មើល ៣ ចំណុចនេះសិនទោះមិនដែលមានបទពិសោធន៍ទិញម៉ូតូមួយទឹកសោះ ក៏អាចប្រើការបាន

ក្នុង ៣ ចំណុចខាងក្រោមនេះនឹងជួយដល់អ្នកដែលមានបំណង ឬ ចង់ទិញម៉ូតូមួយទឹក តែមិនដឹងត្រូវគិតលើអ្វីខ្លះ ? ព្រមទាំងមិនចេះមើលទៀតនោះ ខាងក្រោមនេះអាចជួយអ្នកបានមួយចំណែកដែរ ទោះមិនបានលម្អិតក៏ដោយ ។

១. សើបមើលទីតាំង និងតម្លៃ ៖ គ្រប់ហាងទាំងអស់នៅមិនថានៅតាមបណ្ដាខេត្ត ឬ នៅទីក្រុងភ្នំពេញទេ គឺយើងអាចស្វែងរកតាមរយៈអ៊ីនធើណែតបាន ព្រោះសម័យនេះហើយ បច្ចេវិទ្យាបានគ្របដណ្ដប់កម្ពុជាយើងច្រើនហើយដែរ ។

ដូច្នេះហើយអ្នកអាចស្វែងរកទីតាំង នឹងឆែកតម្លៃតាមហាងនីមួយៗ ដើម្បីយកមកប្រៀបធៀបគ្នាថា តើតម្លៃតាមហាងនីមួយៗមានហាងឆេង ខុសគ្នាយ៉ាងដូច្នេះខ្លះ ។

ជាងនេះអ្នកក៏អាចឆែកមើលតម្លៃនៅហាងផ្ទាល់ ឬ ក៏ឆែកតាមរយៈ អ៊ីនធើណែត ដូចជា Facebook ជាដើម ដែលមានលក់ម៉ូតូគ្រប់ធុន ជាមួយតម្លៃមកជាមួយផងដែរ ។

២. របៀបឆែកម៉ូតូ ៖ សម្រាប់ម៉ូតូអ្វីដែលសំខាន់បំផុតគឺមានកាតគ្រីស៊ីន ឬ ក្រាសពន្ធម៉ូតូ ដែលជារបស់ពិត និង ធានាបានថាហាងដែលយើងទិញម៉ូតូមួយទឹកនោះ ធានារយៈពេលឲ្យលើគ្រឿងបន្លាស់ ជាពិសេសការខូចខាតមួយចំនួនទៀត ។

មិនត្រឹមតែប៉ុណ្ណោះ យើងក៏ឆែកមើលម៉ូតូពីខាងក្រៅបានដូចជា ម៉ាស៊ីន ទឹកថ្នាំ តេស្ដលើសម្លេង សន្ទុះនៃការបើកបរ ចំណុចនេះប្រសិនបើម៉ូតូមិនសូវស្ទុះទេ មានន័យថាមួយគ្រឿងនេះខ្សោយម៉ាស៊ីនហើយ ។

ឆែកទៅលើប្រព័ន្ធភ្លើង ជៀសវាងចេញមកយកចូលជាងម្ដងទៀត មើលលើកុងទ័រម៉ូតូ ប្រសិនបើវាចាស់គួរសម ហើយលេខកុងទ័រនៅតិចនោះ មានន័យថាកុងទ័រម៉ូតូត្រូវបានគេដូរម្ដងហើយ ។

៣. តម្លៃ ៖ អ្នកអាចបន្ទាបតម្លៃ ឬ តថ្លៃគ្នាទៅតាមអ្វីដែលបានឃើញជាក់ស្ដែង សម្រាប់អ្នកលក់តែងតែចង់បានថ្លៃ ចំណែកអ្នកទិញចង់បានថោក ដូច្នេះហើយមុនបន្ទាបតម្លៃគេ ត្រូវត្រួតពិនិត្យស្ថានភាពជាក់ស្ដែង ហើយលើកយកចំណុចខ្វះខាត ឬ មិនពេញចិត្តមករិះតម្លៃបាន តែត្រូវចាំថា ម៉ូតូមួយទឹកមិនល្អដូចថ្មីទេ វាអាចនឹងមានចំណុចខ្វះខាតខ្លះហើយ ។

គួរជម្រាបផងដែរថា ៣ ចំណុចខាងលើនេះអាចឲ្យអ្នកមិនដែលទិញម៉ូតូសោះស្វែងយល់បាន ព្រោះវាងាយស្រួល និងមិនពិបាកសម្រាប់ការត្រួតពិនិត្យទេ សម្រាប់អ្នកដែលមានបទពិសោធន៍ច្រើនគាត់អាចនិងមានក្បូនខុសគ្នាពីនេះទៀត ៕

អត្ថបទដោយ ៖ ឆាំ មករា

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES