ខេត្តព្រះសីហនុកំពុងក្លាយជាតំបន់មានកេរ្តិ៍ឈ្មោះ ផ្នែកសំណង់ធំខ្ពស់ដាច់គេដូចអតីតកាល

ខេត្តព្រះសីហនុដែលមានក្រុងព្រះសីហនុជាកំពង់ផែរមណីយដ្ឋានដែលកំពុងរីកចម្រើនខ្លាំងហើយ​ក៏ជា​កំពង់ផែសមុទ្រដែលជ្រៅតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលកំពុងតែមានការរីកចម្រើនយ៉ាង​ខ្លាំង​លើ​វិស័យជាច្រើនជាពិសេស វិស័យសំណង់។

បើយោងតាម គេហទំព័ររដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា វិស័យសំណង់នៅក្រុងព្រះ​សីហនុ​កំពុងលូតលាស់ឈានមុខជាងគេដែលកំពុងឆ្ពោះទៅរកកេរ្តិ៍ឈ្មោះដាច់គេផ្នែកនគររូបនីយកម្ម  ដែល​មានសំណង់ធំខ្ពស់ជាងគេដូចពីអតីត។

នាអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ក្រុងព្រះសីហនុមានភាពល្បីល្បាញខ្លាំងជាងគេទូទាំងតំបន់ បន្ទាប់​ពី​ក្រុង​ព្រះសីហនុបានស្ថាបនាសណ្ឋគារឯករាជ្យ មានកម្ពស់៧ជាន់ រួចរាល់នៅក្នុងឆ្នាំ១៩៦៤-១៩៦៥ ហើយ​កិត្តិនាមរបស់សណ្ឋាគារនេះក៏បានទទួលឥស្សរជនអន្តរជាតិល្បីៗជាច្រើនរូប រួមទាំងអតីត​លោក​ជំទាវ​ភរិយារបស់ប្រធានាធិបតី ចន អែហ្វ កេនឌី (John F. Kenedy) របស់សហរដ្ឋអាមេរិក ផងដែរ។​

ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទីក្រុងព្រះសីហនុ កំពុងមានសកម្មភាព​សាងសង់សំណង់​តូចធំ​យ៉ាងច្រើន ដែលតួលេខគម្រោងសំណង់ធំលើសពី ៣០០០ម៉ែត្រការ៉េឡើង មានចំនួន ៧០គម្រោង ក្នុង​ចំនួន​ជាង ៣០០គម្រោង កំពុងដំណើរការសាងសង់យ៉ាងសកម្ម ក្នុងនោះក៏មានសំណង់​អគារខ្ពស់​ជាងគេកម្ពស់ ៤០ជាន់ មានចំនួនច្រើនគម្រោង កំពុងរីកលូតលាស់គួរឲ្យចាប់អារម្មណ៍ផងដែរ។

កាលពីឆ្នាំ២០០៥-២០១៥ ខេត្តនេះមានគម្រោងអគារខ្ពស់ៗចាប់ពី ៥ជាន់ រហូតដល់ ៣៥ជាន់ មានតែ ៤៦គម្រោងប៉ុណ្ណោះ ខណៈដែលឆ្នាំ២០១៨តែឯង មានគម្រោងអគារធំ និងកម្ពស់ចាប់ពី ៥ជាន់ដល់ ៤០ជាន់ រហូតដល់ ៥៨គម្រោង។​

ជាការពិតណាស់សម្រាប់ខេត្តព្រះសីហនុដែលជាភូមិសាស្រ្តមានលក្ខណៈអំណោយផលពីធម្មជាតិល្អព្រមគ្នា ដូចជាមានឆ្នេរខ្សាច់ពណ៌ពងមាន់ សម្បូរដោយកោះតូច-ធំ មានជួរភ្នំសម្បូរដោយ​ព្រៃធម្មជាតិ​ស្រស់ត្រកាលគ្រប់រដូវរហូតរដ្ឋាបាលសម័យមុននិងបច្ចុប្បន្ន យកធ្វើជាឧទ្យានជាតិ។​

សូមបញ្ជាក់ផងដែរថា រាប់ចាប់ពីចុងឆ្នាំ១៩៧០ ថយទៅក្រោយសំណង់​ធំខ្ពស់ជាងគេនៅតាម​បណ្តារ​ឆ្នេរ​សមុទ្រនៃប្រទេសទាំង៣ គឺ ប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសថៃ  មានតែ​សណ្ឋាគារ​ឯករាជ្យ ដែលត្រូវបានគេទទួលស្គាល់ជាអន្តរជាតិថាជាសំណង់ធំស្កឹមស្កៃ និងខ្ពស់ ដាច់គេ​នៅក្នុង​តំបន់។

0 មតិ

បញ្ចេញមតិ

RELATED ARTICLES