អនាគតទៅការងាររាប់លានកន្លែងនឹងបាត់ទៅ តែអ្នកធ្វើការងារលើ៥វិស័យនេះនឹងរកលុយបានកាក់កប

ដោយសារតែបច្ចេកវិទ្យា​ តទៅមុខទៅកំឡុង​ឆ្នាំ២០៣០មានការព្យាករណ៍ពីវិទ្យាស្ថានស្រាវជ្រាវ​ McKinsey ថានឹងមាន​ការ​បាត់បង់ការងារ​ប្រមាណជា​៣៧៥លានកន្លែង ប៉ុន្តែយ៉ាង​ណាក៏ដោយបច្ចេកវិទ្យា​ក៏បានបង្កើតនូវការងារ​ថ្មីផ្សេងផងដែរ ឯការងារលើវិស័យ​ខ្លះដែលមិនសូវ​មានការចាប់អារម្មណ៍នាពេលឥឡូវនេះ អាចនឹង​មានសភាពល្អ​ជាងមុន។

តួរយ៉ាង​ការងារ​លើវិស័យ​៥ខាងផ្នែកបច្ចេកវិទ្យាខាង​ក្រោម​នេះ​ អាចនឹងមានសក្តានុពល​ខ្លាំង​នាពេលអនាគត។

១. វិភាគទិន្នន័យ និង Big Data

មិនចាំបាច់ដល់ថ្ងៃអនាគតនោះទេ ពាក្យ​ទាំងពីរនេះសព្វថ្ងៃកំពុង​ពេញនិយមជាខ្លាំង​ដោយក្រុមហ៊ុនធំៗភាគច្រើនចាប់ផ្ដើម​ចាប់អារម្មណ៍ ឯក្រុមហ៊ុនបង្កើតថ្មីភាគច្រើនក៏មានទំនោរ​ទៅលើវិស័យមួយនេះដែរ។ មានរបាយការណ៍បង្ហាញថា​ ទីផ្សារ​របស់វិស័យមួយនេះមានតម្លៃ​មិនក្រោម​ ១៦៦ពាន់លានដុល្លារ ហើយនឹង​កើនឡើង​ជាបន្តបន្ទាប់រហូត ហើយនៅឆ្នាំ២០២០ ការងារនៅលើផ្នែកនេះនឹង​កើនឡើង​រហូត​ដល់២.២លានកន្លែង នេះគិត​តែ​សហរដ្ឋអាមេរិក​ផង។

២. សុវត្ថិភាពអ៊ីនធឺណេត (Cybersecurity)

អ៊ីនធឺណេតបានក្លាយទៅជាផ្នែកមួយនៃជីវិតរបស់មនុស្ស​ប្រចាំថ្ងៃសឹងតែខ្វះពុំបាន ប៉ុន្តែស្របពេលជាមួយគ្នានេះដែរ ក៏មានបញ្ហារជាច្រើនលេចឡើង​ទាក់ទិននឹង​សុវត្ថិភាពតម្រូវឱ្យមានការការពារ​ឱ្យកាន់តែប្រសើរជាងមុន។ មានការងារ​មិនតិច​ជាង​ ៣.៤លានកន្លែងទេ ដែលនឹង​កើត​មានក្នុង​ផ្នែកនេះនាពេលអនាគត​ក្នុងសហរដ្ឋអាមេរិក ជាមួយ​នឹង​ប្រាក់កម្រៃ​មិនក្រោម៩ម៉ឺនដុល្លារនោះទេក្នុង​មួយឆ្នាំ។

៣. សុខាភិបាល

គ្មានអ្វីដែលសំខាន់ជាជាង​សុខភាពនោះទេ ហើយស្របពេល​ជាមួយនឹង​បច្ចេកវិទ្យាកំពុង​រីកចម្រើនផងនោះ បច្ចេកវិទ្យា​ទៅលើវិស័យ​សុខាភិបាល​កាន់តែ​ប្រសើរជាងមុន ធ្វើឱ្យមានតម្រូវការ​ច្រើន​លើអ្នកមានជំនាញខាងនេះ។ ជាមួយគ្នានេះដែរ គេឃើញសង្កេត​មានកម្មវិធីតាមដានសុខភាពអ្នកប្រើប្រាស់ ប៉ុន្តែ​ក៏នៅតែត្រូវការ​អ្នកជំនាញ បន្ថែមពីនេះផងដែរអ្នកមានជំនាញខាង​សុខភាពផ្លូវចិត្ត​ក៏ត្រូវប៉ាន់ផងដែរ។

៤. ថាមពលបង្កើត​ថ្មី

ការប្រើប្រាស់ធនធាននៅពេលអនាគត​ទៅត្រូវ​មាន​កំណត់ ជាហេតុ​តម្រូវ​ឱ្យប្រើប្រាស់ថាមពលដែលអាចប្រើប្រាស់ឡើង​វិញបាន​ ជាជាង​ប្រើប្រាស់ធនធានកម្រដូច​សព្វថ្ងៃ។ គិតតែត្រឹមឆ្នាំ២០១៨ប៉ុណ្ណោះការងារ​លើផ្នែក​នេះ​មានតម្រូវការ​រហូតទៅដល់១០លានកន្លែង​ ហើយនឹង​កើនរហូតដល់ទៅ២៨លានកន្លែងនៅឆ្នាំ២០៥០ ព្រោះថាក្រុមហ៊ុនបច្ចេកវិទ្យា​ធំៗស្ទើរតែទាំងអស់សុទ្ធតែមានគម្រោង​ទៅលើវិស័យ​ថាមពលកកើត​ឡើង​វិញបាននេះទាំងអស់។

៥. ដ្រូន

អ្វីៗនឹងប្រើប្រាស់ដ្រូននាពេលអនាគត រាប់តាំងពីការ​ដឹកជញ្ចូន​រហូតដល់វិស័យសំណង់ ហើយសព្វថ្ងៃនេះគេសង្កេតឃើញថា​កំពុងតែកកើតមានបណ្ដើរៗហើយ។ តម្រូវការ​​ពីឡុត​បើកដ្រូននេះមានតាំង​តែពីឥឡូវ​ម្លេះ ដោយនៅសហរដ្ឋអាមេរិក​អាច​ទទួលបានកម្រៃ​៤០ដុល្លារ​ក្នុង​មួយម៉ោង​ឯណោះ ប៉ុន្តែ​ក៏ស្ថិត​ក្នុងភាពផុយស្រួយផងដែរ ដោយសារតែ AI អ្នកផលិត​និង​អ្នកសរសេរកូដវិញទេដែលត្រូវប៉ាន់នោះ៕

អត្ថបទដោយ៖ ខុ​ន សក្ក័ដា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES