មកស្គាល់បណ្តាញសង្គមខ្មែរថ្មីមួយទើបចេញថ្មីៗ កូនកាត់ Facebook និង Alibaba

បណ្តាញសង្គមខ្មែរមួយដែលមិនទាន់បញ្ចេញជាផ្លូវការនៅឡើយមានឈ្មោះថា Emazoo ត្រូវបានបង្កើតឡើងដោយកូនខ្មែរចំណាយពេលជាង ២ ឆ្នាំមកហើយ ដែលបណ្តាញសង្គមថ្មីមួយនេះមានមុខងារ News Feed ដូចហ្វេសប៊ុកដែរ ប៉ុន្តែស្ថានិក Emazoo បញ្ជាក់ថា បណ្តាញសង្គមមួយនេះមានមុខងារលើសពីហ្វេសប៊ុក ។

ស្ថាបនិកបណ្តាញសង្គមខ្មែរមួយនេះប្រាប់ Business Cambodia ថា លោកបង្កើតបណ្តាញសង្គមមួយនេះឡើង មិនមែនចង់ធ្វើតាមហ្វេសប៊ុកទេ ប៉ុន្តែលោកចង់ជួយសម្រួលជាពិសេសដល់អ្នកលក់អនឡាញ ធ្វើយ៉ាងឲ្យចំណាយលុយតិចជាងមុន និងមានរបៀបលក់អនឡាញទំនើបជាងមុន ដូចនេះហើយវាមិនត្រឹមតែជាបណ្តាញសង្គមដូចហ្វេសប៊ុកប៉ុណ្ណោះទេ ប៉ុន្តែវាជាផ្សារអនឡាញមួយដូច Alibaba ផងដែរ ។

បណ្តាញសង្គមមួយនេះមានមុខងារ ៣ ដែលលើសពីហ្វេសប៊ុករួមមាន កន្លែងដាក់លក់ទំនិញដូចវេបសាយ Alibaba សេវាកម្មទូទាត់លុយអនឡាញនៅលើផ្លេតហ្វមនេះស្រាប់ និងប្រភពឯកសារជាភាសាខ្មែរដែលយកគម្រូពីវេបសាយល្បីៗដូចជា Wikipedia និង Wikihow ។

មានន័យថាអ្នកអាច Add Friend បង្ហោះព័ត៌មានផ្សេងៗ ផ្ញើសារ បង្កើតផេក ប្រូម៉ូតផលិតផលបានដូចហ្វេសប៊ុក និងថែមមុខងារសំខាន់ៗសម្រាប់អ្នកលក់អនឡាញគឺប្លុកលក់ទំនិញ (Market Place) និងសេវាកម្មទូទាត់លុយអនឡាញលើផ្លតហ្វមតែមួយ ។

ស្ថាបនិក Emazoo បញ្ជាក់ថា លោកបានចាប់ផ្តើមគម្រោងមួយនេះតាំងពីឆ្នាំ ២០១៧ មកម្លេះ និងបានចរចារធ្វើការជាមួយក្រុមហ៊ុន IT នៅឥណ្ឌា ហើយលោកថាបណ្តាញសង្គមមួយនេះបង្កើតឡើង មិនមែនដើម្បីប្រកួតជាមួយហ្វេសប៊ុកទេ ។

ស្ថាបនិក Emazoo ថា បណ្តាញសង្គមមួយនេះមិនអាចប្រកួតប្រជែងជាមួយហ្វេសប៊ុកបានទេ ហើយលោកក៏មិនខ្វល់ការប្រកួតប្រជែងជាមួយបណ្តាញសង្គមក្នុងស្រុកដែលបង្កើតមកក្រោយៗដែរ ព្រោះលោកបង្កើតវាឡើងដើម្បីប្រយោជន៍អ្នកប្រើ ធ្វើយ៉ាងណាឲ្យអ្នកប្រើស្រួលប៉ុណ្ណោះ ។

បច្ចុប្បន្ននេះ Emazoo បានចេញវេបសាយរួចរាល់ហើយ និងកំពុងធ្វើតេស្ត App លើប្រព័ន្ធប្រតិបត្តិការ Android និងរំពឹងថាដាក់ឲ្យប្រើប្រាស់លើប្រព័ន្ធប្រតិបត្តិការ IOS នៅខែក្រោយនេះ ។

ថ្វីត្បិតតែ Emazoo មានមុខងារលើសពីហ្វេសប៊ុក និងអាចប្រើដូចហ្វេសប៊ុកពិតមែន ប៉ុន្តែមានមុខងារមួយចំនួនត្រូវបានកាត់ចោល ពោលគឺមិនដូចហ្វេសប៊ុកទាំងស្រុងទេ​ ហើយឥឡូវនេះអ្នកអាចប្រើប្រាស់សាកល្បងជាមួយ Version Beta របស់ Emazoo បាន ។

គួរបញ្ជាក់ថា នៅក្នុងដំណាក់កាលសាកល្បង Emazoo មិនទាន់បញ្ចេញមុខងារទីផ្សារដាក់លក់ទំនិញអនឡាញ និងសេវាកម្មទូទាត់លុយអនឡាញនៅឡើយទេ ប៉ុន្តែអ្នកអាចប្រើធម្មតាដូចហ្វេសប៊ុក និងមុខងារ Blog ដែលជាប្រភពឯកសារជាភាសារខ្មែរបាន នៅពេល Emazoo ធ្វើតេស្តជោគជ័យលើប្រព័ន្ធប្រតិបត្តិការ Android និង IOS បណ្តាញសង្គមនេះនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES