ជាប្រទេសវាលខ្សាច់គ្មានទឹក តើអ៊ីស្រាអែលកែច្នៃអគ្គីសនីបែបណាទើបប្រើប្រាស់គ្រប់គ្រាន់ពេញប្រទេស?

គិតចាប់តាំងពីឆ្នាំ ១៩៤៨ មក អ៊ីស្រាអែលបាននាំចូលអគ្គីសនីពីប្រទេសផ្សេងៗដោយសារប្រទេសនេះស្ទើរតែគ្របកណ្តប់ដោយវាលខ្សាច់មិនទាន់ច្នៃអ្វីបាន ខណៈដែល Israeli Electric Corporation ហៅកាត់ថា IEC ជាអ្នកផ្គត់ផ្គងអគ្គីសនី និងទីផ្សារសរុប ៩៥% បន្ទាប់ពីរកឃើញបច្ចេកទេសកែច្នៃហ្គាសពីធម្មតាជាតិមកបម្លែងជាថាមពលអគ្គីសនី ។

ថាមពលអគ្គីសនីភាគច្រើននៅអ៊ីស្រាអែលត្រូវបានកែច្នៃពីពពួកប្រេងឥន្ធនៈអ៊ីដ្រូកាបូន ដែលក្នុងមេរៀនគីមីសេរីរាង្គថ្នាក់ ១២ យើងបានដឹងថាវាមានសមាសធាតុគីមីសេរីរាង្គតូចៗក្នុងនោះដូចជា មេតាន (CH4) អាតាន (C2H6) ប្រូប៉ាន (C3H8) ប៊ូតាន (C4H10) និង ប៉ង់តាន (C5H12) ជាដើម ។

អ៊ីស្រាអែលជាប្រទេសដែលមានតម្រូវការអគ្គីសនីលើសពីសមត្ថភាពផលិត ប៉ុន្តែកាលពីឆ្នាំ ២០១៤​ កន្លងទៅ អ៊ីស្រាអែលអាចផលិតថាមពលអគ្គីសនីបាន ១៦.២៥ ជីហ្កាវ៉ាត់ ឬ ១៦២៥០ មេហ្កាវ៉ាត់ពីពពួកអ៊ីដ្រូកាបូន ធ្យូងថ្ម និងហ្គាស ប៉ុន្តែកុំច្រឡំថាអគ្គីសនីខ្ទង់ម៉ឺនវ៉ាត់នេះច្រើនឲ្យសោះ ព្រោះវាមិនមែនជាប្រភពអគ្គីសនីដែលប្រើវិញបានទេ ច្នៃម្តងសម្រាប់តែប្រើម្តងប៉ុណ្ណោះ ។

ដើម្បីជំនួសប្រភពអគ្គីសនីដែលប្រើបានតែម្តង អ៊ីស្រាអែលត្រូវការប្រភពថាមពលប្រើឡើងវិញតូចៗតាមផ្ទះដែលច្នៃចេញពីផ្ទាំងសូឡាស្រូបពន្លឺព្រះអាទិត្យបម្លែងទៅជាថាមពលផ្ទុកក្នុងអាគុយ និងពពួកសូឡាដុតកម្តៅទឹកច្នៃជាអគ្គីសនីផ្ទាល់ ។

ការពីដំបូងឡើយ អ៊ីស្រាអែលប្រើហ្គាសជាប្រភពថាមពលអគ្គីសនីដំបូងគេដោយសារប្រទេសនេះអាចផលិតហ្គាសរហូតដល់ ៥៣ ៨០២ លានម៉ែត្រគីប ដែលអាចច្នៃជាថាមពលអគ្គីសនីឲ្យអ៊ីស្រាអែលប្រើបាន ៥០ ឆ្នាំ ។

នៅក្នុងឆ្នាំ ២០១៥ អ៊ីស្រាអែលបានប្រើប្រាស់អគ្គីសនីសរុប ៥២.៨៦ តេរ៉ាវ៉ាត់ម៉ោង ឬ ជាង ៥០០០ គីឡូវ៉ាត់ម៉ោងក្នុងម្នាក់ ខណៈដែល IEC អាចផលិតថាមពលអគ្គីសនីសរុប ១១៩០០ មេហ្គាវ៉ាត់ម៉ោងសម្រាប់ផ្គត់ផ្គង់ ។

ដូចច្នោះដើម្បីបន្ថែមប្រភពថាមពលអគ្គីសនីឲ្យប្រើប្រាស់គ្រប់គ្រាន់ អ៊ីស្រាអែលត្រូវច្នៃថាមពលបន្ថែមពីអ៊ីដ្រូកាបូន និងផ្ទាំងសូឡាដូចដែលបានរៀបរាប់ខាងលើ ។ ប៉ុន្តែបើតាមការអះអាងពីសមាគមន៍ថាមពលបៃតងអ៊ីស្រាអែលបញ្ជាក់ថា ថាមពលច្នៃឡើងវិញមានមិនដល់ ៣% ផង ខណៈដែលក្រុមហ៊ុនផ្គត់ផ្អង់ផ្ទាំងសូឡាបានធ្លាក់ចុះពី ១៣០ នៅឆ្នាំ ២០១០ មកនៅ ៦០ ក្រុមហ៊ុននៅឆ្នាំ ២០១៥ ។ តែយ៉ាងណាក៏អ៊ីស្រាអែលបានដាក់គោលដៅប្រើប្រភពថាមពលច្នៃឡើងវិញឲ្យបាន ១០% នៅឆ្នាំ ២០២០ ។

ក្រៅពីប្រភពថាមពលទាំងនេះអ៊ីស្រាអែលក៏មានគម្រោងច្នៃថាមពលនុយក្លេអ៊ែផងដែរ ប៉ុន្តែដោយសារឃើញគ្រោះថ្នាក់ពីការធ្លាយសារធាតុវទ្យុសកម្មពីរោងចក្រនុយក្លេអ៊ែនៅជប៉ុន ស្រាប់តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានប្រកាសកាលពីឆ្នាំ ២០១១ ថា នឹងមិនមានគម្រោងបង្កើតថាមពលនុយក្លេអែក្នុងពេលខាងមុខនេះទេ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES