Huawei បានសង់ផ្លូវក្រោយមួយសម្រាប់ខ្លួនឯង បង្ការថ្ងៃក្រោយទៅអាមេរិកបិទលែងឱ្យប្រើរបស់ខ្លួន

ក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ពិភពលោករបស់ចិន Huawei កំពុង​តែមានចំនួនអ្នកប្រើប្រាស់កើនឡើង​ពីមួយថ្ងៃទៅមួយថ្ងៃ រហូតវ៉ាដាច់​ Apple ជាប់ឈ្មោះជាយីហោស្មាតហ្វូន​ល្អបំផុតលេខ​ពីរ​ យ៉ាងណាក៏ដោយថ្មីៗនេះលេចឮដំណឹង​ថាក្រុមហ៊ុនមួយនេះសម្ងំ​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការផ្ទាល់ខ្លួនមួយគ្រោងនឹង​ជំនួស​ Android។

Huawei ធ្វើនេះក៏ដោយសារតែ​ខ្លាច​មានថ្ងៃណាមួយ ត្រូវបានគេហាមប្រាម​មិនឱ្យប្រើប្រាស់ផលិតផល និងសេវាកម្ម​អាមេរិក​ដូចជាប្រព័ន្ធ​ប្រតិបត្តិការ Android និង Windows ជាដើម។ អ្នកដឹកនាំជាន់ខ្ពស់​ម្នាក់​របស់ Huawei លោក Richard Yu បាន​លើកឡើងក្នុងបទសម្ភាសន៍មួយជាមួយនឹង​សារពត៌មានអាឡឺម៉ង់ Die Welt ថា៖ “យើង​បាន​រៀបចំ​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្ទាល់ខ្លួនរបស់យើង ប្រសិន​បើ​ថ្ងៃណាមួយយើងមិនអាចប្រើប្រាស់ប្រព័ន្ធ​ទាំង​អស់នោះបានទេ យើង​ត្រៀមខ្លួនរួចជាស្រេចហើយ និង​មាន​ផ្លូវ​ក្រោយរបស់យើង។

គម្រោង​ប្រព័ន្ធ​ប្រតិបត្តិ​ការផ្ទាល់ខ្លួនរបស់ Huawei នេះ​ត្រូវបាន​លេចឮថា Huawei ចាប់ផ្ដើម​ធ្វើតាំងតែពីឆ្នាំ​២០១២ម្លេះ ក្រោយមានការ​ស៊ើបអង្កេត​ពីសហរដ្ឋអាមេរិក​ទៅលើក្រុមហ៊ុនចិនរកស៊ីនៅអាមេរិកខាងបច្ចេកវិទ្យា Huawei និង ZTE ហើយបើតាមសារពត៌មាន South China Morning Post បានឱ្យដឹង​ថា Huawei នៅតែបន្តរធ្វើ​និង​អភិវឌ្ឍ​រហូត​។

នេះគ្រាន់តែ​ជាផ្លូវក្រោយរបស់ Huawei ប៉ុណ្ណោះ​ ប៉ុន្តែ​ Huawei នៅតែបង្ហាញជំហរ​ជឿរជាក់យ៉ាង​មុតមាំទៅលើប្រព័ន្ធប្រតិបត្តិការ​ Android ដោយតំណាងក្រុមហ៊ុន លោក Richard បាន​លើកឡើងថាចង់ធ្វើការ​ជាមួយនឹង​ប្រព័ន្ធ Ecosystem របស់ Google និង Microsoft ជាងការ​ឈោងទៅចាប់​របស់ថ្មី។

មិនថាតែទូរស័ព្ទស្មាតហ្វូននោះទេ Huawei ក៏បានអភិវឌ្ឍ​រួច​រាល់នូវប្រព័ន្ធ​ប្រតិបត្តិការសម្រាប់កុំព្យូទ័រ ប៉ុន្តែ​អាចនឹង​ត្រូវ​ការ Processors ខុសពី Intel ដើម្បីប្រើប្រាស់។ ជាមួយគ្នានេះដែរ Huawei ក៏បានសាកល្បង​ធ្វើតេស្តប្រព័ន្ធ​ប្រតិបត្តិការនៅលើនាឡិការឆ្លាតវៃរបស់ខ្លួន​។

គូសបញ្ជាក់ថាក្នុងរយៈកាលចុងក្រោយនេះ Huawei ឧស្សាហ៍មានបញ្ហារជាមួយនឹង​រដ្ឋាភិបាលអាមេរិក ស្របពេលដែលអាមេរិកនិង​ចិនកំពុងមានសង្គ្រាម​ពាណិជ្ជកម្មផងនោះ រហូត​មានការ​ហាមមិនឱ្យលក់ស្មាតហ្វូនរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក។ មិនបានចូលទីផ្សារអាមេរិកសោះ Huawei លក់ទូរស័ព្ទ Mate 20 របស់ខ្លួនអស់ដល់ទៅ១០លានគ្រឿង៕

អត្ថបទដោយ៖ ខុន សក្ក័ដា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES