ឆ្ងល់អត់ ហេតុអ្វីស្មាតហ្វូនចិនថោកៗម៉ាស៊ីនធំ ប្រើលឿនបានតែដំបូងក៏ធ្លាក់ម៉ាស៊ីនវិញ?

មិនមែននិយាយបង្អាប់ស្មាតហ្វូនចិនទេ ព្រោះខ្ញុំអ្នកសរសេរអត្ថបទនេះក៏កំពុងប្រើស្មាតហ្វូនចិនដែរ ប៉ុន្តែមនុស្សភាគច្រើនលើកឡើងថា របស់ចិនប្រើមិនបានយូរទេ ម៉ាស៊ីនធំពិតមែនតែប្រើបានតែមួយរយៈក៏ធ្លាក់ល្បឿនម៉ាស៊ីនទៅវិញ​ ការពិតទៅបញ្ហានេះច្រើនតែកើតឡើងលើស្មាតហ្វូនចិនដែលមានតម្លៃខ្ទង់ ២០០ ដុល្លារ ឬទាបជាងនេះ  មិនមែនកើតឡើងលើស្មាតហ្វូនប្រភេទ Flagship ដូចជា Oneplus តម្លៃខ្ទង់ ៦០០ ដុល្លារទេ ។

ដូចលោក Jonh Sey បាន Review ពី Redmi Note 7 អញ្ចឹង វាមានតម្លៃត្រឹមតែជាង ២០០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែវាមានរ៉េមដល់ទៅ ៤ ជីហ្កាបៃ កាមេរ៉ា ៤៨ មេហ្កាភិចស៊ែល ថ្មដល់ទៅ ៤០០០ មីលីអំពែម៉ោង ប៉ុន្តែអ្នកគិតថាវាអាចដើរលឿនបានយូរប៉ុណ្ណា? ហេតុផលគឺនៅខាងក្រោមនេះ ៖

១-ប្រើបន្ទះឈីប Mediatek

ខុសពី Samsung និង iPhone ដែលប្រើបន្ទះឈីបថ្លៃៗ ប៉ុន្តែស្មាតហ្វូនចិនសេរ៊ីទាបៗភាគច្រើនប្រើបន្ទះឈីប (Processor) ឬ CPU ផលិតដោយក្រុមហ៊ុន Mediatek ។ ហេតុផលនោះគឺ CPU ដែលផលិតដោយក្រុមហ៊ុន Mediatek មានតម្លៃថោក ព្រោះក្រុមហ៊ុននេះជាក្រុមហ៊ុនតៃវ៉ាន់ ដូច្នោះថ្លៃដឹកជញ្ជូនអស់តិច ប៉ុន្តែបន្ទះឈីបចេញពី Mediatek មិនសូវធានាអាយុកាលប៉ុន្មានទេ វាដើរលឿនបានតែពេលថ្មីប៉ុណ្ណោះ ប៉ុន្តែនៅពេលវាឡើងកម្តៅកាន់តែខ្លាំង វានឹងកាន់តែដើរយឺត ។

តែក៏សរសើរស្មាតហ្វូនចិនជំនាន់ក្រោយៗមួយចំនួនដែរបំពាក់ CPU ល្អៗដូចជា Huawei បំពាក់ Kirin និងស្មាតហ្វូនផ្សេងទៀតប្រើ Snapdragon ដែលមានសមត្ថភាពមិនចាញ់ Exynos របស់ Samsung និង A Chip របស់ Apple ប៉ុន្មានទេ ។

២-ប្រើរបស់ជំនាន់ចាស់ៗ

ជាយុទ្ធសាស្ត្ររកស៊ីរបស់ស្មាតហ្វូនចិនថោកៗ ដើម្បីរក្សាតម្លៃឲ្យនៅទាប គេបានប្រើគ្រឿងម៉ាស៊ីនជំនាន់ចាស់ៗ ដោយមិនគិតពីការវិត្តន៍នៃបច្ចេកវិទ្យាថ្មីទេ និយាយឲ្យស្រួលស្តាប់ថា ចិនធ្វើម៉េចឲ្យតែមើលទៅធំ ចំណែកជំនាន់ម៉ាស៊ីន ចិនមិនដែរខ្វល់ទេ ។

ឧទាហរណ៍ថា ស្មាតហ្វូនថ្លៃដូចជា iPhone និង Samsung ប្រើរ៉េមជំនាន់ចុងក្រោយទី ៤ ប៉ុន្តែស្មាតហ្វូនចិនប្រើត្រឹមតែរ៉េមជំនាន់ចាស់ទី ៣ ប៉ុណ្ណោះ ដូចនេះរ៉េម ៤ ជីហ្កាបៃរបស់ចិន ប្រហែលរ៉េម ២ ជីហ្កាបៃរបស់អាមេរិកប៉ុណ្ណោះ ។

មួយទៀតស្មាតហ្វូនចិនថោកៗច្រើនតែប្រើអេក្រង់សេរ៊ីចាស់ៗ LCD ដែលផលិតនៅកូរ៉េឬជប៉ុនដែលមានតម្លៃធូរថ្លៃ ខុសពីស្មាតហ្វូនថ្លៃៗដែលប្រើអេក្រង់សេរ៊ីថ្មីៗដូចជា OMLED និង IPS ដូចច្នោះអេក្រង់ស្មាតហ្វូនចិនមួយចំនួនប្រើបានបន្តិច មានអារម្មណ៍ថាពិបាកភ្នែកខ្លាំងណាស់ ប៉ុន្តែក៏មិនអាចបន្ទោសស្មាតហ្វូនចិនបានដែរ បើតម្លៃប៉ុណ្ណឹងតើអ្នកចង់បានប៉ុណ្ណា បើឲ្យរបស់ល្អៗតើគេបានចំណេញមកពីណា ។

៣-មិនសូវចំណាយលើថ្លៃស្រាវជ្រាវនិងអភិវឌ្ឍន៍

ទាំងអស់គ្នាច្រើនតែនិយាយថាស្មាតហ្វូនចិនពូកែចម្លងពី iPhone ណាស់ ជាពិសេសការរចនារូបរាងស្មាតហ្វូនហ្នឹងតែម្តង នោះក៏ព្រោះតែចិនកាត់បន្ថយចំណាយលើការស្រាវជ្រាវនិងអភិវឌ្ឍន៍អ្វីដែលថ្មី ដើម្បីរក្សាខ្ទង់តម្លៃទាបឲ្យអតិថិជន ព្រោះតែស្មាតហ្វូនចិនមិនសូវយកចំណេញច្រើនប៉ុន្មានទេ ធ្វើម៉េចឲ្យតែលក់បានច្រើន ។

នេះជាមូលហេតុដែលស្មាតហ្វូនចិនមើលមួយភ្លេតស្ទើរតែច្រឡំគ្នា មិនដឹងថាជាយីហោមួយណាឲ្យពិតប្រាកដ លើកលែងតែ Huawei ប៉ុណ្ណោះដែលបានផ្លាស់ប្តូរលឿនជាងគេ ដោយសារឆ្នាំ ២០១៨ នេះ Huawei បានចំណាយលុយលើថ្លៃស្រាវជ្រាវនិងអភិវឌ្ឍន៍ស្មើនឹងគូប្រកួតធំបីបូកបញ្ចូលគ្នាក្នុងមួយឆ្នាំ ។

ប៉ុន្តែសរុបមក ស្មាតហ្វូនចិនថោកក៏ធ្វើបានល្អដែរ ថ្វីត្បិតតែវាប្រើឆាបធ្លាក់ម៉ាស៊ីនពិតមែន ដោយសារតម្លៃខ្ទង់ ២០០ ដុល្លារសមល្មមអាចឲ្យអ្នកដែលមានលុយតិចប្រើបានមុខងារច្រើនគួរសម ដោយមិនបាច់ចំណាយលុយច្រើនលើម៉ាស៊ីនខ្លាំងៗជ្រុល ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES