ចង់រកស៊ីមុខរបរបច្ចេកវិទ្យារីកចម្រើនលឿន អ្នកចាំបាច់ត្រូវមានមនុស្ស ៥ នាក់នេះមកធ្វើការជាមួយ

ចាប់ផ្តើមអាជីវកម្មថ្មីថ្មោងបែបបច្ចេកវិទ្យាហាក់ខុសប្លែកពីអាជីវកម្មផ្សេងៗបន្តិច ទោះបីជាអ្នកមានគំនិតអាជីវកម្មល្អក៏ដោយ ប៉ុន្តែអ្នកមិនអាចធ្វើវាតែម្នាក់ឯងបានទេ ប្រសិនបើអ្នកចង់រីកចម្រើនលឿន អ្នកត្រូវការរកក្រុមការងារដែលចាំបាច់សិន កុំរើសក្រុមការងារច្របូកច្របល់តាមតែនឹងឃើញ ។

ក្នុងនាមជាសហគ្រិនបច្ចេកវិទ្យាដែលទើបចាប់ផ្តើមគំនិតថ្មីថ្មោងអ្នក គួរតែមានមនុស្ស ៥ នាក់នេះជាចាំបាច់ ប្រសិនបើអ្នកចង់ឲ្យអាជីវកម្មថ្មីថ្មោងនេះរីកចម្រើនលឿន ។

១- អ្នករចនាគេហ័ទំព័ (Web), UI, UX

ដោយសារសម័យនេះវេបសាយបានដើរតួនាទីសំខាន់ក្នុងការបង្ហាញព័ត៌មាន និងទំនាក់ទំនងអតិថិជន អាជីវកម្មបែបច្នៃប្រឌិតគួរតែមានអ្នករចនាគេហទំព័រម្នាក់ ដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជន ឲ្យពួកគេស្រមៃពីរូបភាពគម្រូ ទៅជាផលិតផលពិត ។

ទាក់ទងនឹងការរចនា ទាំងវេបសាយ និងគម្រូផលិតផល ជៀសមិនផុតពីអ្នករចនា User Interface (UI) មានន័យថាជាអ្វីដែលអ្នកប្រើប្រាស់មើលឃើញ និង User Experience (UX) ជាបទពិសោធន៍អ្នកប្រើប្រាស់ ថាតើពួកគេប្រើវេបសាយអ្នកស្រួលទេ ដូចជាការស្វែងរកព័ត៌មានលម្អិតជាដើម ។

២-អ្នកអភិវឌ្ឍន៍ផលិតផល

អាជីវកម្មបែបបច្ចេកវិទ្យាដែលគេរកស៊ីអាចជា វេបសាយ, App, Software ឬទីផ្សារអនឡាញជាដើម ដូចនេះអ្នកអភិវឌ្ឍន៍ផលិតផល ពួកគេភាគច្រើនជាអ្នក IT ដូចជាអ្នកអភិវឌ្ឍន៍កម្មវិធីស្មាតហ្វូនឬវេបសាយ ។

អ្នកអភិវឌ្ឍន៍ផលិតផលបច្ចេកវិទ្យា ជាអ្នកដែលយល់ច្បាស់ពីផលិតផលជាងស្ថាបនិកទៅទៀត ដោយសារពួកគេមានតួនាទីពង្រឹងគុណភាពផលិតផលឬសេវាកម្ម រាប់ទាំងសមត្ថភាព សុវត្ថិភាព និងភាពងាយស្រួលប្រើប្រាស់ ។

បើតាមបទសម្ភាសន៍របស់ Business Cambodia ជាអាជីវកម្មថ្មីថ្មោងផ្នែកបច្ចេកវិទ្យាជាច្រើនឃើញថា អ្នកអភិវឌ្ឍន៍ផលិតផល ច្រើនតែជាសហស្ថាបនិកតែម្តង ដែលពួកគេធ្វើការលើផ្នែកបច្ចេកទេស ប៉ុន្តែបើអ្នកមិនអាចរកសហស្ថាបនិកជាអ្នកបចេ្ចកទេសបានទេ អ្នកអាចជួលសេវាកម្ម Development ពីក្រុមហ៊ុនផ្សេងបាន ។

៣-អ្នកផ្សព្វផ្សាយ

បន្ទាប់ពីអ្នកមានគំនិត ហើយមានមនុស្សពីរនាក់ខាងលើនេះ អ្នកត្រូវការអ្នកផ្សព្វផ្សាយដើម្បីរកអតិថិជនគោលដៅ ។ ម្នាក់នេះអាចជាមនុស្សដែលចេះជំនាញទាក់ទងនឹងផ្សព្វផ្សាយច្រើនដូចជា សរសេរអត្ថបទ បង្កើតមាតិកា ចេះយុទ្ធសាស្ត្រផ្សាយលើបណ្តាញសង្គម និងចេះធ្វើ SEO ។

ទំនួលខុសត្រួវរបស់អ្នកផ្សព្វផ្សាយគឺ រកគំនិតច្នៃប្រឌិតថ្មីៗដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជនគោលដៅ ដោយតម្រូវឲ្យពួកគេចេះពីរបៀបរបបប្រើពុម្ភអក្សរ រូបភាព វីដេអូជាដើម ។

៤-អ្នកអភិវឌ្ឍន៍អាជីវកម្ម

Business Development Manager ឬយើងហៅថាអ្នកអភិវឌ្ឍន៍អាជីវកម្មនោះ ភាគច្រើនត្រូវបានគេស្គាល់ថាជាអ្នកដែលរៀបយុទ្ធសាស្ត្រនាំផលិតផលទៅកាន់ទីផ្សារថ្មី ទាញអតិថិជនថ្មី និងនាំផលិតផលថ្មីទៅកាន់អតិថិជនចាស់ ។

ក្នុងនាមជាអាជីវកម្មថ្មីថ្មោង អ្នកអភិវឌ្ឍន៍អាជីវកម្មនេះហើយដែលជួយឲ្យអាជីវកម្មអ្នកអាចបន្តទៅមុខទៀត ព្រោះគាត់ជាអ្នកចេញមុខរៀបក្បួនវាយលុកទីផ្សារថ្មី ។

៥-អ្នកលក់

ក្រុមហ៊ុនណាក៏ដូចក្រុមហ៊ុនណាដែរ បើអត់អ្នកលក់គឺស្មើនឹងគ្មានចំណូល ហើយអ្នកលក់សម្រាប់អាជីវកម្មថ្មីថ្មោងមិនត្រឹមតែលក់ផលិតផលប៉ុណ្ណោះទេ ប៉ុន្តែពួកគេគួរតែចេះលក់គុណតម្លៃអាជីវកម្មឲ្យអ្នកវិនិយោគបានឃើញទៀត ទើបអាជីវកម្មនេះរីកចម្រើនលឿន ។

ទំនួលខុសត្រូវរបស់អ្នកលក់រួមមាន ទំនាក់ទំនង ចរចារ ឆ្លើយតបសំណួរអតិថិជន និងដោះស្រាយបញ្ហាអតិថិជនតាមរយៈផលិតផល មិនមែនទៅលក់តែផលិតផលទេ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES