អនាគតទៅអ្នកចង់ចេញរកស៊ីផ្នែកបច្ចេកវិទ្យាកាន់តែស្រួលហើយ ដោយសារក្រសួង​ធ្វើរឿងបួននេះវ

អាជីវកម្មបង្កើតថ្មីនៅកម្ពុជាកំពុងតែមានសភាពល្អ ដោយគេសង្កេត​ឃើញមានក្រុមហ៊ុនបង្កើតថ្មីកំពុងតែកកើតច្រើន ខណៈដែលក្រុមហ៊ុនដែលទទួលទុនវិនិយោគ​ខ្ទង់លានដុល្លារ​ក៏ចាប់ផ្ដើម​មានឡើងនៅក្នុងស្រុកផងដែរ។

ស្របពេលជាមួយគ្នានេះដែរ ដើម្បីពន្លឿន​ធុរកិច្ចចាប់ផ្ដើមថ្មី ឱ្យកាន់តែមានសន្ទុះទៅមុខលឿនរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ បានដាក់ចេញជាផែនការមួយចំនួន ផ្ដល់ភាពងាយស្រួលសម្រាប់អាជីវម្មចាប់ផ្ដើមថ្មី ដោយមាន​៤ចំណុចដូចខាង​ក្រោមនេះ។

១. ការរៀបចំបង្កើត​ធនាគារ SMEs ៖ ខាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុមានគម្រោង​នឹង​បង្កើត​ធនាគារ​សម្រាប់សហគ្រាស​ធុនតូចនិងមធ្យម ជាពិសេស​សម្រាប់​វិស័យអាទិភាព​មួយចំនួន ដូចជាវិស័យ​បច្ចេកវិទ្យា​ និង​គមនាគមន៍។

២. ការបង្កើត​មូលនិធិអភិវឌ្ឍន៍ជំនាញ៖ ក្រសួង​នឹង​បង្កើត​មូលនិធិ​អភិវឌ្ឍ​ជំនាញក្នុងគោលបណង​កាត់បន្ថយ​គម្លាតជំនាញតាមរយៈការបង្កើនការផ្គត់ផ្គង់ជំនាញដែលមានតម្រូវការខ្ពស់ ដោយក្នុង​នោះបើតាម​សុន្ទរកថា​របស់​ឯកឧត្តម អគ្គបណ្ឌិត​សភាចារ្យ​ អួន ព័ន្ធមុនីរ័ត្ន ថ្លែង​នៅក្នុងសិក្ខាសិលាថ្នាក់ជាតិ​ស្ដីពី “គោលនយោបាយ​ និង​ទិសដៅនៃសេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​នៅថ្ងៃទី​១២មីនា ឆ្នាំ២០១៩នេះ បានឱ្យដឹង​ថាវិស័យជាអាទិភាព រួមមានវិស័យកម្មន្ត​សាល សំណង់ បច្ចេកវិទ្យា និង​គមនាគមន៍ អេឡិចត្រូនិក ទេសចរណ៍ ជាដើម។

៣. ការបង្កើត​មជ្ឈមណ្ឌល​បណ្ដុះធុរកិច្ចថ្មី “តេជោ”៖ មជ្ឍមណ្ឌលធុរកិច្ច​ថ្មីនេះត្រូវបានបង្កើតឡើង​ក្នុងគោលបំណង​គាំទ្រ​ដល់ការ​បង្កើត​ធុរកិច្ចថ្មីៗ លើផ្នែកបច្ចេកវិទ្យា ដែលគេនិយមហៅថា Tech Startup នោះ។

៤. ការបង្កើត​មូលនិធីអភិវឌ្ឍន៍សហគ្រិនភាព៖ គោលបំណង​សម្រាប់មូលនិធិនេះ គឺធ្វើការ​កៀរគរ វិនិយោគ និង​ក្រប់គ្រង​ទុនពីគ្រប់ប្រភពស្របច្បាប់នានា សម្ដៅជម្រុញការអភិវឌ្ឍន៍ប្រព័ន្ធ​អេកូឡូសី​សហគ្រិនភាព តាមរយៈការទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ និង​មិនមែនហិរញ្ញវត្ថុ សម្រាប់ផ្ដល់ការគាំទ្រ​ជូនដល់សហគ្រិន សហគ្រាស​ធុនតូច​ និង​មធ្យម ធុរកិច្ចបង្កើត​ថ្មី និង​ស្ថាប័នដៃគូរ​ដែលធ្វើសកម្មភាពនវានុវត្តន៍និង បង្កើតតម្លៃ​បន្ថែមក្នុងសេដ្ឋកិច្ច៕

អត្ថបទដោយ៖ ខុន សក្ក័ដា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES