Facebook គាំងប៉ុន្មានថ្ងៃមុន បានផ្តល់មេរៀនល្អទាំងនេះ ដល់អ្នកចង់រកស៊ីលើអនឡាញឱ្យភ្ញាក់ខ្លួន

Facebook បានផ្លាស់ប្ដូរពិភពលោកច្រើនមែនទែន ចាប់តាំង​ពីបណ្ដាញសង្គមមានមនុស្សប្រើមិនក្រោមពីរពាន់លាននាក់​មួយនេះ កើតចេញពីបន្ទប់ស្នាក់នៅក្នុងសាលារបស់ Mark Zuckerberg មក ហើយអាជីវកម្មភាគច្រើនបានរីកលូតលាស់ ទទួលបានប្រាក់ចំណេញច្រើន ទាំងដែលចំណាយ​ថ្លៃដើមតិច​ ដោយសារតែប្រើប្រាស់បណ្ដាញសង្គមយក្សមួយនេះក្នុងការ​ផ្សព្វផ្សាយ ក៏ដូចជាប្រតិបត្តិការ​អាជីវកម្មរបស់ខ្លួន។

ប៉ុន្តែ​ក្នុង​រយៈកាលចុងក្រោយនេះ Facebook ជួបបញ្ហារឥតស្រាកស្រាន្ត ហើយកាលពីពាក់កណ្ដាលសប្ដាហ៍មុនបណ្ដាញសង្គមមួយនេះមានបញ្ហាគាំង​បើកមិនចេញ រអាក់រអួល​ទូទាំងពិភពលោក រហូតដល់មានអ្នកអន្តោប្រវេសន៍ពី Facebook ទៅ Telegram ក្នុង​ចំនួនច្រើនសន្ធឹកសន្ធាប់មិនក្រោម​៣លាននាក់នោះទេ ឯអាជីវកម្មខ្លះ​ដែលពឹង​ផ្អែកលើ Facebook ទាំង​ស្រុង​ជួបបញ្ហាបាត់ភ្ញៀវ លក់មិនដាច់ ធ្លាក់ចំនួនអ្នកមើលជាដើម។

ការគាំង​របស់ Facebook ប៉ុន្មានថ្ងៃនេះ ជាការ​ដាស់​អ្នកដែលពឹង​ផ្អែក​លើ Facebook ទាំង​ស្រុង​សម្រាប់ដំណើរការអាជីវកម្មរបស់ពួកគាត់ ក៏ដូចជាផ្ដល់ជាមេរៀន​ខ្លះៗ សម្រាប់ឱ្យពួកគាត់​ត្រិះរិះពិចារណា​ទាក់ទងនឹង​គម្រូអាជីវកម្មរបស់ពួកគាត់ ដើម្បីចៀស​វៀង​ពីហានិភ័យក្នុងករណី Facebook មានបញ្ហា។ ខាង​ក្រោមនេះជាមេរៀនសំខាន់៣ សម្រាប់អ្នកកំពុង​រកស៊ី ឬចង់រកស៊ីលើអនឡាញ​គួរដឹង​ កុំឱ្យពឹង​ផ្អែកលើ Facebook ពេក។

គួរមានផ្លេតហ្វមអនឡាញសម្រាប់ខ្លួនឯង

នៅកម្ពុជាយើង​ សង្កេត​ឃើញថាហាងលក់អនឡាញភាគច្រើនពុំមានផ្លេតហ្វម ឬក៏វេបសាយ​ផ្ទាល់ខ្លួននោះទេ ដោយប្រើប្រាស់ Facebook Page ស្ទើរតែទាំង​ស្រុង​ក្នុងការ​ផ្សព្វផ្សាយ និងលក់ផលិត​ផល ឬសេវាកម្មរបស់ខ្លួន ខុសពីនៅសហរដ្ឋអាមេរិក ឬបណ្ដារប្រទេស​អ៊ីរ៉ុប ដែលគេប្រើ Facebook គ្រាន់តែ​ជា​កន្លែង​ផ្សព្វផ្សាយ​ប៉ុណ្ណោះ ឯអតិថិជនត្រូវ​ចូលទៅកាន់ផ្លេត​ហ្វមរបស់គេដើម្បី​ធ្វើការ​ប្រើប្រាស់នូវ​ផលិត​ផលឬសេវាកម្មរបស់គេ។

ផ្លេតហ្វមនេះសម្ដៅទៅលើ​ វេបសាយ ឬ ​App ផ្ទាល់ខ្លួនសម្រាប់បង្ហាញ ពីផលិតផល​ សេវាកម្ម ឬក៏ផ្ដល់ជាដំណោះស្រាយដល់អតិថិជន។ ការមានផ្លេត​ហ្វមសម្រាប់អាជីវកម្ម​នេះធ្វើឱ្យ​ អតិថិជន​ស្គាល់ច្បាស់​ពីសេវាកម្ម ឬផលិត​ផល ដែលអាជីវកម្មមួយនោះផ្ដល់ឱ្យ ស្របពេលជាមួយគ្នានោះដែរអតិថិជនមានការជឿទុកចិត្ត ឯម្ចាស់អាជីវកម្មវិញក៏មានភាពងាយស្រួលក្នុងដំណើរ​ប្រតិបត្តិការ​អាជីវកម្មរបស់ខ្លួន។

App ទូរស័ព្ទ​អាចនឹង​ចំណាយច្រើនបន្តិច​សម្រាប់ម្ចាស់អាជីវកម្ម ប៉ុន្តែជម្រើស​ល្អ ចំណា​យតិច​ ងាយស្រួលធ្វើ និង​ជា​ចំណុច​ចាប់ផ្ដើម​របស់អាជីវកម្មជោគជ័យភាគច្រើនគឺការបង្កើត​វេបសាយ។ បើអាជីវកម្មមួយមិនមាន​មុខងារ​សាំញាំច្រើន ក្រៅតែពីលក់ ឬទិញនោះ ម្ចាស់អាជីវកម្មអាចបង្កើត​វេបសាយ​ដោយខ្លួនឯង​អស់​ថវិការ​តិច​ តាមរយៈការស្វែង​យល់នៅលើយូធូបបន្ថែម ប៉ុន្តែ​បើសិនជា​ចង់បំពាក់មុខងារ​ច្រើននៅលើវេបសាយ​ទាមទារ​ឱ្យចំណាយដើមទុន​ក្នុងការ​អភិវឌ្ឍ​វេបសាយដោយអ្នកជំនាញ។

ធ្វើផែនការទីផ្សារច្បាស់លាស់

ការចេះធ្វើផែនការទីផ្សារឱ្យច្បាស់លាស់នេះជួយធ្វើឱ្យអាជីវកម្មទទួលបានប្រាក់ចំណេញខ្ពស់ ចំណាយថ្លៃដើមតិច ហើយការ​ចាយវាយ​ទៅលើការ Boost នៅលើ Facebook ដោយមិនមានគម្រោង​ច្បាស់លាស់នោះអាច​ក្លាយទៅជាការចំណាយ​ប្រាក់កាស​មិនបានផលត្រឡប់មកវិញសមប្រកប បើទោះបីជាចាយទៅលើពាណិជ្ជកម្មច្រើនយ៉ាង​ណាក្តី។

ការធ្វើទីផ្សារ​នៅលើអ៊ីនធឺណេតមានច្រើនបែបច្រើនយ៉ាង​មិនមែនពឹង​ផ្អែកលើតែ Facebook តែមួយមុខនោះទេ ដោយម្ចាស់​អាជីវកម្មព្យាយាម​ស្វែង​រក​វិធីណា​ដែលសាកសម​សម្រាប់អាជីវកម្មរបស់ខ្លួន។ ធ្វើគម្រោង​ទីផ្សារ​មួយដែល​អាចធ្វើឱ្យអាជីវកម្មនៅតែរស់បានបើទោះជា Facebook មានបញ្ហាក្តី ដោយពេលខ្លះអា​ច​ងាកទៅរកវិធីសាស្ត្រ​ផ្សព្វផ្សាយ​បែបបុរាណវិញ។

ជម្រើសល្អបំផុតសម្រាប់ម្ចាស់​អាជីវកម្ម គឺអភិវឌ្ឍផលិតផល ឬសេវាកម្មរបស់ខ្លួន​ឱ្យល្អ អតិថិជនប្រើប្រាស់​ទៅពេញចិត្ត​ ហើយណែរនាំទៅឱ្យអតិថិជន​ផ្សេងទៀ​ត ដែលគេហៅការទីផ្សារ​របៀបនេះថាទីផ្សារដោយមាត់។

ជាឧទាហរណ៍ Business Cambodia ធ្លាប់ធ្វើការ​សម្ភាសន៍​ស្ថាបនិក​កម្មវិធីដឹកជញ្ចូនម្ហូបអាហារ​ Muuve ​ហើយទើប​នឹង​ជាប់ចំណាត់ថ្នាក់​ជាអាជីវកម្ម​បង្កើត​ថ្មីល្អជាង​គេបំផុត​ប្រចាំឆ្នាំ​២០១៩ពីពានរង្វាន់ Cambodia ICT Award លោក ប៉ាញ ផានិត្យ​ បានឱ្យដឹងថា ចំនួនអ្នកប្រើប្រាស់​ App របស់គាត់​កើនឡើងដោយសារតែ​ការណែរនាំតៗគ្នាជាជាង​បានមកពីការ​ផ្សព្វផ្សាយនៅលើ Facebook។

ប្រើគ្រប់បណ្ដាញសង្គម

ជារឿង​ងាយយល់ដែលម្ចាស់​អាជីវកម្មចាំបាច់ត្រូវ​ចូលគ្រប់បណ្ដាញសង្គមទាំង​អស់ ព្រោះនៅទីនោះ​សុទ្ធ​តែជាអតិថិជនរបស់ពួកគាត់។ ជាមួយគ្នានេះផងដែរក្រៅតែពីលេង Facebook មនុស្ស​គ្រប់​គ្នា​ក៏ចូលទៅកាន់បណ្ដាញសង្គមផ្សេងទៀត​ដែលប្លែកពីនេះ ទៅតាមរសនិយមរបស់ពួកគាត់​ ដោយសព្វថ្ងៃនេះគេឃើញមានដូចជា​ Instagram, WhatsApp, Twitter, Line, WeChat និង​ថ្មីៗនេះនៅស្រុកយើង​កំពុង​ពេញនិយម Tik Tokជាដើម។

យ៉ាង​ណាក៏ដោយ Instagram និង WhatsApp ក៏ស្ថិតក្នុង Ecosystem របស់ Facebook ដែរ​ ដោយការគាំង​ប៉ុន្មានថ្ងៃមុននេះ បណ្ដាញសង្គមទាំងពីរនេះក៏មិនមានវាសនាខុសពីគេហទំព័រ Facebook ធំនោះដែរ។ តែ​មានបណ្ដាញសង្គមយក្សដ៏ទៃ​​ដូចជា WeChat របស់ចិនជាដើមមានអ្នកប្រើប្រាស់​ច្រើនជាង​១ពាន់លាននាក់ មិនទាន់សូវ​មា​នឃើញអាជីវកម្មនៅស្រុក​យើង​គិតគូរ​ផ្សព្វផ្សាយ​ច្រើននៅឡើយទេ។

ជាមួយគ្នានេះដែរ កម្មវិធីបង្ហោះវីឌីអូខ្លីៗប្រមាណ ១៥វិនាទី Tik Tok កំពុង​ពេញនិយមខ្លាំង​ពីសំណាក់ប្រជាជនកម្ពុជាយើង មិនថា​ក្មេង​ ឬមនុស្ស​មានវ័យចំណាស់នោះទេ សុទ្ធ​តែ​បាន​ប្រើប្រាស់ និង​ចំណាយពេលវេលាច្រើនទៅលើវា។ ប៉ុន្តែ Tik Tok ពុំមានលក់ Ads ផ្សព្វផ្សាយពាណិជ្ជកម្មទេ តែម្ចាស់អាជីវកម្មអាច​មានភាពឆ្នៃប្រឌិត​ បង្កើត​ជាវីឌីអូខ្លីៗបង្ហាញពីផលិតផល ឬ​សេវាកម្មរបស់ខ្លួន។

​បន្ថែមពីនេះផងដែរ ប្រសិនបើម្ចាស់អាជីវកម្មមានផ្លេតហ្វមផ្ទាល់ខ្លួនគាត់អាច​ធ្វើឱ្យផលិតផល ឬសេវាកម្មរបស់គាត់​ លេចអណ្ដែត​នៅលើគេ​ពេលអតិថិជន​ស្វែង​រក​នៅលើ Google តាមរយៈវិធីមួយដែលគេហៅថា SEO ឬមានពាក្យពេញថា Search Engine Optimization។

ពិតណាស់ថា អាជីវកម្មមិនអាច​ដកឃ្លាចេញពី Facebook បាននោះទេ ព្រោះមានមនុស្សច្រើនជាង​២ពាន់លាននាក់ប្រើប្រាស់ជាសកម្មប្រចាំខែឥតស្រាកស្រាន្ត​ ដែលជាកន្លែង​ល្អបំផុត​ក្នុងការ​កសាងយីហោឱ្យមានគេស្គាល់ច្រើន ប៉ុន្តែក៏ត្រូវ​ទុកផ្លូវក្រោយសម្រាប់ខ្លួនឯង​ ជាមួយគ្នានេះដែរជីវិត​អាជីវកម្មមួយក៏មិនអាច​រំពឹង​តែទៅលើដង្ហើមដែល Facebook អោយដកនោះដែរ៕

អត្ថបទដោយ៖ ខុន សក្ក័ដា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES