ក្រៅពីភ្នំពេញ ក្រុងសៀមរាបជាឱកាសថ្មីសម្រាប់សហគ្រិនច្នៃប្រឌិតចាប់មុខរបរពីរប្រភេទនេះ

ថ្វីត្បិតតែអាជីវកម្មភាគច្រើនបានប្រជុំគ្នានៅរាជធានីភ្នំពេញក៏ដោយ ប៉ុន្តែក្រុងសៀមរាបឯណោះវិញ ក៏ជាតំបន់សក្តានុពលសម្រាប់អាជីវកម្មប្រភេទថ្មីបែបច្នៃប្រឌិតផងដែរ ដោយផ្អែកលើទីតាំងភូមិសាស្ត្រ និងកត្តាសេដ្ឋកិច្ចនៅតំបន់នេះ ។

របាយការណ៍ពីក្រុមហ៊ុន Siem Reap’s Investment បញ្ជាក់ថា សៀមរាបជាមជ្ឈមណ្ឌលចាប់ផ្តើមអាជីវកម្មលេខពីរក្នុងប្រទេសកម្ពុជា ដោយមានមនុស្សរស់នៅ ២៤០ ៦៤៨ នាក់ (២០១៧) មានអាជីវកម្មចុះបញ្ចី ៥៦៨០ ក្រុមហ៊ុន (២០១៨) ក្នុងនោះមានក្រុមហ៊ុនបច្ចេកវិទ្យា ៥៥៨ មានអ្នកប្រើហ្វេសប៊ុក ២៩០ ០០០ គណនី ចំណែកការិយាល័យធ្វើការរួមគ្នាឬ Co-Working Space មាន ៦ កន្លែង ដែលមានតម្លៃជាមធ្យម ១០ ទៅ ១៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ ។

របាយការណ៍ដដែលបានបញ្ជាក់ថា កាលពីឆ្នាំ ២០១៧ មានជនបរទេសមកខេត្តសៀមរាប ២.៤៦ លាននាក់ ក្នុងនោះមានអ្នកវិនិយោគ ៣២.៤% ។ បើនិយាយពីវិស័យទេសចរណ៍នៅខេត្តសៀមរាបវិញ រាប់បញ្ចូលទាំង សណ្ឋាគារ ភោជណីយដ្ឋាន​ ក្រុមហ៊ុនទេសចរណ៍ ភ្នាក់ងារមគ្គុទេសក៏ និងផ្លេតហ្វមសម្រាប់កក់សេវាកម្ម មានទំហំទីផ្សារលើសពី ១ ពាន់លានដុល្លារ ។

ផ្អែកតាមរបាយការណ៍ត្រួសៗខាងលើ Siem Reap’s Investment អះអាងថា សៀមរាបផ្តល់ឱកាសអាជីវកម្មប្រភេទថ្មីពីរបែប ដែលមានសក្តានុពលខ្លាំងរួមមាន ផ្លេតហ្វមទេសចរណ៍ និងកសិកម្មបែបបច្ចេកវិទ្យា ឬបច្ចេកវិទ្យាកសិកម្ម ។

១-ផ្លេតហ្វមទេសចរណ៍

អាជីវកម្មប្រភេទនេះរាប់បញ្ចូលទាំងបច្ចេកវិទ្យា សេវាកម្ម និងសហគ្រិនដែលចង់សម្រួលដល់ការធ្វើដំណើរនិងវិស័យទេសចរណ៍ ដែលសព្វថ្ងៃនេះមានក្រុមហ៊ុនអន្តរជាតិមួយចំនួនកំពុងរកស៊ីមុខរបរនេះនៅសៀមរាបរួមមាន Ctrip, Fliggy, Booking.com, Agoda, Experdia និងមានផ្លតហ្វមខ្មែរតូចៗដូចជា Bayonia ។

២-បច្ចេកវិទ្យាកសិកម្ម

សៀមរាបជាមជ្ឈមណ្ឌលបច្ចេកវិទ្យាកសិកម្មដែលមានសក្តានុពល អាចទាក់ទាញសហគ្រិនក្នុងនិងក្រៅស្រុកមកចាប់ផ្តើមអាជីវកម្មបែបបច្ចេកវិទ្យានៅទីនេះបាន ។ មានអាជីវកម្មបច្ចេកវិទ្យាកសិកម្មដែលបានចាប់ផ្តើមជោគជ័យនៅសៀមរាបដូចជា Agribuddy ដែលបង្កើតឡើងដោយជនជាតិជប៉ុន ម្នាក់​ឈ្មោះថា Kengo Kitaura ជាផ្លេតហ្វមភ្ជាប់បណ្ដាញនៃអ្នកទិញ អ្នកលក់ និងភាគីពាក់ព័ន្ធទាំងអស់ឱ្យស្គាល់គ្នាដើម្បីសម្រួលក្នុងកា​រ​ទិញដូរ​ ជំនាញបច្ចេកទេស ឬក៏ចំណេះដឹង​ទាក់ទងនឹង​កសិកម្មផ្សេងៗ និង​បង្កើតជាប្រព័ន្ធ​ Ecosystem ប្រើប្រាស់ទិន្នន័យផ្សេងៗជួយដល់កសិករ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES