកស៊ីវិស័យដីធ្លី២០ឆ្នាំជាងមកនេះ បញ្ហាធំៗកើនឡើងមានច្រើនណាស់ តែមិនរាថយទេ ប្រឈមមុនរកដំណោះស្រាយជានិច្ច។ ហើយមិនរត់ចោលអាជីវកម្មខ្លួនឯងដាច់ខាត ដូច្នេះការស្រឡាញ់អាជីវកម្មដែលយើងកំពុងធ្វើពិតជាសំខាន់ណាស់។

ក្រោយពីស្រឡាញ់អាជីវកម្មនេះច្បាស់ហើយ យើងត្រូវសិក្សាស្រាវជ្រាវ ដើម្បីទទួលចំណេះដឹង និងជំនាញពិតប្រាកដនៃមុនជំនួញ ព្រោះបើចង់ជោគជ័យលុះត្រាតែ សហគ្រិនមានជំនាញច្បាស់លាស់។ សព្វថ្ងៃមានអ្នកចាប់ផ្តើមប្រឡូកវិស័យដីធ្លីច្រើន តែមិនកំណត់ថាជោគជ័យនោះទេ ព្រោះអ្នកខ្លះមកពីវិស័យផ្សេង មានតារា សិល្បៈ គ្រូពេទ្យ ជាដើម ដូច្នេះបើចង់ជោគជ័យត្រូវតែទៅរៀនយកជំនាញខាងដីធ្លីសិន។

បន្ថែមពីលើនេះ យើងត្រូវបង្កើតភាពកក់ក្តៅ និងជំនឿចិត្តដល់អតិថិជនដែលមកប្រើប្រាស់សេវាកម្មយើង មិនត្រូវឲ្យគេទាស់ចិត្ត ដោយសារភាពចន្លោះប្រហោងយើងទេ។ ធ្វើយ៉ាងណា ឲ្យអតិថិជនមានទំនុកចិត្តក្រោយពេលទទួលសេវាកម្មក្រុមហ៊ុន ហើយធ្វើទៅបានលុះត្រាតែមានជំនាញច្បាស់លាស់លើអាជីវកម្ម។ចំណុចសំខាន់មួយទៀត គឺទំនាក់ទំនងល្អជាមួយអតិថិជន ឬមហាជន បើយើងមានទំនាក់ទំនងល្អ យើងអាចកាន់តែស្គាល់គ្នា និងមានទំនុកចិត្តនៅពេលត្រូវប្រើប្រាស់សេវាកម្ម ពួកគេអាចជ្រើសរើសយកក្រុមហ៊ុនយើង។

លោកឧកញ៉ាបានបញ្ជាក់ទៀតថា យើងត្រូវចេះគ្រប់គ្រងស្ថានការណ៍ឲ្យបានល្អជាមួយអតិថិជន។ នៅពេលនាំភ្ញៀវទៅមើលអចលនទ្រព្យ ត្រូវដឹងអំពីស្ថានភាពអតិថិជន។ តើអចលនទ្រព្យណាដែលគាត់ពេញចិត្ត ហើយយកនៅពេលណា បើមិនយកដោយសារកត្តាអ្វី យើងត្រូវគ្រប់គ្រងឲ្យបាននូវព័ត៌មានទាំងនេះ ព្រោះអ្នកខ្លះនាំភ្ញៀវចុះមកអចលនទ្រព្យ មិនសូវយកចិត្តទុកដាក់ទេ ដែលធ្វើឲ្យបរាជ័យក្នុងការនាំភ្ញៀវឲ្យទិញ។

  • ចង់រកស៊ី ឬធ្វើកិច្ចការជោគជ័យ ត្រូវរកស៊ីដើម្បីអ្នកដទៃ

លោកឧកញ៉ាចេង ខេង បានលើកឡើងថា តាំងពីឈានជើងចូលទីក្រុងភ្នំពេញមក តែងគិតថា តើធ្វើដូចម្តេច ដើម្បីឲ្យយើងធ្វើកិច្ចការណាមួយនោះ ឲ្យអស់លទ្ធភាព ព្រោះពេលយើងធ្វើការងារ ហត់ល្មមៗយើងចង់ឈប់សំរាក ហើយអត់អស់លទ្ធភាពទេ។ លោកបានគិត និងរិះរកវិធីសាស្ត្រផ្សេង តែរយៈកាលជាយូរនៅតែរកមិនទាន់ឃើញ របៀបធ្វើការឲ្យអស់លទ្ធភាពដដែល។

តាមរយៈបទពិសោធន៍ប្រឡូកការងារ និងរកស៊ីច្រើនឆ្នាំទើប ដឹងថា បើយើងចង់ធ្វើការងារ ឬរកស៊ី សម្រាប់ត្រឹមរង្វង់គ្រួសារ មិនដើម្បីសង្គមជាតិ ឬអ្នកដទៃនោះ យើងមិនអាចធ្វើវាឲ្យអស់លទ្ធភាព និងឈានដល់ភាពជោគជ័យនោះទេ។ ជាក់ស្តែងបើខ្ញុំទៅធ្វើអ្វីមួយ ដើម្បីខ្លួនឯង ទោះបីមានឆន្ទៈក្នុងការធ្វើការ តែហាក់ដូចជាពេលវេលានៃការធ្វើការងារ ការគ្រប់គ្រងពេល ហាក់មិនអស់លទ្ធភាព និងប្រសិទ្ធភាពខ្ពស់នោះទេ។ ប៉ុន្តែបើខ្ញុំធ្វើដើម្បីនរណាម្នាក់ ឬអតិថិជន តែងមានអារម្មណ៍ក្រែងចិត្ត ខ្លាចគាត់ចាំយើងយូរ ខ្លាចធ្វើទៅមិនបានល្អ ឬធ្វើឲ្យគាត់ខាតបង់ ឬមានបញ្ហាផ្សេង តែបើធ្វើដើម្បីខ្លួនឯង មិនគិតដល់បញ្ហាទាំងនេះទេ។

  • ក្បួនដឹកនាំបុគ្គលិក ៥ដំណាក់កាល

ការដឹកនាំក្រុមការងារនៅក្រុមហ៊ុនឲ្យទទួលបានជោគជ័យ និងបានសម្រេចដល់គោលដៅ ទាមទារឲ្យមានអ្នកដឹកនាំពោរពេញដោយសមត្ថភាពជំនាញ និងភាពជាអ្នកដឹកនាំពិតប្រាកដ។ ជាក់ស្តែងលោកឧកញ៉ាផ្ទាល់នៅពេលដឹកនាំក្រុមហ៊ុនអចលនទ្រព្យដំបូងហាក់មិនភាពពិបាកខ្លាំង ដោយសារតែសមត្ថភាពនៅមានកម្រិត ណាមួយមិនធ្លាប់មានបទពិសោធន៍គ្រប់គ្រងគេនៅឡើយ។

សិល្បៈដឹកនាំ

គ្រប់អ្នកដឹកនាំទាំងអស់ត្រូវតែមានសិល្បៈដឹកនាំដ៏ប៉ិនប្រសប់ ធ្វើយ៉ាងណាបុគ្គលិកក្រោមបង្កាប់អាចបញ្ចេញនូវសមត្ថភាព និងគំនិតច្នៃប្រឌិតល្អៗដែលមាន អាចលើកឡើងក្នុងកិច្ចប្រជុំ ឬពេលអនុវត្តការងារជាសក់ស្តែង ទើបធ្វើឲ្យការងារមានប្រសិទ្ធភាព។ តែបើអ្នកដឹកនាំ មិនផ្តល់ឱកាសឲ្យអ្នកក្រោមបញ្ចេញនូវគំនិត ហើយអនុវត្តតែបញ្ជាថ្នាក់ដាក់ឲ្យ ច្បាស់ណាស់ថា បុគ្គលិកនឹងមិនអាចបញ្ចេញនូវសមត្ថភាពអស់ពីខ្លួន ដើម្បីធ្វើកិច្ចការបានល្អនោះទេ ជាពិសេសនៅពេលគេមានគំនិតល្អៗ ចង់បង្ហាញ ឬចង់ឲ្យអ្នកដឹកនាំដឹង ដើម្បីជាផ្នែកមួយសម្រាប់ការរីកចម្រើនរបស់ក្រុមហ៊ុន តែអ្នកដឹកនាំបែរជាមិនយកចិត្តទុកដាក់ ហើយអន្តោម័តតែគំនិតថ្នាក់លើ វាប៉ះពាល់ខ្លាំងដល់ប្រសិទ្ធភាពនៃការងារ និងពាក់ព័ន្ធយ៉ាងខ្លាំងលើភាពជោគជ័យ ឬបរាជ័យរបស់ក្រុមហ៊ុន ហើយមេដឹកនាំបែបនេះ​មិនអាចធ្វើឲ្យស្ថាប័នរីកចម្រើននោះទេ។

សិល្បៈប្រើបុគ្គលិក ចំគោលដៅ

តាមរយៈបទពិសោធន៍ដឹកនាំក្រុមហ៊ុនជាច្រើនឆ្នាំកន្លងមក លោកឧកញ៉ាពិតជាទទួលស្គាល់ថា ការប្រើបុគ្គលិកឲ្យចំណេះ និងជំនាញពិតជាមានប្រសិទ្ធភាពការងារខ្លាំងបំផុត។ ក្នុងនាមអ្នកដឹកនាំ ត្រូវមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបុគ្គលិកឲ្យស្គាល់ពួកគេច្បាស់ ហើយអាចបែងចែកការងារឲ្យចំគោលដៅ។ បើយើងធ្វើត្រូវបុគ្គលិក ក៏សប្បាយចិត្ត ព្រោះបានធ្វើអ្វីដែលខ្លួនស្រឡាញ់ ហើយបានបញ្ចេញនូវសមត្ថភាព និងគំនិតល្អៗដែលមាន ចំណែកយើងក៏គ្មានបញ្ហា លទ្ធផលការងារល្អទៅតាមនោះដែរ។

-ក្បួនថែរក្សាបុគ្គលិកឆ្នើម

ជាការពិតណាស់ក្រុមហ៊ុនខ្លាំង តែងតែប្រមូលផ្តុំបុគ្គលិកខ្លាំងៗជាច្រើនផ្នែកផ្សេងៗ ហើយការបណ្តុះបុគ្គលិកឲ្យខ្លាំង និងអាចថែរក្សាពួកគេឲ្យនៅធ្វើការក្នុងក្រុមហ៊ុនរឺតតែសំខាន់ថែមទៀត។ ជាទូទៅបុគ្គលិកពេលចាប់ផ្តើមធ្វើការដំបូង គេមិនសូវខ្វាយខ្វល់រឿងប្រាក់ខែប៉ុន្មានទេ តែបើបុគ្គលិកខំប្រឹងធ្វើការទទួលបានលទ្ធផលល្អ ពួកតែងចង់បាននូវអ្វីជាការលើកទឹកចិត្តត្រឡប់ទៅវិញពីក្រុមហ៊ុន។ ដូច្នេះយើងត្រូវតែរៀបចំជារង្វាន់ ឬការដំឡើងតួនាទី ដើម្បីជាការលើកទឹកចិត្តពួកគេឲ្យសមនឹងការខិតខំប្រឹងប្រែង ពេលខ្លះការផ្តល់កិត្តយសឲ្យបុគ្គលិក មិនសំដៅតែលុយនោះទេ ក៏គេបានសប្បាយចិត្តដែល អាចជាក់ពាន់រង្វាន់ឆ្នើមប្រចាំខែ ទទួលបានប្រាក់លើកទឹកចិត្ត មេដាយ និងអាចឡើងវេទិកាថ្លែងពីអារម្មណ៍ និងការខិតខំប្រឹងប្រែងទម្រាំគេទទួលបានលទ្ធផលបែបនេះ។

ក៏ប៉ុន្តែ បើបុគ្គលិកខិតខំប្រឹងប្រែងធ្វើការងារទទួលបានផ្លែផ្កាតាមការគ្រោងទុក បែរជាយើងមិនបានផ្តល់អត្ថប្រយោជន៍អ្វីសោះ អាចធ្វើឲ្យគាត់ប៉ះពាល់អារម្មណ៍ថា ក្រុមហ៊ុនបានកេញចំណេញលើការខិតខំរបស់គេ បណ្តាលឲ្យគេមិនខំប្រឹងធ្វើការ និងបញ្ចេញសមត្ថភាព គំនិតច្នៃប្រឌិតឲ្យអស់លទ្ធភាព ដើម្បីបំពេញការងារទៀតនោះទេ។

លោកឧកញ៉ាបានបញ្ជាក់ថា នៅពេលដែលបុគ្គលិកឆ្នើមបានឡើងថ្លែងអារម្មណ៍ពិត ពួកគេពិតជាមានមោទនភាពចំពោះខ្លួនឯង ហើយបាននិយាយអ្វីដែលមាននៅក្នុងចិត្ត កត្តាធ្វើឲ្យទទួលបានជោគជ័យ ការជួយជ្រោមជ្រែងពីបុគ្គលិកផ្នែកផ្សេងទៀត។ ហើយភាពជោគជ័យនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងចំពោះបុគ្គលិកគ្នាឯង ជំរុញឲ្យ​ពួកគេកាន់តែខំធ្វើការថែមទៀត។

-បណ្តុះបុគ្គលិកខ្លាំងបន្ថែម

ក្រុមហ៊ុនអចលនទ្រព្យដែលជោគជ័យ ត្រូវតែចេះបណ្តុះបុគ្គលិកខ្លាំងៗបន្ថែមទៀត ទៅតាមតម្រូវការ និងភាពរីកចម្រើនរបស់ក្រុមហ៊ុន។ ជាពិសេស ត្រូវផ្តល់ឱកាសឲ្យបុគ្គលឆ្នើមៗ ដែលមានបទពិសោធន៍ និងជំនាញច្បាស់ ឲ្យគេចេះពង្រីកក្រុមការងារ រៀនដឹកនាំ និងបណ្តុះបណ្តាលបន្ថែម ជាបន្តបន្ទាប់ ជំរុញធ្វើយ៉ាងណាឲ្យក្រុមហ៊ុនប្រមូលផ្តុំទៅដោយបុគ្គលិកខ្លាំង។ កំឡុងពេលនេះ ក្រុមហ៊ុនត្រូវចេះផ្តល់អត្ថប្រយោជន៍ ឬដំឡើងប្រាក់ខែបន្ថែមទៀត នៅពេលជោគជ័យលើពង្រីកក្រុមការងារ។

-បង្កើតក្រុមវិនិយោគរួមគ្នា

មហិច្ឆតានៅថ្ងៃអនាគតលោកឧកញ៉ាចេង ខេង ចង់ឲ្យបុគ្គលិកក្រុ​មហ៊ុនអលចនទ្រព្យCPL មានចំណូលយ៉ាងតិច១ពាន់ដុល្លារ ហើយរៀនវិនិយោគរួមគ្នា បើរកចំណូលបានលើសពី១ពាន់ដុល្លារឡើងទៅ។ រកបានលើសចាប់ពី១០០$, ២០០$ ឬ៣០០$ ត្រូវដាក់វិនិយោគទៅតាមទិដ្ឋាភាពជាក់ស្តែង ព្រោះអ្នកមានភាគច្រើនកើតចេញពីការវិនិយោគ មិនមែនត្រឹមតែធ្វើការឲ្យគេតែមួយមុខនោះទេ៕

«អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ»

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ


0 មតិ

បញ្ចេញមតិ

RELATED ARTICLES