ម្ដាយឪពុកនៅចិន ចាប់ផ្ដើមបញ្ចូនកូនឱ្យទៅរៀនកូដតាំងតែពីនៅតូចទាំងអាយុទើបតែបាន៤ឆ្នាំ

ចិន​ត្រូវ​បា​នគេស្គាល់ថា​ជាប្រទេស​ដែល​ក្មេង​ៗត្រូវ​រៀន​សូត្រ​ច្រើន​ រាប់តាំងតែពីមុខវិជ្ជាចំណេះដឹង​ទូរទៅ តន្ត្រី កីឡា រហូតដល់ភាសារ ហើយអ្វីដែលសំខាន់ម្ដាយឪពុក​នៅចិនចាប់អារម្មណ៍កន្លង​មកនោះគឺភាសារអង់គ្លេស​និង​គណិត​វិទ្យា។

តែដោយសារតែបរិបទបច្ចេកវិទ្យា​ មានជំនាញ​មួយទៀត​ដែលកំពុង​តែ​ចាប់ផ្ដើមមានការ​ការ​ចាប់អារម្មណ៍ពីសំណាក់ម្ដាយឪពុកដែលនោះ គឺជំនាញសរសេរកូដ ដោយគេមើលឃើញថា​មានសារៈសំខាន់សម្រាប់ការងារ​នៅពេលអនាគត។

ការសេរសេរកូដ ក្លាយទៅជាមុខវិទ្យាដែលត្រូវរៀនសម្រាប់ក្មេង​ៗ ខណៈដែលគេរំពឹង​ថានឹង​មាន​ការ​ដណ្ដើមការងារ​ពីសំណាក់មនុស្ស​យន្ត និង​បច្ចេកវិទ្យា​ផ្សេងៗ។ ម្ដាយឪពុកចាប់ផ្ដើម​បញ្ចូនកូនៗរបស់ខ្លួនទៅសាលា ទាំង​ដែលខ្លះអាយុពួកគេទើបតែ​៤ឆ្នាំនោះ។

ទំនោរនៃការបញ្ចូនកូនឱ្យទៅរៀនកូដ នេះកើតឡើងស្របពេលដែលចិនចាប់ផ្ដើម​រំកិលខ្លួនបន្តិចម្ដងៗ ក្លាយទៅជាមហាអំណាច​ខាងបញ្ញាសុប្បនិម្មិត​ ឬ AI នោះ ហើយជាមួយគ្នានេះផងដែរនៅក្នុងស្រុក​ក៏សម្បូរទៅដោយក្រុមហ៊ុនបច្ចេកវិទ្យា​ធំ និង​ក្រុមហ៊ុនកកើត​ថ្មីទៅខាង​រូបូត បញ្ញាសុប្បនិម្មិត និងបច្ចេកវិទ្យា​អវកាសជាដើម។

ពិសេសជាងនេះទៅទៀត មុខវិជ្ជាសរសេរកូដ​ក្លាយទៅជា​កម្មវិធីសិក្សារ​មួយរបស់ចិន ក្រោយ​ពីរដ្ឋាភិបាលចិន​ចេញគម្រោង​អភិវឌ្ឍខ្លួនឯងអោយទៅជាមហាអំណាច AI។ មានសកលវិទ្យាល័យខ្លះ បានយក​មុខវិជ្ជាសរសេរកូដនេះជាការប្រឡង​ចូលសាលា​របស់ខ្លួនទៀត​ផង។

ជាមួយនឹង​ការបណ្ដុះធនធាននេះ គេឃើញមាន​ក្រុមហ៊ុនផ្ដល់ទុន ផ្ដោត​ការវិនិយោគលើបច្ចេកវិទ្យា​ចំណេះដឹង​Edtech ខណៈដែលទីផ្សារ​មួយនេះមានទំហំរហូតដល់ទៅ ៥៩៥លានដុល្លារ​ ប៉ុន្តែ​ស្ថិតនៅតូចជាង​ទីផ្សារ​បង្រៀន​ភាសារអង់គ្លេស​នៅក្នុងប្រទេសនេះនៅឡើយទេ។

ដោយឡែកនៅកម្ពុជាយើងវិញ សង្កេតឃើញមានគម្រោង​ជាច្រើនកំពុងតែចាប់ផ្ដើមអនុវត្ត ទាំង​គម្រោងរបស់រាជរដ្ឋាភិបាល ជំនួយបរទេស​ អង្គការ និង​ក្រុមហ៊ុនឯកជន ដោយមានទាំង​ការបង្រៀន​ឥតគិតថ្លៃនិងការបង្រៀន​យកប្រាក់កម្រៃស្ថិតក្នុងតម្លៃទាបជាងគេក្នុងតំបន់៕

អត្ថបទដោយ៖ ខុន សក្ក័ដា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES