ក្តោបក្ដាប់ទីផ្សារអ៊ីនធឺណេតមិនទាន់ឆ្អែត ពេលនេះ Google ឈោងចាប់យកទីផ្សារថ្មី ១៤០ពាន់លានដុល្លារ

Google ចាប់ផ្ដើមដំបូង​រកស៊ី​នៅលើអ៊ីនធឺណេត​ដោយបាន​បង្កើត​ជាម៉ាស៊ីនសម្រាប់ស្វែង​រក (Search Engine) សម្រាប់​អ្នកប្រើប្រាស់អ៊ីនធឺណេត​ ហើយទទួលបានអ្នកប្រើប្រាស់​ច្រើនសន្ធឹកសន្ធាប់​ដូច​សព្វថ្ងៃនេះ ហើយ Google បានពង្រីកខ្លួនទៅកាន់ទីផ្សារ​ផ្សេងៗទៀត​ ដូចជាស្មាតហ្វូន AI ពាណិជ្ជកម្មជាដើម ហើយថ្មីៗនេះ​កំពុង​តែ​ឈាន​ឈោង​ចាប់ទីផ្សារថ្មី គឺ ហ្គេម។

នេះមិនមែនជាទីផ្សារថ្មីទេសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា​ ប៉ុន្តែវាថ្មីសម្រាប់ Google ខណៈ​ដែលក្រុមហ៊ុន​ផ្សេងទៀត​ដូចជា Microsoft, Sony និង Nintendo បាន​ទាញយក​ប្រយោជន៍និង គ្រប់គ្រង​ទីផ្សារដែលមានតម្លៃលើសពី ១០០ពាន់លានដុល្លារ​នេះយូរឆ្នាំមកហើយ ឯការឈានជើង​ចូល​ទីផ្សារដែលមានគេប្រឡូកច្រើនគ្នារួចមកហើយនោះ ក៏ព្រោះតែ​ Google បង្កើនប្រាក់ចំណូលពីពាណិជ្ជកម្មឌីជីថលរបស់ខ្លួន។

មិនទាន់មានដំណឹង​ច្បាស់ការណាថា Google នឹង​ឈានជើង​ចូលយ៉ាង​ម៉េច​នៅក្នុងវិស័យ​ហ្គេមនោះដែរ គ្រាន់តែមានគេដឹង​ល្ហៀកៗ​ថា Google អាច​នឹង​ផលិត​ជាហ្គេមសម្រាប់កុំព្យូទ័រ និង​ ម៉ាស៊ីនលេងហ្គេម ឬក៏ Google អាចនឹង​ធ្វើការ​ផលិតជាម៉ាស៊ីន Game ផ្ទាល់ខ្លួន​តែម្ដង។

ប៉ុន្តែមានបច្ចេកវិទ្យា​មួយទៀត​ដែលក្រុមហ៊ុនធំៗព្យាយាម​សម្រេចបាន គឺជាការ​អនុញ្ញាត​ឱ្យអ្នកប្រើប្រាស់​អាចលេងហ្គេ​មពីឧបករណ៍អ្វីក៏មាន មិនថាកុំព្យូទ័រយួរដៃ ឬក៏ស្មាតហ្វូនឡើយ ដោយសារសព្វថ្ងៃនេះ Gamer ភាគច្រើនជួបបញ្ហារមួយដោយ ហ្គេមភាគច្រើនមានតម្លៃថ្លៃ ហើយដើម្បីលេង​បាន​អ្នលេង​ត្រូវ​ទិញម៉ាស៊ីន ឬតម្លើង​កុំព្យូទ័រ​ដើម្បីលេងទៀត ហើយការដោនឡោត​ហ្គេម​យកមកលេង​ក៏នឹង​ចំណាយពេលយូរទៀត។

Google មានទស្សនៈវិស័យមួយចង់ដោះស្រាយបញ្ហានេះ ដោយអ្នកលេងហ្គេមនឹង​អាច​ធ្វើការ​លេងហ្គេមដែលពួកគេចូលចិត្ត​ក្នុងតម្លៃ​ទាប ហើយប្រើប្រាស់ជាមួយនឹង​ឧបករណ៍ដែលពួកគេមាន​អ្វីដែលសំខាន់ឱ្យតែមានអ៊ីនធឺណេត។

Google ធ្លាប់បានធ្វើការតេស្ដសាកល្បងខ្លះៗមកហើយ នៅលើហ្គេម Assasin’s Creed Odyssey ដោយអ្នកមានកុំព្យូទ័រ​មានកម្លាំង​ម៉ាស៊ីនទាប ដូចជា Chrombook ក៏ដោយក៏អាច​ធ្វើការ​លេងបានដែរ ដោយប្រើប្រាស់បច្ចេកវិទ្យា Cloud។

ក្រុមហ៊ុនមួយនេះកំពុង​តែធ្វើការអភិវឌ្ឍបច្ចេកវិទ្យា​ Cloud នេះដើម្បីឱ្យប្រាកដថាអាច​ដំណើរ​ការហ្គេមធំៗដោយមិនមានភាពរអាក់រអួល ស្ដាប់បញ្ជារបានភ្លាមៗ។ និយាយជារួមទៅ អ្វីដែល Google កំពុងធ្វើជា​ ផ្លេត​ហ្វ​មលេងហ្គេមមួយសម្រាប់ពេលអនាគត​៕

អត្ថបទដោយ៖ ខុន សក្ក័ដា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES