ចំណីគំនិតទាំង ៤ ដើម្បីទិញអចលនទ្រព្យពេលអ្នកកំពុងធ្វើការ

ការឆ្លៀតពេលក្នុងការវិនិយោគ​​ ខណៈដែលលោកអ្នកជាបុគ្គលិកធ្វើការឲ្យស្ថាប័នក្រុមហ៊ុន វាជារឿងដ៏ល្អ ព្រោះវាមិនគ្រាន់តែជួយបន្ថែមក្នុងការរកប្រាក់ចំណូលតែប៉ុណ្ណោះទេ តែវាថែមទាំងអាចជួយលោកកាន់តែឆ្លៀតវ័យក្នុងការធ្វើមុខជំនួញផងដែរ ។​​ ជាមួយគ្នានេះយើងនឹងពាំនាំនូវតិកនិកមួយចំនួន ដើម្បីចែករំលែកជាចំណីគំនិតដល់លោកអ្នកដែលចង់ធ្វើការវិនិយោគលើវិស័យអចលនទ្រព្យ ទាំងដែលលោកអ្នកធ្វើការឲ្យគេ ។

១. យកទ្រព្យទិញទ្រព្យ
ប្រសិនបើលោកអ្នកមិនមានលុយដុលក្នុងដៃទាំងស្រុង ហើយចង់វិនិយោគលើវិស័យអចលនទ្រព្យ លោកអ្ន្កកគួរពិចារណាលើការប្រើប្រាស់ប្រាក់ម្ចី ។ ជាទូទៅនៅប្រទេសកម្ពុជាដើម្បីអាចខ្ចីលុយពីធនាគារបាន អតិថិជនតម្រូវឲ្យមានប្រាក់មួយភាគដើម្បីអាចប្រើប្រាស់កម្ចីនោះបាន ។ ប្រសិនបើអ្នកមានប្រាក់មួយភាគនោះ អ្នកនឹងអាចខ្ចីប្រាក់ពីធនាគារដើម្បីបង្គ្រប់ទិញ និងបង់ការប្រាក់ជាមួយនឹងប្រាក់ខែរបស់អ្នកបាន ។ អ្វីដែលជាចំណុចសំខាន់ត្រង់ចំណុចនេះគឺថា ដើម្បីជោគជ័យអ្នកត្រូវចេះមើលទ្រព្យដែលបម្រុងនឹងវិនិយោគ ថាតើ់វាអាចនឹងហុចផលកម្រិតណា មុននឹងសម្រេចចិត្តប្រើប្រាស់កម្ចីមកវិនិយោគ ។

២. រកដៃគូ
ប្រសិនបើលោកអ្នកមិនមានចំណេះដឹងគ្រប់គ្រាន់ជុំវិញវិស័យអចលនទ្រព្យ និងវិស័យហិរញ្ញវត្ថុទេនោះ លោកអ្នកអាចស្វែងរកដៃគូណាដែលមានជំនាញនេះមកចូលហ៊ុនជាមួយគ្នា ។ ចូរប្រើប្រាស់ជំនាញក្នុងការទំនាក់ទំនងរបស់អ្នក ដើម្បីស្វែងរកដៃគូម្នាក់ដែលអាចបំពេញចន្លោះខ្វះខាតក្នុងុយុទ្ធសាស្រ្តននេះ ។ ក៏ប៉ុន្តែលោកអ្នកត្រូវមានអ្នកដឹងឭ ឬមានការចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរឲ្យច្បាស់លាស់តាមរយៈផ្លូវច្បាប់ ដើម្បីចៀសវាងហានិភ័យទៅថ្ងៃក្រោយ ។

៣. ប្រើប្រាស់គម្រោងជួល
ការប្រើ់ប្រាស់គម្រោងជួល គឺជាយុទ្ធសាស្ត្រមួយដែលប្រើក្នុងការទិញអចលនទ្រព្យ ពីម្ចាស់អចលនទ្រព្យដោយមិនទទួលបានសិទ្ធជាម្ចាស់អចលនទ្រព្យជាផ្លូវការទេ ។ ក្នុងនោះអ្នកវិនិយោគលើអចលនទ្រព្យត្រូវចុះហត្ថលេខាជួលរយៈពេលវែងជាមួយម្ចាស់អចលនទ្រព្យ ក៏ដូចជាចុះហត្ថលេខាទិញអចលនទ្រព្យនោះក្នុងតម្លៃច្បាស់លាស់នារយៈអនាគតមួយ ។ ម្យ៉ាងវិញទៀតម្ចាស់អចលនទ្រព្យមិនត្រូវបានអនុញ្ញាតិឲ្យលក់អចលនទ្រព្យនោះទេ រហូតដល់ការកំណត់ដែលបានចរចារក្នុងកិច្ចសន្យា ហើយអ្នកវិនិយោគក៏ត្រូវត្រៀមប្រាក់ដើម្បីទិញអចលនទ្រព្យក្នុងពេលអនាគតផងដែរ ។

៤. មុនទិញត្រូវពិចារណា
បើតាមប្រសាសន៍របស់លោក Chit UySteveox នាយកប្រតិបត្តិរបស់ក្រុមហ៊ុន VTrust Appraisal បានផ្តល់ជាយោបល់ចំពោះអ្នកដែលមានបំណងទិញ ឬវិនិយោគលើអចលនទ្រព្យថា អ្នកគួរយល់ឲ្យច្បាស់ជាមុននូវគោលបំណងដែលអ្នកចង់ទិញ ថាតើអ្នកទិញដើម្បីអ្វី? ដើម្បីរស់នៅ ឬដើម្បីវិនិយោគយកប្រាក់ចំណេញ? ។ ជាបឋមអ្នកត្រូវគិតគូរលើការចំណាយប្រចាំខែរបស់អ្នក ដើម្បីងាយស្រួលឲ្យដឹងពីលទ្ធភាពនៃការបង់ការប្រាក់ប្រចាំខែរបស់អ្នក ។ លោកបានបញ្ជាក់ថាអ្វីដែលជាចំណុចសំខាន់ក្នុងការវិនិយោគក្នុងវិស័យនេះ ត្រូវជ្រើសរើសទីតាំងដែលមានសក្តានុពលសម្រាប់បច្ចុប្បន្ន និងអនាគត ហើយគួរស្វែងរកអចលនទ្រព្យណាដែលលោកអ្នកមានលទ្ធភាពទិញ និងចៀសវាងកុំប្រើកម្ចីហួសប្រមាណ ៕

0 មតិ

បញ្ចេញមតិ

RELATED ARTICLES