ក្រុមហ៊ុនខ្មែរយើងមួយនេះក្រោយបានទុនពី Silicon Valleyឥឡូវនេះមានគេវិនិយោគទុន៥លានដុល្លារបន្ថែម

បរិយាកាសអាជីវកម្ម​បង្កើតថ្មីនៅកម្ពុជាទើបតែ​ចាប់ផ្ដើមផុសផុលខ្លាំង​ក្នុង​រយៈកាលបី បួនឆ្នាំចុងក្រោយនេះទេ ដោយសង្កេត​ឃើញ​មាន​ព្រឹត្តិការ​ណ៍បច្ចេកវិទ្យា​ផ្សេង មានការ​ផ្ដល់ជារង្វាន់​ទៅដល់អាជីវកម្មបង្កើត​ថ្មី​ ប្រភពទុនជាដើម ក្នុងនោះអាជីវកម្មដែលទទួលបានទុនខ្ទង់លានដុល្លារ​ក៏មិនសូវមានច្រើនប៉ុន្មាននោះដែរ។

តែថ្មីៗនេះមានអាជីវកម្មបង្កើតថ្មីរបស់ខ្មែរយើង ទើបនឹង​ទទួលបានទុនដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានកាលពីមុនមកនៅក្នុង​ប្រទេស​នេះ ដោយបានទុនវិនិយោគប្រមាណជា ៥លានដុល្លារនេះបើតាមគេហទំព័រ e27។ ក្រុមហ៊ុនខ្មែរដំបូង​គេ ដែលទទួលបានទុនដ៏ច្រើន​ជាងគេបំផុត​លើកដំបូង​លើកនេះ មានឈ្មោះថា Groupin។

ឈ្មោះនេះប្រហែលជាមិនសូវមានអ្នកស្គាល់នោះទេ ប៉ុន្តែបើនិយាយពី Little Fashion និង Khmerload ប្រហែលជាមានអ្នកស្គាល់ច្រើន ដោយក្រុមហ៊ុនទាំង​ពីរនេះស្ថិតនៅក្រោមស្លាកក្រុមហ៊ុនធំ ឈ្មោះថា Groupin នេះឯង។

ការវិនិយោគនេះ Groupin ទទួលបានពីខាង​ក្រុមហ៊ុនផ្ដល់ទុនផ្តោតនៅក្នុងតំបន់មេគង្គ Belt Road Capital Management ហើយទុនដែលបាននេះ ស្ថាបនិក​ដែលជាបងប្អូនទាំង​បួននាក់នឹង​ធ្វើការវិនិយោគពង្រីកអាជីវកម្ម លើផ្នែក​បច្ចេកវិទ្យាទូរស័ព្ទ​ ច្រវាក់នៃការផ្គត់ផ្គង់ទំនិញ ការពង្រីកផលិត​ផល និង សេវាបម្រើអតិថិជន។

Groupin មានក្រុមហ៊ុនពីរធំៗគឺ Little Fashion និង Mediaload ដែលសព្វថ្ងៃមានប្រតិបត្តិការ​ចំនួនពីរ​ប្រទេសគឺ កម្ពុជានិងមីយ៉ាន់ម៉ា ។

សម្រាប់ Little Fashion ជា​យីហោលក់ឥវ៉ាន់អនឡាញមួយដែលបានចាប់ផ្ដើមឡើងតាំងតែពីឆ្នាំ​២០១០មកម្លេះ ហើយបានក្លាយទៅជាផ្លេតហ្វមមួយហៅថា L192 ។

ឯ Mediaload វិញជាក្រុមហ៊ុនខាង​ប្រព័ន្ធផ្សព្វផ្សាយ ដោយផ្ដោត​ទៅលើ​កា​រ​ផលិត​មាតិការផ្សេងៗរាប់តាំង​តែ​ពីកម្សាន្ត​រហូតដល់កីឡា ហើយនៅកម្ពុជាមានវេបសាយ​ឈ្មោះថា Khmerload ឯមីយ៉ាន់ម៉ាមានឈ្មោះថា Myanmarload។

ខាង​ Mediaload ធ្វើការអះអាង​ថាខ្លួនមាន​អ្នកប្រើប្រាស់សកម្មប្រចាំខែ​ប្រមាណជា​៨លាននាក់ អ្នកតាមដានបណ្ដាញសង្គមរបស់ខ្លួនមិនក្រោម២០លាននាក់នោះទេ។

គូសបញ្ជាក់ថាក្រុមហ៊ុនមួយនេះធ្លាប់ទទួលទុន ២សែនដុល្លារ​ពីក្រុមហ៊ុន 500 Startupsដែលជាក្រុមហ៊ុនវិនិយោគធំមួយនៅតំបន់ប្រជុំបច្ចេកវិទ្យា​នៅសហរដ្ឋអាមេរិក​ កាលពីឆ្នាំ២០១៧៕

អត្ថបទដោយ៖ ខុន សក្ក័ដា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES