មកដឹងហេតុផលដែលធ្វើឲ្យស្មាតហ្វូនចេះតែឡើងថ្លៃកប់ក្តោង ពីខ្ទង់រយដល់តម្លៃជាង ២០០០ ដុល្លារ

គិតមកដល់សព្វថ្ងៃនេះតម្លៃស្មាតហ្វូនរបស់ក្រុមហ៊ុនល្បីៗសូម្បីតែស្មាតហ្វូនចិនក៏ហក់ឡើងខ្ទង់ ២០០០ ដុល្លារដែរ ប៉ុន្តែបើត្រឡប់ទៅជំនាន់ស្មាតហ្វូនទើបចេញដំបូងវិញស្មាតហ្វូនភាគច្រើនលក់ក្នុងតម្លៃខ្ទង់ ២០០ ដុល្លារប៉ុណ្ណោះ ។

មានហេតុផលសាមញ្ញៗមួយចំនួនដែលអាចបញ្ជាក់ថាស្មាតហ្វូនចាប់ផ្តើមឡើងថ្លៃមិនមែនជារឿងចម្លែកទេ ។ នៅអាមេរិក ពីមុនមកតម្លៃស្មាតហ្វូននៅត្រឹម ២០០ ដុល្លារនោះ ដោយសារគេលក់វាក្នុងថ្លៃដើម ទើបគិតសេវាកម្មប្រចាំខែតាមក្រោយ ដោយប្រើកុងត្រារយៈពេលពីរឆ្នាំដែលភាគច្រើនគេហៅថា ទូរស័ព្ទ Sprint នោះ ។ ថ្វីត្បិតតែយើងមិនដឹងលក្ខខណ្ឌគេយ៉ាងណាខ្លះ ប៉ុន្តែវាមិនខុសពីការបង់រំលស់ទេ គ្រាន់តែថ្លៃសេវាប្រចាំខែនេះបូកបញ្ចូលទាំងសេវាកម្មថែទាំងនិងធានារ៉ាប់រ៉ងផងដែរ ។

ប៉ុន្តែក្រោយមកកម្មវិធីកុងត្រា ២ ឆ្នាំនេះត្រូវបានគេប្តូរទៅជាទិញដាច់តែម្តង ទើបធ្វើឲ្យស្មាតហ្វូនដូចជា iPhone និង Samsung ចាប់ផ្តើមឡើងថ្លៃដល់ខ្ទង់ ៦០០ ដុល្លារនៅឆ្នាំ ២០១៦ ខណៈដែលស្មាតហ្វូនចេញឆ្នាំមុននេះមានតម្លៃជាង ១០០០ ដុល្លារ ។

ហេតុផលធំនោះគឺ ស្មាតហ្វូនចាប់ផ្តើមពិបាកលក់ មិនមែនពេញនិយមដូចសព្វថ្ងៃនេះទេ ដោយសារអ្នកប្រើស្មាតហ្វូនជំនាន់នោះមិនងាយនឹងដូរសេរ៊ីទេ ដូចច្នោះដើម្បីរក្សាផលចំណេញក្រុមហ៊ុនមិនឲ្យធ្លាក់ចុះ ក្រុមហ៊ុនស្មាតហ្វូនជាច្រើនចាប់ផ្តើមឡើងថ្លៃស្មាតហ្វូនកប់ក្តោង លក់ចំណេញច្រើន លក់ចេញមួយដឹងមួយ ជាជាងលក់ស្មាតហ្វូនច្រើនតែចំណេញតិច ។

ហេតុផលបន្ទាប់ទៀតគឺ អេក្រង់ កាលណាអេក្រង់ស្មាតហ្វូនកាន់តែធំ វាកាន់តែឡើងថ្លៃដូចជា iPhone Xs Max មានតម្លៃជាង ១៥០០ ដុល្លារ ចំណែក Galaxy Fold មានតម្លៃ ១៩៨០ ដុល្លារ ក្នុងនោះ Huawei Mate X មានតម្លៃ ២៦០០ ដុល្លារ នោះក៏ព្រោះតែគ្រឿងម៉ាស៊ីនដែលបំពាក់មកជាមួយអេក្រង់ធំ ត្រូវចំណាយកាន់តែច្រើន ។

តម្លៃពលកម្មកើនឡើងក៏ជាផ្នែកមួយធ្វើឲ្យតម្លៃស្មាតហ្វូនឡើងថ្លៃផងដែរ បើបូកបញ្ចូលទាំងថ្លៃគ្រឿងម៉ាស៊ីន និងថ្លៃពលកម្ម កាលជំនាន់ iPhone 4 វាចាយថ្លៃដើមតែជាង ១៩០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែជំនាន់ iPhone Xs Max ស្រាប់តែឡើងថ្លៃដើមដល់ ៣៩០ ដុល្លារ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

ប្រភព ​៖ The Verge

0 មតិ

បញ្ចេញមតិ

RELATED ARTICLES