សាកលវិទ្យាល័យនៅចិន ប្រើAI ឆែកអវត្តមាន ដើម្បីកុំឱ្យនិស្សិតឈប់គ្មានច្បាប់ទម្លាប់

ចិនកំពុង​វិវឌ្ឍខ្លួនបណ្ដើរ​ៗក្លាយទៅជាមហាអំណាច​ខាង​បច្ចេកវិទ្យា​បញ្ញាសុប្បនិម្មិត​ ឬគេនិយមហៅថា AI នោះ ដោយគេសង្កេត​ឃើញថា​ចាប់តាំង​ពីរដ្ឋាភិបាល កាមេរ៉ាសុវត្ថិភាពតាមផ្លូវ​ ភោជនីយដ្ឋាន សុទ្ធតែ​ប្រើប្រាស់បច្ចេកវិទ្យា​នេះ។

ឥឡូវនេះនៅតាមបណ្ដារ​សាកលវិទ្យាល័យ​ចាប់ផ្ដើម​ដាក់នូវ​បច្ចេកវិទ្យានេះ ដើម្បីតាមដាន​វត្តមាន​របស់និស្សិត​នៅក្នុង​ម៉ោងរៀន។ ប្រព័ន្ធ​ធ្វើការ​ផ្ទៀត​ផ្ទាត់​វត្តមាន​របស់និស្សិត​តាម​រយៈទូរស័ព្ទ​ស្មាតហ្វូន ជាមួយគ្នានេះផងដែរ AI ក៏បានធ្វើការក្រើនរំឮកនិស្សិត​ពេលមកយើង និង​ធ្វើការ​ប្រមានពី​ហានិភ័យអាចនឹង​កើតឡើង​ពេលដែលមិនទៅរៀន។

សម្រាប់​អ្នកដែលមិនបានទៅរៀននឹង​ទទួលបានសារ​ជាសម្លេង​មួយ បញ្ជាក់ថា​ថ្ងៃនេះគេមិនបានទៅរៀននោះទេ សូមជួយប្រាប់ពីមូលហេតុ​ផង ហើយអ្វីដែលនិស្សិ​ត​ឆ្លើយ​តបត្រឡប់នឹង​ត្រូវ​បាន​ថត​ទុក​ សម្រាប់ទុកជាជំនួយដល់បុគ្គលិក​ក្នុងការ​លើកឡើង​ពេលប្រជុំជាមួយនឹង​និស្សិត​។

ការអនុវត្តសាកល្បង​ដំបូង​ធ្វើឡើង​នៅសាកលវិទ្យាល័យ​ Hangzhou Dianzi ដោយមានលទ្ធផលជាវិជ្ជមាន​ និស្សិត​អវត្តមានក្នុងម៉ោងរៀនថយចុះជាងមុន៧% បើប្រៀបធៀបទៅនឹង​ឆមាស​មុននឹង​ចាប់ផ្ដើមសាកល្បងប្រព័ន្ធ​ស្រង់អវត្តមាន​ឆ្លាតវៃនោះ។

ការតាមដាន​អវត្តមានរបស់សិស្សនេះគ្រាន់តែ​ជាផ្នែកមួយនៃគោលដៅធំ ក្នុងការ​ស្វែង​រកមូលហេតុ​ដែលធ្វើឱ្យនិស្សិត​មិនសូវបានទៅរៀន ហើយកត់ត្រាចម្លើយចងក្រង​ទុកជា​ប្រព័ន្ធផ្ទុកទិន្នន័យ​មួយ។

សម្រាប់ប្រទេស​ចិន​គ្រោង​នឹង​ពង្រីក​ទីផ្សារ AI របស់ខ្លួន​ឱ្យមានតម្លៃ​រហូត​ទៅដល់​ ១៤៧ពាន់លានដុល្លារ​ ហើយក្លាយទៅជា មហាអំណាច AI ទូទាំង​សាកលលោកត្រឹម​ឆ្នាំ២០៣០។ មិនទាន់ដល់ ២០៣០ផង ចិនចាប់ផ្ដើម​នាំមុខបណ្ដើរ​ៗទៅហើយ ដោយមានការ​ស្នើរសុំប័ណ្ណប៉ាតង់នៅខាង AI ច្រើនជាង​គេបង្អស់ សូម្បីអាមេរិកក៏រត់តាមពីក្រោយដែរ៕

អត្ថបទដោយ៖ ខុន សក្ក័ដា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES